អន្តរជាតិ
លោកបៃឌិនថា អាម៉េរិក នឹងគាំទ្រអ៊ុយក្រែនប្រឆាំងរុស្ស៊ីដោយមិនរាថយ
22, Feb 2023 , 11:22 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅវិមាន Royal Castle ប៉ូឡូញ នៅថ្ងៃទី២១ ខែកុម្ភៈ។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅវិមាន Royal Castle ប៉ូឡូញ នៅថ្ងៃទី២១ ខែកុម្ភៈ។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២១ ខែកុម្ភៈ បានសន្យាគាំទ្រអ៊ុយក្រែន ដោយមិនរាថយ និងមិនឱ្យរុស្ស៊ីទទួលជ័យជម្នះនៅអ៊ុយក្រែនឡើយ។ ទន្ទឹមនេះ លោកបៃឌិន ក៏បានឆ្លើយតបនឹងសម្តីរបស់លោកវ្ល៉ាឌីមៀ ពូទីនផងថា លោកខាងលិច មិនបានព្យាយាមគ្រប់គ្រងរុស្ស៊ីឡើយ។



ក្រោយបំពេញទស្សនកិច្ចនៅក្រុងកៀវ ដោយមិនបានប្រកាសជាមុន លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានធ្វើសន្និសីទសារព័ត៌មានមួយនៅប៉ូឡូញក្នុងថ្ងៃទី២១ ខែកុម្ភៈ ដើម្បីប្រកាសពីការគាំទ្រអ៊ុយក្រែន ស្របពេលសង្រ្គាមឈានចូលរយៈពេលមួយឆ្នាំ។ សន្និសីទនេះ ធ្វើឡើងក្រោយសុន្ទរកថារបស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីតែប៉ុន្មានម៉ោងប៉ុណ្ណោះ។​
 
«វាគ្មានការសង្ឃ័យឡើយ។ ការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែន នឹងមិនរាថយនោះទេ។ អង្គការណាតូ នឹងមិនបែកបាក់ ហើយយើងក៏មិនអស់កម្លាំងដែរ»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខអ្នកចូលរួមជាច្រើននាក់ នៅវិមាន Royal Castle ដោយបន្តថា នៅពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន វាមិនមែនជាការសាកល្បងត្រឹមអ៊ុយក្រែនប៉ុណ្ណោះឡើយ។ ត្រង់ចំណុចនេះ លោកបៃឌិន បានបន្ថែមថា ពិភពលោកនឹងប្រឈមបញ្ហាលំបាកជាច្រើន ខណៈអឺរ៉ុប ក៏ត្រូវបានសាកល្បងដែរ។ 
 
ទន្ទឹមនេះ ប្រធានាធិបតីអាម៉េរិក បានតបនឹងសុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ីផង ដែលបានចោទលោកខាងលិចថា ធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង។ បើតាមលោកបៃឌិន លោកខាងលិច មិនបានព្យាយាមគ្រប់គ្រង ឬវាយប្រហាររុស្ស៊ីនោះទេ ហើយប្រជាជនរុស្ស៊ីជាច្រើនលាននាក់ ចង់រស់នៅប្រកបដោយសន្តិភាព។ 
 
ជុំវិញបញ្ហានេះ លោកបៃឌិន បានចាត់ទុកសង្រ្គាមនៅអ៊ុយក្រែន មិនមែនជារឿងចាំបាច់ឡើយ ហើយវាជារឿងសោកនាដកម្ម ដែលលោកពូទីនបានជ្រើសយកសង្រ្គាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NPR។ 
 
បន្ថែមពីនេះ ប្រធានាធិបតីអាម៉េរិក បានចោទរុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយគ្មានភាពអៀនខ្មាស ហើយផ្តោតការវាយប្រហារលើប្រជាជនស៊ីវិល តាមរយៈការសម្លាប់ និងការបំផ្លិចបំផ្លាញ។ 
 
ខណៈលោកប្រធានាធិបតីបៃឌិន កំពុងបំពេញទស្សនកិច្ចនៅក្រុងកៀវ ក្រសួងការបរទេសអាម៉េរិក បានប្រកាសផ្តល់ជំនួយដល់អ៊ុយក្រែនចំនួន ៤៥០លានដុល្លារ ក្នុងនោះមានដូចជាគ្រាប់កាំភ្លើងធំ ប្រព័ន្ធការពាររថពាសដែក ប្រព័ន្ធរ៉ាដាការពារអាកាស និងការជួយស្តាររចនាសម្ព័ន្ធវិស័យថាមពលជាដើម។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន កាន់តែមានភាពតានតឹង និងអាចរីកសាយបានគ្រប់ពេល។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ី បានព្យួរសន្ធិសញ្ញា New Start ជាមួយអាម៉េរិកថែមទៀត។ នេះ ជាសន្ធិសញ្ញាតែមួយគត់ ដែលក្រុងមូស្គូ មានជាមួយក្រុងវ៉ាស៊ីនតោន ក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ៕ 
 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
  ប៉ូឡូញ
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com