ជាតិ
សង្គមជាតិ
របងក្បែរឆ្នេរអូរឈើទាល ត្រូវបានវាយកម្ទេចចោលវិញ ក្រោយសម្ដេច ហ៊ុន សែន អន្តរាគមន៍
09, Feb 2023 , 2:19 pm        
រូបភាព
របងក្បែរឆ្នេរអូរឈើទាល ត្រូវម្ចាស់ដីវាយកម្ទេច។ រូបពី បណ្ដាញសង្គម .jpg
របងក្បែរឆ្នេរអូរឈើទាល ត្រូវម្ចាស់ដីវាយកម្ទេច។ រូបពី បណ្ដាញសង្គម .jpg
អភិបាលរងខេត្តព្រះសីហនុ អះអាងថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋបាលពិនិត្យមើលរបងថ្ម ដែលសង់ក្បែរឆ្នេរអូរឈើទាល ដោយតម្រូវឲ្យកម្ទេចចោលវិញ។

 
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗថា របងដែលសង់ក្បែរឆ្នេរ អូរឈើទាល ត្រូវបានវាយកម្ទេចហើយ កាលពីល្ងាចថ្ងៃទី៨កុម្ភៈ។ របងនេះ គឺវាយប៉ែកខាងក្រោយ ដើម្បីកែលម្អ សោភ័ណភាពឆ្នេរ។ 
 
ក្នុងកិច្ចសម្ភាសន៍លោក ឡុង ឌីម៉ង់ បានលើកឡើងបែបនេះ៖ «របងនោះ(របងសង់ក្បែរឆ្នេរអូរឈើទាល) ត្រូបបានម្ចាស់ដី រុះរើចេញហើយ គឺមួយផ្នែកនៃប៉ែកខាងសមុទ្រ នៅពេលបានការសម្របសម្រួលនិងជូនដំណឹង ពីរដ្ឋបាលខេត្ត ដែលកាលពីម្សិលមិញ សម្ដេច ហ៊ុន សែន លោកបានណែនាំ មករដ្ឋបាលខេត្តឲ្យចុះសម្របសម្រលជាមួយម្ចាស់ដី ដើម្បីឲ្យម្ចាស់ដីរុះរើរបងហ្នឹងចេញ»។ 
 
មុនឈានដល់ការវាយកម្ទេចនេះ មហាជនបានរិះគន់យ៉ាងខ្លាំង ដែលរបងនោះ បានសង់ក្បែរឆ្នេរ ប៉ះពាល់ដល់សោភ័ណភាព។ ពួកគេ ស្នើឲ្យរុះរើ រហូតដល់ដកកម្មសិទ្ធិដីធ្លីនោះទៀតផង ប៉ុន្តែពុំមានចំណាត់ការណាមួយគួរឲ្យកត់សម្គាល់ពីអាជ្ញាធរខេត្តឡើយ ខណៈដីនោះមានកម្មសិទ្ធិស្របច្បាប់។ លុះដល់សម្ដេច ហ៊ុន សែន ចេញអន្តរាគមន៍ទើបមានការរុះរើចេញ៕ 
 
 

Tag:
 ព្រះសីហុន
  ឆ្នេរសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com