ជាតិ
សង្រ្កាន្តឆ្នាំថ្មី
រដ្ឋាករស្វយ័តរថយន្តក្រុងត្រៀមបុគ្គលិកជាង ៥០០នាក់ ​បម្រើ​សេវា​ដល់​ពលរដ្ឋឥតគិតថ្លៃនៅថ្ងៃចូលឆ្នាំ
12, Apr 2023 , 4:44 pm        
រូបភាព
រូបភាពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
រូបភាពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
ភ្នំពេញ៖ នៅថ្ងៃទី១៣ មេសានេះ រថយន្ត​ក្រុងសាធារណៈ​ចំនួន ៣៤៥គ្រឿង​ នឹង​​ធ្វើចរាចរណ៍​ក្នុង​រាជធានីភ្នំពេញ និង​ធ្វើ​ដំណើរ​ទៅកាន់ខេត្ត​ចំនួន ១៨ សម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​ស្រុក​កំណើតឥតគិតថ្លៃ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ។ ក្នុង​បេសកកម្មនេះ កែវ ចាន់ណារិទ្ធ អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈរថយន្តក្រុង បាន​ត្រៀម​បុគ្គលិកជាង ៥០០នាក់ សម្រាប់​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​។



លោក កែវ ចាន់ណារិទ្ធ អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈរថយន្តក្រុង បាន​ប្រាប់សារព័ត៌មាន​ Thmey Thmey 25 ថា នៅថ្ងៃ​ស្អែកនេះ ឡាន​ក្រុង​សាធារណៈ នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​ស្រុក​កំណើត​ដោយ​ឥតគិតថ្លៃ នៅតាម​គោល​ដៅ​ដែល​បាន​គ្រោងទុក។ «សម្រាប់​កិច្ច​ប្រតិបត្តិការនៅថ្ងៃស្អែក ខាង​រដ្ឋាករ​ដឹក​ជញ្ជូន​ បាន​ត្រៀម​រួច​រាល់​អស់​ហើយ​ ទាំង​ចំនួន​រថយន្ត​ និង​កម្លាំង​បើកបរ​ក៏​បាន​ណែនាំរួច»។ នេះជាការ​បញ្ជាក់​របស់​លោក ណារិទ្ធ ដោយបន្តថា តៃកុង​ឡាន​ទាំង​អស់ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ និង​ត្រូវ​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅកាន់គោលដៅ ដោយ​សុវត្ថិភាព។ 
  

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង។ រូបភាពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង​
 
ក្នុង​ឆ្នាំ​២០២៣នេះ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​របស់​ពលរដ្ឋនៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ រដ្ឋបាល​រាជធានីភ្នំពេញ បាន​ត្រៀម​រថយន្ត​ក្រុង​ចំនួន ៣៤៥គ្រឿង សម្រាប់​ដឹកពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា។ រថយន្តក្រុង​ទាំង ៣៤៥គ្រឿងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​បែង​ចែក ៧០គ្រឿងសម្រាប់​ដឹក​ជញ្ជូនពលរដ្ឋ​នៅ​រាជធានីភ្នំពេញ។ ចំណែក ២៧៥គ្រឿង​ទៀតសម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​ធ្វើ​ដំណើរ​ពីរាជធានីភ្នំពេញ​ទៅ​កាន់​បណ្ដាខេត្ត​មួយចំនួន។
 
បើតាម​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈរថយន្តក្រុង ក្នុង​បេសកកម្ម​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​ស្រុកកំណើតនេះ រដ្ឋាករស្វយ័ត​បាន​ត្រៀម​តៃកុងឡានជិត ៤០០នាក់ និង​បុគ្គលិកជួយសម្រួលជាង១០០នាក់ផងដែរ។ រថយន្ត​ដែល​ចាប់ផ្ដើម​ដឹក​ពលរដ្ឋ​នៅថ្ងៃស្អែក ជាឡាន​ក្រុង​ធំ និង​តូច មាន១៤កៅអី និង​ពី៣៥-៤០កៅអី។
  

រថយន្តក្រុងថ្មី សម្រាប់ដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃ។ រូបភាពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
 
លោក កែវ ចាន់ណារិទ្ធ បន្តថា៖ «ការ​ដឹក​ជញ្ជូននេះ ជួយ​សម្រួល​បន្ទុក​ពលរដ្ឋ​ខ្លាំង​មែនទែន។ មួយទៀត គឺងាយស្រួលធ្វើដំណើរ ព្រោះ​ឡាន​ធំទូលាយ មិនដឹក​លើស​ចំណុះ។ ជាពិសេសជាប្រភេទឡានថ្មី និង​មាន​ភាព​ត្រជាក់»។ 
 
ការ​ផ្ដល់​សេវា​ដឹក​ជញ្ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃនេះ មិន​ទាន់បាន​គ្រប់​ខេត្ត​ក្រុង​នោះឡើយ ពោលគឺនៅខ្វះខេត្ត​ប៉ៃលិន, កោះកុង, ព្រះវិហារ, រតនគិរី, មណ្ឌលគិរី និង​ឧត្តរ​មាន​ជ័យ។ ចំពោះ​បញ្ហា​នេះ លោក កែវ ចាន់ណារិទ្ធ សង្ឃឹម​ឆ្នាំ​ក្រោយរដ្ឋាករស្វយ័តនឹង​ពិចារណា​ផ្ដល់​សេវា​ឱ្យ​បាន​គ្រប់ខេត្តក្រុង។ 
  

រថយន្តក្រុង សម្រាប់ដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃ។ រូបភាពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
 
«តាម​ពិត​ចំណុចនេះ យើង​ទទួល​បាន​សំណូម​ពរ​ពី​ប្រជាពលរដ្ឋ​ដែរ។ នៅខេត្តមួយចំនួន​ ហាក់​នៅឆ្ងាយ និង​មាន​អ្នក​ជិះ​តិចតួច។ ប៉ុន្តែខ្ញុំ​គិត​ថា​ បេសកកម្ម​លើក​ក្រោយ​ បើ​មាន​ឱកាស​យើង​នឹង​ពិចារណា ដាក់​ឱ្យ​បាន​គ្រប់២៥​ខេត្ត-រាជធានី​តែម្ដង ដើម្បី​បម្រើជូន​ប្រជាពលរដ្ឋ​»។ លោក ណារិទ្ធ អះអាង​ដូច្នេះ។​
 
ជាមួយ​គ្នានេះ លោកអភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​ សន្យា​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​គោលដៅ​ដោយ​សុវត្ថិភាព។ លោក កែវ ចាន់ណារិទ្ធ ក៏​បាន​អំពាវនាវ​ដល់ពលរដ្ឋ​ទុកដាក់ និង​វេចខ្ចប់សំរាម​នៅ​លើ​រថយន្ត​ឱ្យ​បាន​ត្រឹមត្រូវផងដែរ​៕ 

អត្ថបទទាក់ទង
 
 

Tag:
 រថយន្ត​ក្រុង​
 ចូលឆ្នាំ​
  សង្រ្កាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com