ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជុំវិញស៊ីហ្គេម សម្ដេច ហ៊ុន សែន ថ្លែងថា «លុយយើងអាចចាយអស់ តែកិត្តិយសជាតិចាយអត់អស់ទេ!»
18, May 2023 , 2:51 pm        
រូបភាព
សម្ដេច ហ៊ុន សែន នៅតែប្រកាន់ជំហរថា សម្ដេច បានគិតត្រឹមត្រូវចំពោះការមិនយកប្រាក់ពីប្រតិភូកីឡា ដែលចូលរួមប្រកួតស៊ីហ្គេម សម្រាប់ការស្នាក់នៅ ជាពិសេសការបើកឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួត ដោយឥតគិតថ្លៃសំបុត្រ។



«លុយយើងអាចចាយអស់ ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះ និងកិត្តិយសជាតិចាយអត់អស់ទេ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលចង់ពន្យល់សាធារណជន ចំពោះការរិះគន់លើរដ្ឋាភិបាល ដែលសម្រេច មិនយកថវិកាពីគណៈប្រតិភូកីឡា ។
 
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់​និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន១,៣៩៦នាក់ នៅសណ្ឋាគារសុខាភ្នំពេញ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា៖«ខ្ញុំគិតថា ខ្ញុំសម្រេចចិត្តត្រូវ! សម្រេចចិត្តត្រូវ ត្រង់ថាយើងធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវ ហើយដោយក្នុងនោះចាប់ផ្ដើមយកគំនិតផ្ដួចផ្ដើម ស្តីអំពីសមាហរណកម្មអាស៊ានមួយផ្នែកបញ្ចូលមក តាមរយៈនៃការមិនបង់ថ្លៃ»។
 
បើតាមសម្ដេច ហ៊ុន សែន ទង្វើដែលសម្ដេច ធ្វើនេះក៏ជាគំនិតផ្ដួចផ្ដើមនៅក្នុងតំបន់អាស៊ានផងដែរ សម្រាប់ការរៀបចំស៊ីហ្គេម នាពេលក្រោយៗទៀត។ «ក្នុងឋានៈជាសមាជិកអាស៊ាន និងជាមេដឹកនាំនៃប្រទេសអាស៊ានមួយ ខ្ញុំក៏ត្រូវមានគំនិតផ្ដួចផ្ដើម ទៅលើបញ្ហានេះ បញ្ហានោះ ក្នុងហ្នឹងក៏មានគំនិតផ្ដួចផ្ដើមក្នុងវិស័យកីឡានេះ ដែលកម្ពុជាបានធ្វើសកម្មភាពមុន ដើម្បីពង្រឹងនូវសាមគ្គីភាព ក្នុងចំណោមប្រជាជនអាស៊ាន »។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
កម្ពុជា ចំណាយថវិកាសរុបជាង១២០លាន សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ ក្នុងចំណោមថវិកាទាំងនេះ រដ្ឋាភិបាលត្រូវចំណាយថវិកា៧លានដុល្លារ សម្រាប់ទទួលប្រតិភូកីឡាពីបណ្ដាប្រទេសនានា លើការហូបចុក និងស្នាក់នៅ ដោយឥតគិតថ្លៃ។
 
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅទឹកដីកម្ពុជា បានបញ្ចប់ជាស្ថាពរ និងបិទកម្មវិធីរួចរាល់នៅថ្ងៃទី១៧​ ខែឧសភា។ ម្ចាស់ផ្ទះកម្ពុជា ទទួលបានមេដាយជាកំណត់ត្រាប្រវត្តិសាស្ត្រសរុប២៨២ ក្នុងនោះមាស៨១ ប្រាក់៧៤​ និងសំរឹទ្ធ១២៧។ ទីម័រខាងកើត មិនអាចរកបានមេដាយមាស និងប្រាក់ឡើយ ខណៈវៀតណាមឈរកំពូលតារាងក្នុងនាមប្រទេសរកមេដាយច្រើនជាងគេ ។ ថៃឈរលេខ២ និងឥណ្ឌូណេស៊ីឈរលេខ៣៕

អត្ថបទទាក់ទង
 
 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com