ជាតិ
រថយន្ត
​ឡាន​ ​​​ម៉ាក JEEP អាយុប្រមាណ៤០ឆ្នាំដ៏កម្រ មានវត្តមាន​​នៅវត្តភ្នំប្រសិទ្ធិត្រ័យត្រិង្ស ខេត្តកណ្តាល
02, Apr 2023 , 10:59 pm        
រូបភាព
កណ្តាល៖  ចៅ​អធិការ​វត្តភ្នំប្រសិទ្ធត្រ័យត្រិង្ស មាន​រថយន្ដ​បុរាណមួយគ្រឿង ​​​ម៉ាក JEEP ប្រភេទ CJ ម៉ូឌែល 7 ពណ៌​ត្រយូង​ចេក ផលិត​កាល​ពី​ប្រហែល​៤០​ឆ្នាំ​មុន។ វាត្រូវ​បាន​នាំ​​ចូល​ពី​សហរដ្ឋអាម៉េរិក ​ហើយមកដល់ពេលនេះវា​នៅតែ​បំពាក់​ផ្លាកលេខ​រដ្ឋ California។ ត្រូវ​បាន​កែច្នៃ​​​វា​ច្រើន​ដូចជា​ កែ​ទ្រង់ទ្រាយ​បន្តិច ដូរ​តាប្លូ ​និងចង្កូតដាក់របស់រថយន្ដម៉ាក KIA វិញ។ ដូរ​កៅអី​ទាំងខាងមុខ​ទាំង​ខាង​ក្រោយ។ ដូរ​កញ្ចក់​ឆ្លុះ​ចំហៀង​ទាំង​សងខាង ដូរ​កង់​សឺកួរ ថែម​ហ្វារចូល​​អាប់លើ​ដែក​កាង​ខាងមុខ ថែម​អង់តែន​ខាង​ក្រោយទាំង​សងខាង សម្រាប់សោភ័ណភាព ថែម​ពន្លឺ​ខ្លះៗលើ​ប៉ាណា និង​បិតស្កុតរូបសញ្ញា JEEP ។ ទូទាំង​ប្រទេស​កម្ពុជា កម្រមាន​រថយន្ដ JEEP CJ ណាស់។

 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
ក្រុម​ហ៊ុនអាម៉េរិកាំង WILLYS-Overland បាន​បង្កើតម៉ាក JEEP ឆ្នាំ​១៩៤១ ដោយ​លោក WILLYS John ។ JEEP CJ ត្រូវបានចាប់ផ្ដើមផលិតឆ្នាំ១៩៤៤។ ក៏​ប៉ុន្តែ ពីឆ្នាំ​១៩៦៣ ទៅឆ្នាំ១៩៧០ ត្រូវបាន​ផ្ទេរ​ការ​ផលិត​ទៅឱ្យ​ក្រុមហ៊ុន KAISER​​​ ហើយ​ឆ្នាំ​១៩៧១ ទៅ​ឱ្យ​ក្រុមហ៊ុន AM ដែលបញ្ចប់ផលិត JEEP CJ ​ឆ្នាំ១៩៨៦។ រយៈពេល៤២ឆ្នាំ មានឡាននេះត្រូវបាន​ផលិតឡើងជាង ១ ៥០០០ ០០០គ្រឿង។ ​​អក្សរកាត់ CJ មាន​ន័យ​ថា ​​Civilian JEEP។ ដូច្នេះ​គឺ​ជា​ឡានសម្រាប់ជនស៊ីវិល ខណៈរថយន្ដ JEEP ប្រភេទ​ដើម គឺជា​ឡាន​សម្រាប់យោធា។ វា​បង្វិល​កង់ទាំ​ង៤ ដើម្បី​ជិះ​លើ​ផ្លូវមាន​ឧបសគ្គ ឬក្រៅ​ផ្លូវ។ JEEP CJ-7 ត្រូវបានផលិត​ចំនួន៣៧៩ ២៩៩ គ្រឿង ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨៦។​ ពី​ដើម​វាមាន​ទម្ងន់​ត្រឹម ១ ២២៨គីឡូក្រាម​ និង​បណ្ដោយ ៣៧៦សង់ទីម៉ែត្រ។ ​​​​​ JEEP បានចូល​ក្នុង​ក្រុម​សម្ព័ន្ធបារាំង​អ៊ីតាលី​អាម៉េរិកាំង STELLANTIS ប្រមាណ ១០​ឆ្នាំ​​មក​ហើយ ៕
 











Tag:
 ឡានបុរាណ
 យានយន្ត
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com