ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ពលរដ្ឋជិត១ម៉ឺននាក់ សម្រុកជិះឡានក្រុងសាធារណៈ ទៅសៀមរាប នៅ​ថ្ងៃទី១៣មេសា
14, Apr 2023 , 11:30 am        
រូបភាព
ពលរដ្ឋជិះឡានក្រុងសាធារណៈនៅចំណតឡានឫស្សីកែវ ថ្ងៃទី១៣មេសា ឆ្នាំ២០២៣។
ពលរដ្ឋជិះឡានក្រុងសាធារណៈនៅចំណតឡានឫស្សីកែវ ថ្ងៃទី១៣មេសា ឆ្នាំ២០២៣។
បាត់ដំបង៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​បញ្ជាក់ថា ថ្ងៃទីមួយ​នៃការដឹ​ក​ជញ្ជូនពលរដ្ឋ ដោយឥតគិតថ្លៃ តាមឡានក្រុមសាធារណៈ គឺមានពលរដ្ឋជិត១ម៉ឺននាក់ បាន​សម្រុក​ជិះទៅខេត្តសៀមរាប។

 
 
នាពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន នាខេត្ត​សៀម​រាប នៅព្រឹកថ្ងៃទី១៤មេសានេះ សម្ដេច ហ៊ុន សែន បានកត់សម្គាល់ឃើញ​ពីភាពរីក​ចម្រើន ​ដ៏សម្បូរបែបនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នូល អមជាមួយ​នឹងមធ្យោបាយធ្វើដំណើរ​​របស់ប្រជាជន។ ហេតុនេះ ពលរដ្ឋអាចធ្វើដំណើរទៅគ្រប់ខេត្តក្រុង ដោយងាយស្រួល។ 
 
ដើម្បីជួយសម្រួលដល់ការធ្វើដំណើរពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំនេះ រដ្ឋាភិបាលត្រៀម ឡានក្រុងសាធារណៈ៣៤៥គ្រឿង សម្រាប់ដឹកពួកគេទៅស្រុកកំណើត និងកន្លែងកម្សាន្តនានា​។ ជុំវិញការធ្វើដំណើរតាមឡានក្រុងសាធារណៈនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូចនេះ៖ «ម្សិលមិញនេះ(ថ្ងៃទី១៣ មេសា) ដឹកជិត១ម៉ឺននាក់ ឆ្ពោះទៅ​កាន់ខេត្តសៀមរាប។ នោះហើយជាមធ្យោបាយ សម្រាប់ផ្ដល់​ឱកាសដល់ប្រជាពលរដ្ឋ ទទួលការសប្បាយរីករាយនាពេលចូលឆ្នាំ ទន្ទឹមនឹងទីផ្សារប្រេងឥន្ធនៈឡើងថ្លៃ»។ 
 
ឡានក្រុងសាធារណៈ សម្រាប់ទៅខេត្តសៀមរាប រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តរហូតដល់១០០គ្រឿង ខណៈចូលឆ្នាំខេត្តនេះ មានអង្គរសង្រ្កាន្ត រួមទាំងកម្មវិធីប្រពៃណីជាច្រើនទៀតនៅទីនោះ។ ឡានទាំងនេះ នឹងដឹកអ្នកធ្វើដំណើរចាប់ពីថ្ងៃទី១៣ ដល់ទី១៧ មេសា ទៅតាមបណ្ដាខេត្តក្រុមនានា ដើម្បីជួបជុំគ្រួសារ និងកម្សាន្ត។ ក្នុង​បេសកកម្ម ​ដឹក​ជញ្ជូន​សាធារណៈតាមរថយន្តក្រុងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​ត្រៀម​បុគ្គលិកជាង ៥០០នាក់ សម្រាប់​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​៕ 
 
អត្ថបទទាក់ទង
 
 
 
 

Tag:
 ឡានក្រុងសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com