ជាតិ
សង្គមស៊ីវិល៥១ស្ថាប័ន ស្នើឱ្យទម្លាក់បទចោទនិងដោះលែង សកម្មកជនដីធ្លី១០នាក់
06, Jul 2023 , 9:59 pm        
រូបភាព
សកម្មជនដីធ្លីកោះកុងដែលសមត្ថកិច្ចឃាត់កាលពីថ្ងៃទី២៩មិថុនា។ រូបពី អាដហុក
សកម្មជនដីធ្លីកោះកុងដែលសមត្ថកិច្ចឃាត់កាលពីថ្ងៃទី២៩មិថុនា។ រូបពី អាដហុក
ភ្នំពេញ៖ អង្គការសង្គមស៊ីវិលចំនួន៥១ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួម ស្នើសុំឱ្យទម្លាក់ចោលបទចោទ និងដោះលែងសកម្មជនដីធ្លីខេត្តកោះកុង ១០នាក់ ដោយឥតលក្ខខណ្ឌ។

សកម្មជនដីធ្លីទាំង១០ ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងចោទប្រកាន់ពីបទ ញុះញង់។ ហើយពួកគេ៩នាក់ ត្រូវតុលាការសម្រេចឃុំខ្លួន។ ករណីនេះ សង្គមស៊ីវិលទាំង៥១ខាងលើ អះអាងថា តុលាការពុំមានមូលដ្ឋានច្បាស់លាស់ ក្នុងការឃុំខ្លួនពួកគេឡើយ។ 
 
សកម្មជនដីធ្លីទាំងនោះ មិនបានប្រព្រឹត្តកំហុសអ្វីទេ។ ពួកគេគ្រាន់តែ លើកឡើងពីទុក្ខកង្វល់ សម្ដែងមតិដោយអហិង្សា និងធ្វើដំណើរទៅដាក់ញត្តិ ដើម្បីការពារដីធ្លីនិងសមាជិកសហគមន៍របស់ពួកគេប៉ុណ្ណោះ។ សង្គមស៊ីវិលខាងលើយល់ឃើញបែបនេះ ហើយបន្តថា សកម្មជនទាំងនោះ​បែរជារងការធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារទៅវិញ។ 
 
«យើងខ្ញុំ ស្នើសុំឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ទៅលើប្រជាពលរដ្ឋខ្មែរ ជាសកម្មជនដីធ្លី ដោយទម្លាក់ចោលការចោទប្រកាន់ពីបទញុះញង់ប្រឆាំងនឹងពួកគេ និងដោះលែងពួកគេជាបន្ទាន់ដោយឥតលក្ខខណ្ឌពីការឃុំខ្លួនបណ្ដោះអាសន្ននេះ»។ ក្រុមអង្គការសង្គមស៊ីវិលស្នើសុំយ៉ាងដូច្នេះ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញថ្ងៃទី៦កក្កដា។ 
 
ជុំវិញសំណុំរឿងនេះ លោក រ៉ៃ ភីរម្យ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ តុលាការកោះកុង បានឱ្យដឹងថា ក្រុមសកម្មជនទាំងនោះ សុទ្ធតែមានមេធាវីចុះ ជួយការពារក្ដី។ ដូច្នេះសំណុំរឿង ត្រូវតែដោះស្រាយតាមនីតិវិធីច្បាប់។ 
 
«ពួកគាត់(សកម្មជនដីធ្លី) មានមេធាវី ហើយក៏បានជួបជជែកគ្នាដែរអំឡុងពេលឃុំខ្លួននេះដែរ។ បើយល់ថា ការចោទប្រកាន់និងឃុំខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឱ្យមេធាវីដោះស្រាយតាមច្បាប់ យកទៅបង្ហាញនិងតតាំងជាមួយតុលាការបាន»។ លោក ភីរម្យ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទបែបនេះ ហើយបន្ថែមថា សង្គមស៊ីវិលដែលប្រមូលគ្នាចេញសេចក្ដីថ្លែងការណ៍ទាំងនោះ គឺជាអ្នកនៅក្រៅសំណុំរឿងនេះ ពុំអាចដឹងរឿងរ៉ាវលម្អិតនិងនិតីច្បាស់លាស់ទេ៕ 
 
 

Tag:
 កោះកុង
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com