ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ ទទួលបានជំនួយជាង៤០លានដុល្លារពីចិន លើគម្រោងផ្លូវដែក
10, Feb 2023 , 4:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ចាប់ដៃជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ក្នុងជំនួបការងារដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង  នាថ្ងៃទី១០កុម្ភៈ។ រូបថត៖ ផេកហ្វេសប៊ុក សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ចាប់ដៃជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ក្នុងជំនួបការងារដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង នាថ្ងៃទី១០កុម្ភៈ។ រូបថត៖ ផេកហ្វេសប៊ុក សម្តេច ហ៊ុន សែន
រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណងដល់កម្ពុជា ចំនួន៣០០លានយ័ន(ប្រមាណ៤៤លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងផ្លូវដែក។ ជំនួយនេះត្រូវបានលើកឡើងដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិននៅចំពោះមុខសម្តេច ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១០កុម្ភៈនេះ។

 
ការចុះផ្សាយរបស់សម្តេច ហ៊ុន សែន លើទំព័រហ្វេសប៊ុក បានបញ្ជាក់ថា ជំនួយឥតសំណង៤៤លានដុល្លារដែលកម្ពុជាបានពីចិនចំពោះគម្រោងផ្លូវដែកនេះ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ 
 
ពាក់ព័ន្ធនឹងគម្រោងផ្លូវដែក កាលពីថ្ងៃទី១៣មករា ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានជំរុញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យពន្លឿនការសិក្សាលើគម្រោងធ្វើរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅព្រះសីហនុ និងពីភ្នំពេញ ទៅប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ។​ ការធ្វើទំនើបកម្មផ្លូវដែកទាំង២ខ្សែ គឺដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន។​
 
កន្លងមក​ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានអះអាងថា កម្ពុជា មាននឹងមានផ្លូវដែកល្បឿនលឿនទាំងពីរខ្សែ​នេះ នាពេលខាងមុខ។​ លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ៖ «បច្ចុប្បន្ន រថភ្លើងអាចបើកក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ កន្លែងខ្លះ អាចបាន៥០ និង៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ យឺតណាស់! អ៊ីចឹងយើងលើកផ្លូវដែកនេះ ឱ្យក្លាយជាផ្លូវដែកដូចឡាវ ដែលអាចរត់១៦០គីឡូម៉ែត្រក្នុងមួយម៉ោង»៕
 

Tag:
 ផ្លូវដែក
© រក្សាសិទ្ធិដោយ thmeythmey.com