អន្តរជាតិ
ប្រមុខការពារជាតិរុស្ស៊ី​ថា វត្តមានដ្រូនអាម៉េរិកនៅសមុទ្រខ្មៅ ជាសកម្មភាពបង្ករឿង
16, Mar 2023 , 3:59 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu (ខាងឆ្វេង) និងសមភាគីអាម៉េរិក លោក ឡយ អូស្ទីន។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu (ខាងឆ្វេង) និងសមភាគីអាម៉េរិក លោក ឡយ អូស្ទីន។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅថ្ងៃទី១៥ ខែមីនា បានជជែកតាមទូរសព្ទជាមួយសមភាគីអាម៉េរិក លោក ឡយ អូស្ទីន ជុំវិញបញ្ហាការធ្លាក់ដ្រូនអាម៉េរិកទៅក្នុងសមុទ្រខ្មៅ។ បើតាមប្រមុខការពារជាតិរុស្ស៊ី ការហោះហើររបស់ដ្រូនអាម៉េរិកនៅក្បែរឆ្នេរគ្រីមេ ជាសកម្មភាពបង្ករឿង។



យោធាអាម៉េរិក នៅថ្ងៃទី១៤ ខែមីនា បានចោទយន្តហោះចម្បាំងរុស្ស៊ីធ្វើឱ្យធ្លាក់ដ្រូនរបស់ខ្លួនចូលទៅក្នុងសមុទ្រខ្មៅ។ បញ្ហានេះ បានធ្វើឱ្យអាម៉េរិកតវ៉ាយ៉ាងខ្លាំង ខណៈរុស្ស៊ីថាខ្លួនមិនបានប៉ះពាល់ដ្រូនឡើយ តែការធ្លាក់ដ្រូនទៅក្នុងសមុទ្រខ្មៅ គឺដោយសារតែ បញ្ហាបច្ចេកទេស ដ្រូនMQ-9 របស់អាម៉េរិកដែលបានបាត់បង់ការគ្រប់គ្រងក្នុងការហោះហើរ។ 
 
ក្រោយហេតុការណ៍ខាងលើ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានជជែកតាមទូរសព្ទជាមួយសមភាគីអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី១៥ ខែមីនា។ នេះជាកិច្ចសន្ទនាលើកដំបូងរវាងភាគីទាំងពីរ បើគិតចាប់តាំងពីខែតុលា ឆ្នាំ២០២២ មក។ 
 
ប្រាប់សមភាគីអាម៉េរិក លោក Shoigu បានបកស្រាយថា ដើមហេតុនៃការធ្លាក់ដ្រូន គឺដោយសារអាម៉េរិក មិនបានគោរពការប្រកាសរបស់រុស្ស៊ីលើតំបន់រឹតត្បិតដែនអាកាស ដែលមានពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ត្រង់ចំណុចនេះ ប្រមុខការពារជាតិរុស្ស៊ី បានចាត់ទុកវត្តមានដ្រូន  MQ-9 ជាសកម្មភាពបង្ករឿង ដែលអាចបង្កឱ្យមានការរីកសាយភាពតានតឹងនៅលើសមុទ្រខ្មៅ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ទន្ទឹមនេះ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា​ ក្រុងមូស្គូ មិនចង់ឱ្យស្ថានការណ៍វិវដ្តទៅរកភាពអាក្រក់ឡើយ ហើយស្នើប្រទេសទាំងពីរអនុវត្តការទទួលខុសត្រូវឱ្យបានខ្ពស់បំផុត រួមទាំងការរក្សាប្រព័ន្ធទំនាក់ទំនងលើវិបត្តិ។ 
 
ចំណែករដ្ឋមន្រ្តីការពារជាតិអាម៉េរិក ក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៥ ខែមីនា បានបញ្ជាក់ជាថ្មីថា សកម្មភាពយន្តហោះចម្បាំងរបស់រុស្ស៊ី គឺពិតជាគ្រោះថ្នាក់ មិនត្រឹមត្រូវ និងខ្ជីខ្ជា ក្នុងដែនអាកាសអន្តរជាតិលើសមុទ្រខ្មៅ។ បើតាមលោកអូស្ទីន អាម៉េរិកនៅតែបន្តហោះហើរក្នុងតំបន់ ដែលច្បាប់អន្តរជាតិអនុញ្ញាត។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយទៀតនៅមន្ទីរបញ្ចកោណ លោក អូស្ទីន បានយល់ស្របដូចគ្នានឹងរុស្ស៊ីដែរ ដោយបានថ្លែងថា វាពិតជាចាំបាច់ណាស់ ក្នុងការរក្សាការទំនាក់ទំនងរវាងរុស្ស៊ី និងអាម៉េរិក ដើម្បីបង្កាការរីកសាយជម្លោះ។​
 
ក្រៅពីជំនួបរវាងប្រមុខការពាររុស្ស៊ី និងអាម៉េរិក នាយសេនាធិការ​កងទ័ព​អាមេរិក ​នាយឧ​ត្ត​ម​សេនីយ៍ Mark Milley ក៏បានជួបជាមួយសមភាគីរុស្ស៊ី លោក Valery Gerasimov ជុំវិញបញ្ហានេះផងដែរ៕ 
 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  ដ្រូន
© រក្សាសិទ្ធិដោយ thmeythmey.com