អន្តរជាតិ
អាស៊ាន ជាដៃគូដ៏សំខាន់បំផុតមួយរបស់ជប៉ុនទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ
21, Feb 2023 , 9:29 pm        
រូបភាព
នាយករងផ្នែកកិច្ចការតំបន់របស់ក្រសួងការបរទេសជប៉ុន លោក Yazawa Hideki។ រូបភាពយកពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រសួងការបរទេសជប៉ុន
នាយករងផ្នែកកិច្ចការតំបន់របស់ក្រសួងការបរទេសជប៉ុន លោក Yazawa Hideki។ រូបភាពយកពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រសួងការបរទេសជប៉ុន
នាយករងផ្នែកកិច្ចការតំបន់របស់ក្រសួងការបរទេសជប៉ុន លោក Yazawa Hideki នៅថ្ងៃទី២១ ខែកុម្ភៈ បានបញ្ជាក់យ៉ាងច្បាស់ថា អាស៊ានជាផ្នែកមួយដ៏សំខាន់បំផុតរបស់ជប៉ុនទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។ បើតាមមន្រ្តីជប៉ុនរូបនេះ ដោយសារតែភាគីទាំងពីរ មានទំនាក់ទំនងដ៏សំខាន់ ទើបជប៉ុនស្វះស្វែងរកការអភិវឌ្ឍកម្រិតទំនាក់ទំនងជាមួយអាស៊ានបន្ថែមទៀត។



ក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២១ ខែកុម្ភៈ​ បានរៀបចំសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូរយៈពេល ២ម៉ោង ជុំវិញទំនាក់ទំនងអាស៊ាន និងជប៉ុន ស្របពេលដៃគូទាំងពីរមានកិច្ចសហប្រតិបត្តិការ និងមិត្តភាពរយៈពេល ៥០ឆ្នាំ។ ក្នុងសន្និសីទសារព័ត៌មាននេះ លោក Yazawa Hideki នាយករងផ្នែកកិច្ចការតំបន់របស់ក្រសួងការបរទេសជប៉ុន បានចាត់ទុកអាស៊ាន ជាដៃគូដ៏សំខាន់មួយរបស់ខ្លួន។ 
 
«អាស៊ាន ជាផ្នែកមួយដ៏សំខាន់បំផុតរបស់ជប៉ុនទាំងផ្នែកសេដ្ឋកិច្ច សន្តិសុខ និងផ្នែកផ្សេងទៀត»។ លោក Yazawa បានឆ្លើយតបបែបនេះ ទៅកាន់សំណួររបស់អ្នកសារព័ត៌មានថ្មីៗជុំវិញការដំឡើងកម្រិតទំនាក់ទំនងរវាងជប៉ុន និងអាស៊ាន ទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ 
 
ក្នុងពេលបច្ចុប្បន្ន ជប៉ុន មានកម្រិតទំនាក់ទំនងជាមួយអាស៊ានត្រឹមភាពជាដៃគូយុទ្ធសាស្រ្តប៉ុណ្ណោះ បើទោះកិច្ចសហប្រតិបត្តិរវាងភាគីទាំងពីរល្អលើគ្រប់វិស័យក៏ដោយ។
 
ទន្ទឹមនេះ មន្រ្តីក្រសួងការបរទេសជប៉ុនរូបនេះ បានបន្តថា ដោយសារទំនាក់ទំនងរវាងដៃគូទាំងពីរមានភាពសំខាន់ ទើបជប៉ុនស្វះស្វែងរកការដំឡើងកម្រិតទំនាក់ទំនងជាមួយអាស៊ាន។ 
ដោយទំនាក់ទំនងការទូតរវាងអាស៊ាន និងជប៉ុនឈានចូល ៥០ឆ្នាំ រដ្ឋាភិបាលក្រុងតូក្យូ គ្រោងរៀបចំកិច្ចប្រជុំពិសេសមួយជាមួយសមាជិកអាស៊ាននៅក្រុងតូក្យូក្នុងខែធ្នូខាងមុខ ដើម្បីអបអរទំនាក់ទំនងភាគីទាំងពីរ។
 
មិនតែប៉ុណ្ណោះ លោក Yazawa ក៏បានលើកឡើងពីភាពតានតឹងនៃភូមិសាស្រ្តនយោបាយផងដែរ។ បើតាមមន្រ្តីជប៉ុន រដ្ឋាភិបាលក្រុងតូក្យូ នឹងមិនជំរុញឱ្យអាស៊ានជ្រើសយកភាគីណាមួយឡើយ ប៉ុន្តែជប៉ុន និងផ្តោតលើកិច្ចសហប្រតិបត្តិការ ការងារ និងក្តីបារម្ភរួម។ 
 
គួររំឭកថា នៅចុងខែមករា​ កន្លងទៅ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាស៊ាន លោក Masahiko Kiya បានប្រាប់សារព័ត៌មាន Nikkei Asia ថា ជប៉ុន កំពុងពិចារណាយ៉ាងម៉ត់ចត់លើការដំឡើងកម្រិតទំនាក់ទំនងរវាងខ្លួនជាមួយអាស៊ាន ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ឱ្យដូចអាម៉េរិក និងឥណ្ឌាដែរ។ អាម៉េរិក និងឥណ្ឌា បានទទួលឋានៈមួយនេះ នៅក្នុងឆ្នាំ២០២២ កន្លងទៅ៕
 
 
 

Tag:
 អាស៊ាន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com