អន្តរជាតិ
ចិន នឹងចាប់ផ្តើមផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់ប្រជាជនកូរ៉េខាងត្បូងឡើងវិញ
15, Feb 2023 , 8:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ចិន នឹងចាប់ផ្តើមផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់ប្រជាជនកូរ៉េខាងត្បូងឡើងវិញ បន្ទាប់ពីក្រុងសេអ៊ូល លែងរឹតត្បិតការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរខ្លួន។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតចិននៅក្រុងសេអ៊ូលក្នុងថ្ងៃទី១៥ ខែកុម្ភៈ។



មួយរយៈមុន ចិន និងកូរ៉េខាងត្បូង រួមទាំងជប៉ុនផង បានដាក់ការរឹតត្បិតលើអ្នកដំណើររៀងៗខ្លួន ក្រោមចិនបានបើកប្រទេស និងលុបចោលគោលនយោបាយគ្មានជំងឺកូវីដ-១៩ នៅក្នុងប្រទេស។ បន្ទាប់ពីអនុវត្តបានមួយរយៈ កូរ៉េខាងត្បូង សម្រេចលុបចោលការរឹតត្បិតការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរចិន ដែលធ្វើឱ្យក្រុងប៉េកាំងសាទរយ៉ាងខ្លាំង។
 
ដោយក្រុងសេអ៊ូលសម្រេចលុបចោល ចិន ក៏បានប្រកាសផ្តល់ដល់អ្នកដំណើរកូរ៉េខាងត្បូងឡើងវិញផងដែរ។ តាមរយៈបណ្តាញសង្គម WeChat នៅថ្ងៃទី១៥ ខែកុម្ភៈ ស្ថានទូតចិនប្រចាំនៅក្រុងសេអ៊ូលថា នឹងចាប់ផ្តើមផ្តល់ទិដ្ឋាការដល់ជនជាតិកូរ៉េខាងត្បូងឡើងវិញសម្រាប់ធុរកិច្ច និងកិច្ចការឯកជន ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
ការសម្រេចចិត្តរបស់ចិនខាងលើ ជាជំហានដ៏វិជ្ជមានមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ កន្លងមក អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានសាទរចំពោះចំណាត់ការរបស់កូរ៉េខាងត្បូង និងចាត់ទុកជាការដើរលើផ្លូវត្រូវផងដែរ។
 
ក្រោយចិនលុបចោលគោលនយោបាយគ្មានជំងឺកូវីដ-១៩ និងបើកប្រទេសឡើងវិញ ប្រទេសជាច្រើនដូចជាអាម៉េរិក និងជប៉ុន បានសម្រេចរឹតត្បិតលើអ្នកដំណើរមកពីចិន៕ 
 

Tag:
 ចិន
  កូរ៉េខាងត្បូង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com