ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំង១០នាក់ សារភាពកំហុស និងសុំសម្តេច ហ៊ុន សែន ជួយឲ្យបានចេញពីពន្ធនាគារ
07, May 2023 , 10:19 pm        
រូបភាព
អ្នកប្រឆាំង១០នាក់ សុំទោសចេញពីពន្ធនាគារទៅកាន់សម្តេច ហ៊ុន សែន។ រូបពីវីដេអូដែលផ្សាយដោយ Fresh News
អ្នកប្រឆាំង១០នាក់ សុំទោសចេញពីពន្ធនាគារទៅកាន់សម្តេច ហ៊ុន សែន។ រូបពីវីដេអូដែលផ្សាយដោយ Fresh News
អ្នកជាប់ឃុំ១០នាក់ ដែលសុទ្ធតែជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានបបួលគ្នាចេញមកសារភាពកំហុស ទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយសុំឲ្យសម្តេចជួយពួកគេ ដើម្បីបានចេញពីពន្ធនាគារ ទៅរស់នៅជួបជុំគ្រួសារវិញ។



សំណើរបស់អ្នកប្រឆាំងទាំង១០នាក់នោះ ទៅកាន់សម្តេច ហ៊ុន សែន ធ្វើឡើងតាមរយៈវីដេអូ ដែលពួកគេថតរួមគ្នាក្នុងពន្ធនាគារព្រៃស ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានហ្វ្រេសញូ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ ក្រៅពីវីដេអូ ពួកគេ នៅមានលិខិតសុំទោសមួយច្បាប់ម្នាក់ថែមទៀត ដែលផ្ញើជូនសម្តេចនាយករដ្ឋមន្រ្តី។ សម្តេច ក៏បានបោះវីដេអូនិងលិខិតសុំទោសរបស់ពួកគេ ចូលទៅក្នុងតេឡេក្រាមរបស់សម្តេចដែរ។ 
 
លោក គង់ ម៉ាស់ អ្នកប្រឆាំងម្នាក់ ក្នុងចំណោមពួកគេទាំង១០នាក់ និយាយតំណាងក្រុមថា ពួកគេ ព្រមទទួលយកកំហុស ដែលបានជឿលើការអូសទាញរបស់អតីតគណបក្សប្រឆាំង រហូតធ្វើឲ្យពួកគេធ្លាក់ខ្លួនបែបនេះ។ ជួសមុខឲ្យអ្នកប្រឆាំង៩នាក់ទៀតជាគ្នីគ្នា លោក គង់ ម៉ាស់ សន្យាជាមួយប្រមុខរដ្ឋាភិបាលដូច្នេះថា៖«ពួកខ្ញុំ នឹងមិនធ្វើតាមមនោគមវិជ្ជារបស់គណបក្សប្រឆាំងទៀតទេ ​ហើយនឹងកែខ្លួនធ្វើជាពលរដ្ឋល្អ ដើម្បីបម្រើការងារសង្គម និងប្រយោជន៍ជាតិ»។ 
 
ជាលទ្ធផល លោក គង់ ម៉ាស់ ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានលើកលែងទោស តាមរយៈរាជក្រឹត្យ ដោយមានសម្តេចនាយករដ្ឋមន្រ្តី ជាអ្នកក្រាបបង្គំថ្វាយសុំទៅព្រះអង្គ។ រីឯ អ្នកប្រឆាំង៩នាក់ទៀត គេ មិនទាន់ដឹងព័ត៌មានថា បាននៅក្រៅឃុំដែរ ឬយ៉ាងណានោះទេ។ អ្នកទាំង៩នាក់នោះ គឺ លោក វ៉ន សាវណ្ណ លោក ធុយ វី លោក ឆុន​ ប៊ុនឆាត លោក ឧ រឹម លោក ចាន់ សារ៉ាត់ លោក ណុប វ៉ុន លោក ប៉េង សុខា លោក វ៉ន ឡេង និងលោក សាន សៅរី។  
 
មួយរយៈចុងក្រោយ អ្នកប្រឆាំងដែលជាប់ឃុំ បានចេញមកបន្តបន្ទាប់គ្នា សុំទោសទៅកាន់សម្តេច ហ៊ុន សែន និងសុំឲ្យសម្តេចជួយធ្វើអន្តរាគមន៍ ដើម្បីបានចេញពីពន្ធនាគារ។ ដូចចិត្តមែន អ្នកទាំងនោះ ដូចជា លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាដើម សុទ្ធតែទទួលបានលទ្ធផលវិជ្ជមាន គឺបានចេញពីពន្ធនាគារវិញ៕ 
 

Tag:
 អ្នកប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com