បោះឆ្នោត
អន្តរជាតិ
បោះឆ្នោតថៃ៖ បក្សឆ្ពោះទៅមុខ មានសំឡេងនាំមុខ ឯបក្សលោកប្រាយុទ្ធ នៅលេខ៥
15, May 2023 , 9:52 am        
រូបភាព
លោក Pita Limjaroenrat មេដឹកនាំបក្ស Move Forward Party។ រូបភាប AFP
លោក Pita Limjaroenrat មេដឹកនាំបក្ស Move Forward Party។ រូបភាប AFP
គិតត្រឹមម៉ោង ៧ និង២៦នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា បក្សឆ្ពោះទៅមុខ (Move Forward Party) កំពុងតែនាំមុខលើបក្សផ្សេងទៀត រួមទាំងបក្សភឿថៃ (Pheu Thai) និងបក្សជាតិថៃរួបរួមរបស់លោកប្រាយុទ្ធ ចន្ទអូចា។



ពេលនេះ ថៃកំពុងរាប់សន្លឹកឆ្នោត ដែលប្រជាជនបានបោះនៅក្នុងថ្ងៃទី១៤ ខែឧសភា។ ការបោះឆ្នោតនៅថៃ ត្រូវបែងជាពីរគឺ ការបោះឆ្នោតដោយផ្ទាល់ និងការបោះឆ្នោតតាមបញ្ជីឈ្មោះបក្សដោយគិតតាមសំឡេងដែលបក្សនីមួយៗទទួលបាន (party-list)។ 
 
គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែឧសភា បក្សឆ្ពោះទៅមុខ កំពុងតែនាំមុខ បក្សផ្សេងទៀត។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បក្សដែលមាននិន្នាការជឿនលឿន និងអនុវត្តការកែទម្រង់ ទទួលបាន ១៥១កៅអី។ ចំណែកបក្សភឿថៃ ដែលមានកូនស្រីលោក  ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាបេក្ខជននាយករដ្ឋមន្រ្តីទទួលបាន ១៤១កៅអី។
 
ស្របគ្នានេះ បក្ស Bhumjaithai ឈរនៅលំដាប់ទីបីដែលទទួលបានកៅអីចំនួន​ ៦៧ ពីការបោះឆ្នោតដោយផ្ទាល់ និង ៣កៅអី ពីការបញ្ជីបក្ស។ ទន្ទឹមនេះ បក្ស Palang Pracharath ទទួលបាន៣៩កៅពីការបោះឆ្នោតដោយផ្ទាល់ និង១កៅអីពីបញ្ជីបក្ស។ រីឯបក្សរបស់លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ ជាតិថៃរួបរួមទទួលបាន ២៣កៅពីការបោះឆ្នោតដោយផ្ទាល់ និង១៣កៅអីពីបញ្ជីបក្ស។ 
 
មេដឹកនាំបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat នៅថ្ងៃទី១៤ ខែឧសភា បានបង្ហើបថា បក្សរបស់លោកអាចចងសម្ព័ន្ធភាពជាមួយបក្ស Pheu Thai​ ក្នុងការបង្កើតរដ្ឋាភិបាលថៃថ្មីមួយ៕ 
 
 

Tag:
 ថៃ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com