អន្តរជាតិ
អាម៉េរិកថាមិនបានបង្ហោះបាឡុងចូលក្នុងដែនអាកាសចិនដូចការចោទឡើយ
14, Feb 2023 , 11:49 am        
រូបភាព
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន ។ រូបភាព AP និង AFP
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន ។ រូបភាព AP និង AFP
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានបដិសេធការចោទប្រកាន់ពីសំណាក់ក្រុងប៉េកាំង ជុំវិញការបង្ហោះបាឡុងចូលក្នុងដែនអាកាសចិន នៅរយៈកម្ពស់ខ្ពស់ច្រើនជាង១០លើក។



ក្រសួងការបរទេសចិន នៅថ្ងៃទី១៣ ខែកុម្ភៈ បានអះអាងថា អាម៉េរិកបានបង្ហោះបាឡុងចូលដែនអាកាសខ្លួនច្រើនជាង១០លើក ដោយគ្មានការអនុញ្ញាត ចាប់តាំងពីឆ្នាំ២០២២។ បាឡុងទាំងនោះ សុទ្ធតែហោះក្នុងកម្ពស់ខ្ពស់។ យ៉ាងណាមិញ ក្រសួងការបរទេសចិន មិនបានបញ្ជាក់ពីប្រភេទនៃបាឡុងនោះឡើយ ថាតើវាជាបាឡុងចារកិច្ចឬយ៉ាងណា។ 
 
ក្រោយការចោទប្រកាន់នេះ អាម៉េរិក បានច្រានចោល និងនិយាយការពារថា គ្មានបាឡុងអាម៉េរិកណាមួយហោះក្នុងដែនអាកាសចិនឡើយ។ 
 
«យើងមិនបានបង្ហោះបាឡុងស៊ើបអង្កេតលើចិនឡើយ»។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានសង្កត់ធ្ងន់បែបនេះទៅកាន់អ្នកសារព័ត៌មាន ក្នុងថ្ងៃទី១៣ ខែកុម្ភៈ ក្រោយការចោទប្រកាន់ចិន។ មន្រ្តីសេតវិមានរូបនេះ បានបន្តថា លោកមិនបានដឹងឡើយជុំវិញ វត្តមានវត្ថុណាមួយដែលត្រូវបានបង្ហោះដោយអាម៉េរិក ទៅក្នុងដែនអាកាសចិន។
 
នៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយទៀត ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកស្រី Wendy Sherman បានបញ្ជាក់ថា គ្មានបាឡុងអាម៉េរិកណាមួយហោះនៅពីលើចិននោះទេ។ 
 
ក្នុងថ្ងៃទី១៣ ខែកុម្ភៈ យោធាអាម៉េរិក បានផ្តល់ព័ត៌មានមួយចំនួនទាក់ទិននឹងបាឡុងចិនដែលអាម៉េរិក បានបាញ់ទម្លាក់នៅដើមខែកុម្ភៈកន្លងមក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាការដ្ឋានខាងជើងរបស់យោធាអាម៉េរិក បានបង្ហាញថា កងកម្លាំងបានរកឃើញបំណែកដ៏សំខាន់នៃបាឡុង ក្នុងនោះរួមទាំងឧបករណ៍ចាប់សញ្ញា (Sensor) និងឧបករណ៍អេឡិចត្រូនិច។ 
 
ក្រោយពីការបាញ់ទម្លាក់បាឡុងចិន អាម៉េរិក ក៏បានបាញ់ទម្លាក់វត្ថុហោះដែលមិនអាចកំណត់អត្តសញ្ញាណបាន(UFO) ចំនួន៣ ផ្សេងទៀតផងដែរ។ យ៉ាងណាមិញ វត្ថុដែលត្រូវបានអាម៉េរិកបាញ់ទម្លាក់ក្រោយនោះ មិនទាន់ដឹងពីព័ត៌មានច្បាស់លាស់នៅឡើយ ថាតើវាត្រូវបានផលិតដោយនរណា ឬប្រើប្រាស់ក្រោមហេតុផលចារកិច្ចឬយ៉ាងណា។ 
 
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃដដែល លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានធានាចំពោះប្រជាជនខ្លួនថា វត្ថុដែលមិនអាចកំណត់អត្តសញ្ញាណបាននោះ មិនអាចបង្កការគំរាមកំហែងយោធា ចំពោះប្រជាជនរបស់ខ្លួនឡើយ។ យ៉ាងណាមិញ មកទល់ពេលនេះ អាម៉េរិក មិនទាន់រកឃើញបំណែកវត្ថុទាំង៣នោះឡើយ៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com