ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ទទូចកុំឱ្យប្រើ​​គ្រាប់បែក​ចង្កោម​ក្នុង​សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី
09, Jul 2023 , 2:39 pm        
រូបភាព
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធក្នុងសង្គ្រាមអ៊ុយ ក្រែន-រុស្ស៊ី កុំប្រើប្រាស់គ្រាប់បែកចង្កោម ដែលវានឹងបង្កវិនាសកម្មដល់ប្រជាជន​អ៊ុយក្រែន​ផ្ទាល់។​ ​​ការអំពាវនាវរបស់សម្តេច ហ៊ុន សែន ​ធ្វើឡើងបន្ទាប់ពី​រដ្ឋា​ភិ​បាលអាម៉េរិក ប្រ​កាសផ្ដល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន សម្រាប់ការវាយបកប្រឆាំង​នឹង​ការកាន់​កាប់​របស់​កង​កម្លាំង​រុស្ស៊ី។ 

តាមបណ្តាញតេឡេក្រាម របស់ខ្លួននៅថ្ងៃទី៩ កក្កដានេះ សម្តេច ហ៊ុន សែន បានសរសេរ​ថា​​៖ «ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូច ហើយទន់ខ្សោយ ​សំឡេងគ្មានទម្ងន់។ តែដោយក្តី​អា​ណិត​​​​ប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាម៉េរិក ដែលជាអ្នកផ្តល់ និង​ប្រធានា​ធិបតីអ៊ុយក្រែន ដែលជាអ្នកទទួល សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម​ក្នុង​សង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង»។ 
 
សម្រាប់ប្រមុខរដ្ឋាភិបាល ប្រសិនបើពិតជាមានការប្រើប្រាស់​គ្រាប់បែកចង្កោម ក្នុង​សង្គ្រាម​ក្នុង​​តំបន់ដែលរុស្ស៊ីកាន់កាប់ ក្នុងទឹកដីអ៊ុយក្រែនវានឹងក្លាយទៅជាគ្រោះថ្នាក់​ធំបំផុត​សម្រាប់ ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយ ឆ្នាំទៀតផង។  
 
នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចែករំលែកពីបទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការ​ទម្លាក់គ្រាប់បែកចង្កោមពីអាម៉េរិកនាដើម​ទស្សវត្សរ៍ឆ្នាំ១៩៧០ ដែលមកដល់ពេលនេះ ​នៅមិន ទាន់រកវិធីបំផ្លាញ ចោល​អស់នៅឡើយ។
 
សូមបញ្ជាក់ថា នៅថ្ងៃទី៧ កក្កដា អាម៉េរិកបានប្រកាសថា ខ្លួននឹងផ្ដល់គ្រាប់បែក​ចង្កោម​ឱ្យ​អ៊ុយក្រែនដែលអាវុធប្រភេទនេះ ​នឹងជួយអ៊ុយក្រែនសម្រាប់ការវាយបក ប្រឆាំង​នឹងការ​កាន់​កាប់​របស់កងកម្លាំងរុស្ស៊ី៕
 
 
 

Tag:
 សង្គ្រាម
  អ៊ុយក្រែន-រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com