អន្តរជាតិ
មន្រ្តីជាន់ខ្ពស់អាម៉េរិក-ចិន ជួបគ្នាដោយស្ងាត់ៗនៅក្រុងវីយែន ជជែកលើបញ្ហាខ្វែងគំនិតគ្នា
12, May 2023 , 2:29 pm        
រូបភាព
មន្រ្តីជាន់ខ្ពស់ចិន និងអាម៉េរិក បានជួបគ្នានៅក្រុងវីយែន អូទ្រីស ក្នុងសប្តាហ៍នេះ ដោយមិនប្រកាសជាមុនដើម្បីជជែកពីបញ្ហាខ្វែងគំនិតគ្នា ក៏ដូចជាបន្តរក្សាការទំនាក់ទំនងទ្វេភាគី ខណៈប្រទេសមហាអំណាចទាំងពីរ កំពុងមានភាពតាងតឹងលើបញ្ហាជាច្រើន។



 
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan និងលោកវ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសចិននៃបក្សកុម្មុយនីស្ត បានជួបគ្នាពីរថ្ងៃ នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែឧសភា នៅក្រុងវីយែន អូទ្រីស ដោយប្រទេសទាំងពីរ បានចាត់ទុកកិច្ចពិភាក្សានេះ មានភាពស្មោះត្រង់ សំខាន់ និងការស្ថាបនា។ 
 
បញ្ហាសំខាន់ៗដូចជា ទំនាក់ទំនងទ្វេភាគី បញ្ហាសន្តិសុខក្នុងតំបន់ និងសកល, បញ្ហាសង្រ្គាមនៅរុស្ស៊ី និងកោះតៃវ៉ាន់, សមុទ្រចិនខាងត្បូង ជារបៀបវារៈដ៏សំខាន់សម្រាប់មន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ។ ជំនួបដ៏សំខាន់នេះ ធ្វើឡើងរយៈពេល៨ម៉ោង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
«ភាគីទាំងពីរ បានឯកភាពរក្សាភាពចាំបាច់នៃប្រព័ន្ធទំនាក់ទំនងដើម្បីពន្លឿនទៅមុខ»។​ សេចក្តីថ្លែងការណ៍របស់សេតវិមានអាម៉េរិក បានបញ្ជាក់បែបនេះ។ 
 
ចំណែកស្ថានទូតចិនប្រចាំនៅក្រុងវ៉ាស៊ីនតោន បានអះអាងថា កិច្ចពិភាក្សាប្រកបដោយភាពស៊ីជម្រៅ គឺផ្តោតលើបញ្ហានៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ ក៏ដូចជាធ្វើឱ្យមានស្ថិរភាពនៃប្រទេសទាំងពីរ ពីការធ្លាក់ទៅក្នុងវិបត្តិ។ 
 
មន្រ្តីជាន់ខ្ពស់អាម៉េរិកមួយរូប​ បានប្រាប់អ្នកសារព័ត៌មានថា ជំនួបមន្រ្តីទាំងពីរ ជាការរក្សាប្រព័ន្ធទំនាក់ទំនងស្របពេលមានភាពតានតឹង ហើយវាពិតជាចាំបាច់ណាស់ ក្នុងការគ្រប់គ្រងលើការប្រកួតប្រជែង។ 
 
ក្នុងជំនួបខាងលើ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសចិន លោកឈីន កាង ជួបជាមួយ លោកNicholas Burns អគ្គរដ្ឋទូតអាម៉េរិកនៅក្នុងក្រុងប៉េកាំង ក្នុងថ្ងៃទី៨ ខែឧសភា។ កាលនោះ រដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា ទំនាក់ទំនងចិន និងអាម៉េរិក គឺពិតជាមានភាពចាំបាច់ណាស់ ហើយវាមិនត្រឹមតែសំខាន់សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ។
 
កន្លងមកទំនាក់ទំនងចិន និងអាម៉េរិក មានភាពចម្រូងចម្រាសយ៉ាងខ្លាំងជុំវិញបញ្ហាបាឡុង កោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង សង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាបញ្ហាផ្សេងៗជាច្រើនទៀត៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com