អន្តរជាតិ
លោកទ្រូដូ ប្តេជ្ញាមិនឱ្យប្រទេសណាមួយសម្លុតខ្លួនឡើយ ក្រោយបណ្តេញមន្រ្តីទូតចិន
10, May 2023 , 11:55 am        
រូបភាព
នាយករដ្ឋមន្រ្តីកាណាដា លោក  ចាស្ទីន ទ្រូដូ។ រូបភាព AFP
នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ។ រូបភាព AFP
នាយករដ្ឋមន្រ្តីកាណាដា លោក  ចាស្ទីន ទ្រូដូ នៅថ្ងៃទី៩ ខែឧសភា បានបញ្ជាក់យ៉ាងច្បាស់ៗថា កាណាដា នឹងមិនអនុញ្ញាតឱ្យមានប្រទេសណាមួយគំរាមសម្លុតមកលើខ្លួនឡើយ។ ការអះអាងរបស់ប្រមុខរដ្ឋាភិបាលកាណាដាបែបនេះ ធ្វើឡើងក្រោយប្រទេសមួយនេះ និងចិន បានប្រកាសបណ្តេញមន្រ្តីទូតទៅវិញទៅមក។



មួយរយៈចុងក្រោយនេះ ទំនាក់ទំនងរដ្ឋាភិបាលក្រុងអូតាវ៉ា និងក្រុងប៉េកាំង មិនសូវល្អឡើយ ក្រោយប្រទេសទាំងពីរ បានបណ្តេញមន្រ្តីទូតជាន់ខ្ពស់ទៅវិញទៅមក ជុំវិញការសម្លុតលើសមាជិកសភាកាណាដាលើការរិះគន់ការបង្រ្កាបជនជាតិភាគតិចវីហ្គ័ររបស់ចិន។ 
 
ក្រោយការបណ្តេញមន្រ្តីទូតកាណាដានៅក្រុងសៀងហៃពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ជាការសងសឹក ប្រមុខរដ្ឋាភិបាលក្រុងអូតាវ៉ា បានប្តេជ្ញាមិនអនុញ្ញាតឱ្យមានការសម្លុតពីប្រទេសណាមួយឡើយ។
 
«មិនថាជម្រើសបន្ទាប់ដែលពួកគេ(ចិន)សម្រេចជាអ្វីទេ យើងនឹងមិនឱ្យមានការសម្លុតជាដាច់ខាត»។ លោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា បា​នបញ្ជាក់បែបនេះទៅកាន់អ្នកសារព័ត៌មាន នៅក្នុងរដ្ឋធានី អូតាវ៉ា ក្នុងថ្ងៃទី៩ ខែឧសភា ដោយបន្តថា ការបណ្តេញមន្រ្តីទូតចិនចេញពីប្រទេស ជាការបញ្ជូនសារយ៉ាងច្បាស់ ដែលកាណាដា មិនទទួលយកការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងណាមួយឡើយ។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលកាណាដា បានទទួលស្គាល់ផងដែរថា ការបណ្តេញមន្រ្តីទូត ជាចំណាត់ការដ៏សំខាន់មួយ ប៉ុន្តែវាក៏ធ្ងន់ធ្ងរផងដែរ ប៉ុន្តែកាណាដាត្រូវតែធ្វើគ្រប់យ៉ាង ដើម្បីការពារខ្លួនពីការជ្រៀតជ្រែកផ្ទៃក្នុង។  
 
សូមបញ្ជាក់ថា ការបណ្តេញមន្រ្តីទូតចិនខាងលើ ធ្វើឡើងក្រោយសារព័ត៌មានក្នុងស្រុកកាណាដា បានបញ្ចេញថា ទីភ្នាក់ងារចារកិច្ចបរទេស មានគម្រោងប្រឆាំងនឹងលោក Michael Chong សមាជិកសភាកាណាដា និងសាច់ញាតិនៅហុងកុង៕ 
 

Tag:
 កាណាដា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com