ជាតិ
អន្តរជាតិ
លោកបៃឌិនថា អាម៉េរិកនឹងមិនសុំទោសចំពោះការបាញ់ទម្លាក់បាឡុងចិនឡើយ
17, Feb 2023 , 3:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១៦ ខែកុម្ភៈ បានអះអាងថា អាម៉េរិក នឹងមិនសុំទោសចិននោះទេ ចំពោះការបាញ់ទម្លាក់បាឡុងដែលហោះចូលដែនអាកាសខ្លួន។ ទន្ទឹមនេះ លោក បៃឌិន ក៏ចង់ជជែកជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង ជុំវិញបាឡុងហោះនោះ។



ទំនាក់ទំនងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន កាន់តែមានភាពល្អក់កករ ដោយសារបាឡុងរបស់ចិនហោះចូលដែនអាកាសអាម៉េរិក។ បើទោះមានការបញ្ជាក់ក្រោមហេតុផលស៊ីវិលពីសំណាក់ក្រុងប៉េកាំងក៏ដោយ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅតែបញ្ជាឱ្យមានការបាញ់ទម្លាក់ដោយសារយល់ឃើញថា ជាបាឡុងចារកិច្ច។ 
 
ក្នុងសុន្ទរកថាលើកដំបូងក្រោយបាញ់ទម្លាក់បាឡុងនៅថ្ងៃទី៤ ខែកុម្ភៈ លោកបៃឌិន រំពឹងចង់ជជែកជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង ដើម្បីជជែកពីបញ្ហាបាឡុង ដោយអះអាងជាថ្មីថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមិនស្វះស្វែងរកសង្រ្គាមត្រជាក់ជាមួយក្រុងប៉េកាំងឡើយ។ យ៉ាងណាមិញ មេដឹកនាំអាម៉េរិករូបនេះថា នឹងមិនសុំទោសចិន។​
 
«ខ្ញុំមិនសុំទោសសម្រាប់ការបាញ់ទម្លាក់បាឡុងនោះទេ»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ចំណាត់ការរបស់អាម៉េរិក គឺធ្វើឡើងដើម្បីការពារផលប្រយោជន៍ និងសន្តិសុខរបស់ប្រជាជនអាម៉េរិក។ មេដឹកនាំរូបនេះ បានថ្លែងយ៉ាងច្បាស់ៗថា រាល់វត្ថុណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពប្រជាជន អាម៉េរិកនឹងបាញ់ទម្លាក់ចោល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ក្រោយបាញ់ទម្លាក់បាឡុង អាម៉េរិកក៏បានបាញ់ទម្លាក់វត្ថុចំនួន៣ទៀត ដែលមិនអាចកំណត់អត្តសញ្ញាណបានផងដែរ។ ជុំវិញបញ្ហានេះ ប្រធានាធិបតីអាម៉េរិក បានបែងចែកពីភាពខុសគ្នារវាងបាឡុងចិន និងវត្ថុចំនួន ៣នោះ។ បើតាមលោកបៃឌិន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនទាន់អាចកំណត់អត្តសញ្ញាណវត្ថុទាំងនោះច្បាស់លាស់ឡើយ ហើយលោកក៏បានច្រានចោលការពាក់ព័ន្ធរបស់ចិនក្នុងរឿងនេះផងដែរ។ 
 
ត្រង់ចំណុចនេះ ប្រធានាធិបតីអាម៉េរិក បានទាញការសន្និដ្ឋានថា សហគមន៍ចារកិច្ច បានវាយតម្លៃក្នុងពេលបច្ចុប្បន្នថា វត្ថុទាំងនោះទំនងមានពាក់ព័ន្ធនឹងក្រុមហ៊ុនឯកជន និងគម្រោងស្រាវជ្រាវណាមួយ។ 
 
គួររំឭកថា មុនការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិកមួយថ្ងៃ អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកស្រី Wendy Sherman និយាយថា នឹងធ្វើការដើម្បីបន្តរក្សាការទំនាក់ទំនងជាមួយចិន បើទោះមានបញ្ហចម្រូងចម្រាសជុំវិញបញ្ហាបាឡុង។ ការរក្សាទំនាក់ទំនងនេះ ធ្វើឡើងដើម្បីគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរកុំឱ្យរាលដាល៕ 

 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com