កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ទ្រីយ៉ាត្លុង៖ សុម៉ាវត្តី បារម្ភត្រីពពុះទឹក«Jellyfish»អាចបង្កគ្រោះថ្នាក់ នៅស៊ីហ្គេម២០២៣
09, Mar 2023 , 8:59 am        
រូបភាព
កញ្ញា ថន សុម៉ាវត្តី កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា បង្ហាញក្តីបារម្ភអំពីបញ្ហាអាកាសធាតុ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសត្វក្នុងសមុទ្រដែលមានឈ្មោះត្រីពពុះទឹក ឬ Jellyfish។ សុម៉ាវត្តី អះអាងចំៗថា Jellyfish រំខានដល់ការហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ហើយសត្វដ៏គ្រោះថ្នាក់នេះ អាចធ្វើឱ្យអត្តពលិកបោះបង់ការប្រកួតក៏ថាបាន។



ត្រីពពុះទឹក (Jellyfish) ជាសត្វសមុទ្រម្យ៉ាងដែលមានរាងសថ្លា ក្បាលដូចនឹងឆ័ត្រ សាច់ដូចជាចាហួយ ដែលបង្កជារមាស់នៅពេលប៉ះវា ហើយវាអាចបញ្ចេញពឹសបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។ បញ្ហាបង្កឡើងដោយត្រីពពុះទឹកនេះ កញ្ញា សុម៉ាវត្តី ធ្លាប់ជួបប្រទះ និងធ្លាប់បានរងរបួសដោយសារតែប៉ះចំសត្វនេះអំឡុងពេលហ្វឹកហាត់។ 



«ខ្ញុំផ្ទាល់បានប៉ះ Jellyfish កាលពីអំឡុងពេលហ្វឹកហាត់ កន្លងទៅ។ និយាយទៅពេលយើងប៉ះភ្លាម គឺវាបញ្ចេញពឹសដាក់យើងភ្លាម ដោយវាបានបាញ់ពឹសចូលក្នុងដៃរបស់ខ្ញុំ ហើយយើងពិបាកទ្រាំនៅពេលត្រូវពឹសវា[…]។ ក្រោយប៉ះខ្ញុំបានហែលមកលើគោក ប៉ុន្តែនៅពេលប៉ះចំទឹកសាប វាបានធ្វើឱ្យដៃយើងប្រត្តិកម្ម ក្រហាយ រមាស់ និងរលៀកខ្លាំង។ ខ្ញុំត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ត្រឹមតែរយៈពេល ៥នាទីក្រោយឡើងពីទឹកសមុទ្រមក។»។ សុម៉ាវត្តីប្រាប់មកកាន់សារព័ត៌មានថ្មីៗក្នុងកិច្ចសម្ភាស៍បែបនេះ។
 
លើសពីនេះទៅទៀត កីឡាការិនីវ័យ ២០ឆ្នាំ ក៏បានបង្ហាញពីការព្រួយបារម្ភលើកត្តាបង្កឡើងដោយត្រីពពុះទឹកនេះ ដែលអាចធ្វើឱ្យឈានដល់ការបោះបង់ការប្រកួត ប្រសិនបើជួបប្រទះអំឡុងពេលប្រកួតស៊ីហ្គេម។ សុម៉ាវត្តីលើកឡើងដូច្នេះ៖«ថ្ងៃនៃការហ្វឹកហាត់ បើប៉ះយើងអាចឈប់ភ្លាមៗ ជាហានិភ័យខ្ពស់ដែលខ្ញុំពិបាកចិត្តខ្លាំងនោះគឺនៅថ្ងៃប្រកួត នៅពេលដែលយើងប៉ះយើងអាចនឹងឈប់ ឬមួយក៏អាចប្រឈមនឹងការបោះបង់ការប្រកួតក៏ថាបាន។»។
  


កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ ប្រភេទកីឡាជាច្រើនដែលកម្ពុជាបានសម្រេចដាក់បញ្ចូលរួចរាល់ កំពុងត្រូវបានអត្តពលិកតាមជំនាញនីមួយៗបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងដើម្បីឱ្យទទួលបានលទ្ធផលគាប់ប្រសើរ។ មិនខុសពីកីឡាករដទៃឡើយ​ អត្តពលិកជម្រើសជាតិកីឡាទី្រយ៉ាត្លុងកម្ពុជា ក៏កំពុងតែខិតខំហ្វឹកហាត់ខ្លាំងក្លាដើម្បីត្រៀមលក្ខណៈក្នុងការប្រកួតផងដែរ។ 
 
ទ្រីយ៉ាត្លុងជាប្រភេទកីឡាមួយដែលមានវិញ្ញាសារ ៣ រួមបញ្ចូលគ្នារូមមាន ហែលទឹក, ជិះកង់ និងរត់ ដែលកីឡានេះមានភាពខុសប្លែកពីកីឡាដទៃ មិនត្រឹមតែត្រូវការកម្លាំងកាយសម្បទាខ្លាំងរឹងមាំមួយមុខនោះទេ ក៏គួបផ្សំជាមួយបច្ចេកទេសសម្រាប់លេងក្នុងប្រភេទវិញ្ញាសារទាំង ៣ រួមជាមួយគ្នានេះដែរ។ 


 
ការរត់ ជិះកង់ មិនសូវមានបញ្ហាប្រឈមខ្លាំង បើធៀបទៅនឹងការហាត់ហែលទឹក ជាក់ស្តែងអត្តពលិកទ្រីយ៉ាត្លុងត្រូវប្រើលំហាត់ហែលទឹកក្នុងសមុទ្រឱ្យដូចទៅនឹងពេលប្រកួត។ ប៉ុន្តែជួនកាលដោយសារតែនៅក្នុងទឹកសមុទ្រមានបញ្ហាប្រឈមច្រើនដូចជាកត្តាសត្វសមុទ្រផ្សេងៗ ដែលអាចបង្កជាគ្រោះថ្នាក់អំឡុងពេលហ្វឹកហាត់ កត្តានេះបានរុញច្រានអត្តពលិក បង្វែការហ្វឹកហាត់ទាំងនោះទៅការធ្វើលំហាត់អាងហែលទឹកវិញ។ 
 
ជាក់ស្តែងជារឿយៗកត្តាអាកាសធាតុមិនអំណោយផល, ទឹករលកខ្លាំងៗ និង​ត្រីពពុះទឹក Jellyfish ដែលមានវត្តមានក្នុងសមុទ្រ បានបង្កផលប៉ះពាល់ និងរំខានដល់ការហ្វឹកហាត់សម្រាប់ក្រុមកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា។ 
 
«សម្រាប់ផលវិបាកនៃការហ្វឹកហាត់រាល់ថ្ងៃដែលពួកខ្ញុំជួប​ គឺនៅក្នុងសមុទ្រ។ ពិបាកត្រង់ខែខ្លះមានភ្លៀងជាមួយនឹងខ្យល់ ហានិភ័យខ្ពស់គឺទឹករលក និង Jellyfish។ Jellyfish វាបានផ្តល់ផលវិបាកខ្លាំងជាងគេ។» នេះជាការត្អូញត្អែររបស់សុម៉ាវត្តី៕

 
 

កីឡាការិនី ថន សុម៉ាវត្តី អំឡុងពេលកំពុងហ្វឹកហាត់កីឡាទ្រីយ៉ាត្លុងនៅឆ្នេរកែប
 
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com