កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ធ្លាប់ត្រូវបានគេមើលងាយ គង់ សិលា បានសម្រេចបំណងយកមេដាយមាសជូនជាតិ
09, Jun 2023 , 7:59 am        
រូបភាព
គង់ សិលា ឈ្នះមេដាយមាស​២ក្នុងពេលតែមួយ លើ​វិញ្ញាសា​លើកទម្ងន់​ធ្ងន់​បំផុត​១០៧គីឡូក្រាម និង​លទ្ធផល​សរុបទាំង៣ជុំ។ រូបថត ឌួក ដែន
គង់ សិលា ឈ្នះមេដាយមាស​២ក្នុងពេលតែមួយ លើ​វិញ្ញាសា​លើកទម្ងន់​ធ្ងន់​បំផុត​១០៧គីឡូក្រាម និង​លទ្ធផល​សរុបទាំង៣ជុំ។ រូបថត ឌួក ដែន
ដោយ:
កីឡាករប៉ារ៉ាលើកទម្ងន់ គង់ សិលា សម្រេចបានមេដាយមាសចំនួន២គ្រឿង សម្រាប់កម្ពុជា នាការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាមជ្ឈមណ្ឌលជាតិជនពិការតេជោសែនបៃតង កាលពីថ្ងៃទី៧ មិថុនា។



គង់ សិលា ឈ្នះមេដាយមាសលើវិញ្ញាសាលើកទម្ងន់ធ្ងន់បំផុត១០៧គីឡូក្រាម និងការបូកសរុបលទ្ធផលលើកទាំង៣ជុំ នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន។ ការលើកជុំដំបូង សិលា លើកបាន៥៥គីឡូក្រាម ហើយសរុបទាំង៣ជុំ សម្រេចបាន១៥៨គីឡូក្រាម។
 
មេដាយមាស២គ្រឿងនេះ បានជួយឱ្យ គង់ សិលា លុបបំបាត់អារម្មណ៍ឈឺចាប់របស់ខ្លួន ដែលធ្លាប់ត្រូវបានគេវាយតម្លៃកន្លង។ ជាអតីតអ្នករត់ម៉ូតូកង់បី ដើម្បីបំពេញជីវភាពនេះ គង់ សិលា ដែលកំពុងអង្គុយលើរទេះរុញ ចូលរួមប្រកួតកីឡាប៉ារ៉ាលើកទម្ងន់ បាននិយាយដូច្នេះថា៖«ខ្ញុំឆ្លងកាត់នូវការមើលងាយ ប្រមាថគ្រប់បែបសព្វ ប៉ុន្តែខ្ញុំនៅតែជឿជាក់លើខ្លួនឯងថា ខ្លួនឯងនឹងធ្វើបាន»។
 
 
បុរសមាឌធំ ដែលកំពុងអង្គុយលើរទះរុញរូបនេះ បានជំរុញ និងលើកទឹកចិត្តឱ្យពលរដ្ឋ និងយុវជនមានពិការភាពទាំងអស់ កុំបាក់ទឹកចិត្ត ហើយត្រូវប្រឹងជម្នះ ដើម្បីសម្រេចគោលដៅខ្លួនឯង ។ ភាពជោគជ័យរបស់ គង់ សិលា កើតចេញពីកម្លាំងចិត្តរបស់អ្នកម្ដាយ នៅពីក្រោយ។ ម្ដាយរបស់ គង់ សិលា មិនអាចក្រោកពីលើកន្ទេលបានឡើយ ដោយសារជំងឺ។ រូបភាពបែបនេះហើយ ដែលធ្វើឱ្យ សិលា មានឆន្ទៈ និងបំណងនាំយកកិត្តិយស និងកេរ្តិ៍ឈ្មោះ បង្ហាញទៅអ្នកមានគុណខ ឱ្យបានឃើញពីសមិទ្ធផល ដែលខ្លួនសម្រេចបាន។
 
និយាយទាំងទឹកមុខ រលីងរលោង យុវជនសប្បុរស្រអែមរូបនេះ បានបញ្ជាក់ដូច្នេះថា៖«កត្តាសំខាន់បំផុត គឺម្ដាយរបស់ខ្ញុំ ព្រោះម្ដាយរបស់ខ្ញុំឈឺ ដេកនៅលើកន្ទេល ហើយខ្ញុំក៏សម្រេចថា ខ្ញុំនឹងធ្វើអ្វីមួយ ដែលធ្វើឱ្យគាត់សប្បាយចិត្តបាន។ (មេដាយមាស២គ្រឿង) វាមានតម្លៃសម្រាប់ខ្ញុំខ្លាំងណាស់ ព្រោះវាជាភាពជោគជ័យរបស់ខ្ញុំ»។
 
គង់ សិលា មានបំណងបន្តអាជីពជាអត្តពលិកលើកទម្ងន់នេះ ដោយនឹងចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។ រូបគេ ប្ដេជ្ញាប្រឹងប្រែងហ្វឹកហាត់ ដើម្បីការពារតំណែងម្ចាស់មេដាយមាសឱ្យទាល់តែបាន៕
 

Tag:
 លើកទម្ងន់
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com