អន្តរជាតិ
កូនស្រីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសលាលែងតំណែងជាទីប្រឹក្សាឪពុក ក្រោយរងការរិះគន់
13, Feb 2023 , 5:09 pm        
រូបភាព
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងកូនស្រីរបស់ខ្លួន លោកស្រី Nurul Izzah Anwar។ រូបភាព AFP
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងកូនស្រីរបស់ខ្លួន លោកស្រី Nurul Izzah Anwar។ រូបភាព AFP
លោកស្រី Nurul Izzah Anwar កូនស្រីរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានប្រកាសលាលែងពីតំណែងជាទីប្រឹក្សាឪពុករបស់ខ្លួន ក្រោយមានបញ្ហាចម្រូងចម្រាស និងការរិះគន់ជុំវិញមុខតំណែងមួយនេះ។



លោកស្រី Nurul Izzah Anwar ដែលជាកូនស្រីរបស់លោក លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់នាយករដ្ឋមន្រ្តី។ បើតាមលោកអាន់វ៉ា​ តំណែងមួយនេះ មិនទទួលបានប្រាក់បៀវត្សនោះទេ ហើយក៏មិនមានអំណាចក្នុងការគ្រប់គ្រងដោយផ្ទាល់លើគម្រោង ឬផ្តល់សំណើលើការងារណាមួយដោយខ្លួនឯងផ្ទាល់ឡើយ។
 
បើទោះមានការអះអាងបែបនេះក៏ដោយ ការតែងតាំងលោកស្រី Nurul Izzah Anwar នៅតែប្រឈមនឹងការរិះគន់ក្រុមប្រឆាំងដដែល។ ក្រោយមានបញ្ហាចម្រូងចម្រាសបែបនេះ លោកស្រី Nurul Izzah បានប្រកាសលាលែងពីតំណែងជាជាទីប្រឹក្សាឪពុករបស់ខ្លួន និងចូលរួមក្នុងក្រុមទីប្រឹក្សារបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុវិញ។ 
 
«លោក Mohd Hassan បានអញ្ជើញខ្ញុំចូលរួមក្នុងក្រុមទីប្រឹក្សាពិសេស ដើម្បីជួយពង្រឹងសេដ្ឋកិច្ចប្រទេស និងប្រជាជន»។​ កូនស្រីរបស់លោកអាន់វ៉ា បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១២ ខែកុម្ភៈ ដោយបន្តថា​ លោកស្រី នៅតែទទួលខុសត្រូវ និងពេញចិត្តចំពោះឱកាស ដែលផ្តល់ឱ្យដើម្បីកសាងអនាគតម៉ាឡេស៊ី។ 
 
ដោយបង្ហាញពីការយល់ឃើញបែបសុទិដ្ឋិនិយម កូនស្រីរបស់មេដឹកនាំម៉ាឡេស៊ីរូបនេះ បានបង្ហាញក្តីសង្ឃឹមថា រាល់សេវ៉ា ដែលត្រូវបានផ្តល់ឱ្យក្រោមការដឹកនាំរបស់ខ្លួន នឹងផ្តល់ប្រយោជន៍ឱ្យប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama។
 
កន្លងមក លោកអាន់វ៉ា បានប្រាប់សារព័ត៌មាន The Star ថា កូនស្រីរបស់លោក មិនមានតួនាទីក្នុងការគ្រប់គ្រងលើគម្រោងណាមួយនោះទេ ប៉ុន្តែគ្រាន់តែមកជួយការងារលោកប៉ុណ្ណោះ។ បើតាមលោកអាន់វ៉ា ប្រសិនលោកស្រី Nurul Izzah មកជួយលោក ដោយមិនទទួលបានតំណែងអ្វីមួយ ប្រជាជននឹងឆ្ងល់ពីបំណងរបស់នាង ហើយវាអាចធ្ងន់ធ្ងរជាងនេះទៅទៀត។
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី ក៏បានឆ្លើយតបនឹងអ្នករិះគន់លោកផង ដោយលោក អាន់វ៉ា បានអះអាងថា បុគ្គលខ្លះមិនសមនឹងរិះគន់លោកឡើយ ខណៈពួកគេទាំងនោះ បានផ្តល់កិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ជាច្រើនដល់កូនៗរបស់ខ្លួន៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com