ជាតិ
បោះឆ្នោត
គ.ជ.ប ចេញប័ណ្ណសង្កេតការណ៍បោះឆ្នោតជាង៨ម៉ឺនប័ណ្ណ ឱ្យស្ថាប័នជាតិនិងអន្តរជាតិ
19, Jul 2023 , 10:29 am        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញប័ណ្ណសម្គាល់ខ្លួនដល់អ្នកសង្កេតការណ៍បោះឆ្នោតជាង៨ម៉ឺននាក់ ។ ក្នុងនោះមានអន្តរជាតិប្រមាណ១៤០នាក់។

 
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប​ បានប្រាប់សារព័ត៌មានថ្មីៗឱ្យដឹងថា គ.ជ.ប បានរៀបចំប័ណ្ណសង្កេតការណ៍បោះឆ្នោតជាង៨ម៉ឺនប័ណ្ណ ដល់ស្ថាប័នក្នុងស្រុកចំនួន១៣៤អង្គភាព ដែលមានអ្នកសង្កេតការណ៍ជាង៨៩០០០នាក់។ 

ចំណែកអ្នកសង្កេតការណ៍អន្តរជាតិវិញ មានប្រមាណ១៤០នាក់។ រីឯ ភ្ញៀវពិសេស មានចំនួន៧នាក់។ ពួកគេទាំងនោះមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលី បារាំង រុស្ស៊ី
ជាដើម។ 
 
គ.ជ.ប បានប្រកាសទទួលពាក្យអ្នកសង្កេតការណ៍ជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា និងទទួលពាក្យអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណិត្តទី៧ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕
 
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com