អន្តរជាតិ
អនុប្រធានបក្សជាតិថៃរួបរួមថា លោក ប្រាយុទ្ធ អាចដើរចេញពីនយោបាយក្រោយចាញ់ការបោះឆ្នោត
16, May 2023 , 2:00 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
អនុប្រធានបក្សជាតិថៃរួបរួម លោក Thanakorn Wangboonkongchana នៅថ្ងៃទី១៥ ខែឧសភា បានអះអាងថា លោកប្រាយុទ្ធ ចន្ទអូចា បេក្ខជននាយករដ្ឋមន្រ្តីបក្សជាតិថៃរួបរួម អាចនឹងដើរចេញពីនយោបាយ ក្រោយពីចាញ់ការបោះឆ្នោតរើសសមាជិករដ្ឋសភា។



 
ក្រោយលទ្ធផលបឋមត្រូវបានប្រកាស នៅថ្ងៃទី១៥ ខែឧសភា បក្សរួបរួមថៃ ដែលមានលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ ទទួលបានកៅអីសភាចំនួនទទួលបាន ៣៦កៅអីប៉ុណ្ណោះ ខណៈបក្សប្រឆាំង ឆ្ពោះទៅមុខ ទៅបានកៅអីរដ្ឋសភាច្រើនជាងគេ ដែលមានចំនួន ១៥១។ 
 
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងស្រុក អនុប្រធានបក្សជាតិថៃរួបរួម លោក Thanakorn Wangboonkongchana បានអះអាងថា លោកប្រាយុទ្ធ អាចនឹងចាកចេញពីនយោបាយ។ 
 
«លោកមិនបានលើកឡើងអ្វីឡើយ ប៉ុន្តែខ្ញុំគិតថា គាត់ប្រហែលជាត្រូវឈប់ហើយ»។ លោក Thanakorn បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៥ ខែឧសភា​ ដោយបន្តថា លោកគាំទ្រ និងសរសើរលោកប្រាយុទ្ធ ដែលបានដឹកនាំប្រទេសច្រើនជាង ៨ឆ្នាំកន្លងមក។ 
 
បើតាមអនុប្រធានបក្សរួបរួមជាតិថៃរួបរួម លោកជឿថា ប្រជាជនថៃ នឹងចងចាំអ្វីដែលលោកប្រាយុទ្ធ បានធ្វើ និងសម្រេចបានសម្រាប់ប្រទេស ដោយមិនមានបញ្ហាល្អក់កករដូចជាអំពើពុករលួយអ្វីឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ 
 
លោកប្រាយុទ្ធ បានក្លាយជានាយករដ្ឋមន្រ្តីថៃ នៅក្នុងឆ្នាំ២០១៤ ក្រោយរដ្ឋប្រហារយោធាលើលោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ដែលជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស៊ីវិល។ នៅក្នុងឆ្នាំ២០១៩ លោកប្រាយុទ្ធ បានក្លាយជានាយករដ្ឋមន្រ្តីថៃជាថ្មី៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com