អន្តរជាតិ
ប្រជាជនថៃ ២,៤លាននាក់រកការព្យាបាលតាមមន្ទីរពេទ្យ ដោយសារតែការបំពុលខ្យល់
20, Apr 2023 , 4:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ប្រជាជនថៃប្រមាណ២,៤លាននាក់ បានរកការព្យាបាលនៅមន្ទីរពេទ្យ ស្របពេលដែល ប្រទេសនេះរងការបំពុលខ្យល់ចាប់តាំងពីដើមឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់មន្រ្តីសុខាភិបាលថៃ នៅថ្ងៃទី១៩ ខែមេសា។



ក្រុងបាងកក និងក្រុងឈៀងមៃ ស្ថិតនៅក្នុងចំណោមទីក្រុងជាច្រើន ដែលមានការបំពុលខ្យល់ខ្លាំងបំផុតនៅក្នុងពិភពលោក នៅព្រឹកថ្ងៃទី២០ ខែមេសា។ នេះបើតាមទិន្នន័យពីវេបសាយត្រួតពិនិត្យគុណភាពខ្យល់ IQAir។ 
 
បញ្ហាកខ្វក់ខ្យល់បែបនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនថៃយ៉ាងខ្លាំង។ តាមការបញ្ជាក់របស់លោក Opas Karnkawinpong លេខាធិការអចិន្រ្តៃយ៍នៃនាយកដ្ឋានសុខភាពសាធារណៈនៅថ្ងៃទី១៩ ខែមេសា បញ្ហាគុណភាពខ្យល់កខ្វក់ បានធ្វើឱ្យប្រជាជនចំនួន ២,៤លាននាក់ ស្វះស្វែងរកការព្យាបាលជំងឺនៅមន្ទីរពេទ្យ ចាប់តាំងពីដើមឆ្នាំ២០២៣មក។ 
 
បើតាមមន្រ្តីសុខាភិបាលថៃ គ្រាន់តែនៅសប្តាហ៍នេះ ប្រជាជនចំនួន១៨៤៤៦៤នាក់ បានទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ។ ជំងឺ ដែលប្រជាជនថៃជួបប្រទះមានដូចជា បញ្ហាផ្លូវដង្ហើម, ការរលាកស្បែក, ការរលាកភ្នែក និងឈឺកជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ដោយមានបញ្ហាការបំពុលខ្យល់បែបនេះ អាជ្ញាធរថៃ បានជំរុញឱ្យប្រជាជនពាក់ម៉ាស់ N95, បិទបង្អួច និងទ្វារ រួមទាំងកាត់បន្ថយការចេញក្រៅ ឬធ្វើលំហាត់ប្រាណនៅក្រៅផ្ទះ។ 
 
ថៃជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលតែងប្រឈមនឹងបញ្ហាកខ្វក់ខ្យល់ក្នុងប្រទេស។ បញ្ហាកខ្វក់ខ្យល់ បានក្លាយជាប្រធានបទដ៏ក្តៅមួយសម្រាប់បក្សនយោបាយ នៅមុនការបោះឆ្នោតសភានៅថ្ងៃទី១៤ ខែឧសភាខាងមុខ។ 
 
កន្លងមក ប្រជាជនថៃ ដែលរស់នៅក្នុងខេត្តឈៀងមៃ បានដាក់ពាក្យបណ្តឹងលើលោកប្រាយុទ្ធ ចន្ទអូចា ដែលបរាជ័យក្នុងការដោះស្រាយបញ្ហាភាគល្អិតមាននៅក្នុងខ្យល់ PM2.5 នៅក្នុងខេត្តនេះ ចាប់ពីខែមករា ដល់ខែកុម្ភៈ។ យ៉ាងណាមិញ តុលាការរដ្ឋបាលឈៀងមៃ បានច្រានចោលពាក្យបណ្តឹងនោះ៕ 
 
 

Tag:
 ថៃ
  ការបំពុលខ្យល់
© រក្សាសិទ្ធិដោយ thmeythmey.com