លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា បញ្ហាប្រឈមធំមួយដែលកសិករធ្វើស្រែជួបប្រទះ គឺបញ្ហាប្រាក់ចំណេញ។ «កសិករខ្លះ ធ្វើស្រែសម្រាប់តែបរិភោគ គាត់មិនសូវខ្វល់រឿងចំណេញឬខាតទេ។ ប៉ុន្តែមានកសិករជាច្រើន ផលិតស្រូវសម្រាប់លក់ ដើម្បីបានប្រាក់ចំណេញ និងសងបំណុលផ្សេងៗ»។ នេះជាការបញ្ជាក់របស់លោក យ៉ង សាំងកុមារ ដោយបន្តថា អ្វីដែលលោកត្រូវយកចិត្តទុកដាក់ គឺជំរុញឱ្យកសិករផលិតស្រូវឱ្យបានច្រើន មានថ្លៃដើមទាប និងទីផ្សារមានស្ថិរភាព។
ការធ្វើស្រែរបស់ប្រជាកសិករនៅតែជួបបញ្ហានៅពេលប្រមូលផល។ ជាក់ស្ដែង កាលពីចុងឆ្នាំ២០២២ កសិករជាច្រើន បានសម្រុកប្រមូលផលស្រូវក្នុងពេលតែមួយ ដែលធ្វើឱ្យតម្លៃស្រូវធ្លាក់ថ្លៃ។ ជុំវិញបញ្ហានេះ លោក យ៉ង សាំងកុមារ អះអាងថា កន្លងមកមានតួអង្គជាច្រើនបានធ្វើការពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម ផលិតកម្ម និងទីផ្សារស្រូវអង្ករ។
រូបភាពពីលោក យ៉ង សាំងកុមារ
បើតាមរដ្ឋលេខាធិការរូបនេះ ការសហការគ្នារវាងកសិករផលិតស្រូវ, ភាគីរោងម៉ាស៊ីន, ឈ្មួញកណ្ដាល, អ្នកផ្គត់ផ្គង់ជី និងពូជ នៅមានការខ្វះខាតច្រើន។ លោក យ៉ង សាំងកុមារ បន្តថា ដើម្បីឱ្យកសិករ និងភាគីរោងម៉ាស៊ីន ចុះសម្រុងគ្នា គឺត្រូវធ្វើការជាមួយរោងម៉ាស៊ីន ដោយក្ដោបឱ្យច្បាស់ពីបរិមាណស្រូវដែលរោងម៉ាស៊ីនទទួលទិញ។
បណ្ឌិតកសិកម្មរូបនេះ លើកឡើងបែបនេះ៖ «យើងត្រូវដឹងថារោងម៉ាស៊ីនត្រូវការស្រូវប៉ុន្មានតោន ហើយពូជអ្វី។ បន្ទាប់មកទើបទំនាក់ទំនងជាមួយកសិករ តើកសិករណាខ្លះផលិតពូជអ្វី ហើយផ្សារភ្ជាប់ជាមួយរោងម៉ាស៊ីន ដែលតួអង្គអាចធ្វើការជាមួយគ្នា ដោយកំណត់ស្ដង់ដារ, ពូជ, គុណភាព និងបរិមាណជាដើម»។
រូបភាពពីលោក យ៉ង សាំងកុមារ
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ កសិករគួរដាំពូជណាដែលទីផ្សារត្រូវការ។ ជាមួយគ្នានេះ រោងម៉ាស៊ីន ក៏ត្រូវមានភាពច្បាស់លាស់ ដោយមានកិច្ចសន្យាជាមួយកសិករក្នុងការប្រមូលទិញស្រូវពូជណាមួយ។ ការណ៍ធ្វើបែបនេះ ជួយសម្រួលដល់រោងម៉ាស៊ីនឱ្យទទួលបានពូជសុទ្ធល្អ ដើម្បីងាយស្រួលចូលក្នុងទីផ្សារ។
អ្នកជំនាញកសិកម្ម លោក យ៉ង សាំងកុមារ បញ្ជាក់ថា កន្លងមក ការនាំចេញទៅក្រៅប្រទេស មានបញ្ហាដោយសារគុណភាពពូជ និងស្ដង់ដារភាពសុទ្ធរបស់ស្រូវធ្លាក់ចុះ។ ដូច្នេះទាមទារឱ្យកសិករជ្រើសរើសពូជសមស្រប និងមិនលើកទឹកចិត្តកសិករឱ្យទុកពូជច្រើនជំនាន់ឡើយ។
ដោយមើលឃើញពីទុកលំបាករបស់កសិករ រដ្ឋលេខាធិការរូបនេះ មានបេសកកម្មជួយគាំទ្រ ដែលភ្ជាប់ទំនាក់ទំនងជាមួយរោងម៉ាស៊ីន និងកសិករផលិតស្រូវចំណី រួមទាំងស្រូវពូជ។ លោក យ៉ង សាំងកុមារ ត្រូវការពេល៥ឆ្នាំ ដើម្បីឱ្យគម្រោងនេះ ជោគជ័យនៅទូទាំងប្រទេស៕