អន្តរជាតិ
លោកស្រី ស៊ូជី ត្រូវបានរបបយោធាលើកលែងទោស៥ករណី តែបន្តស្ថិតក្រោមការឃុំខ្លួន
01, Aug 2023 , 3:59 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ រូបភាព AFP
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ រូបភាព AFP
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ត្រូវបានលើកលែងទោសលើបទល្មើសចំនួន៥ករណី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែសីហា។


ចាប់តាំងពីមានរដ្ឋប្រហារមក លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ត្រូវបានតុលាការចោទជាច្រើនករណីដូចជាការកាន់កាប់វិទ្យុខុសច្បាប់, អំពើពុករលួយ និងបំពានការសម្ងាត់រដ្ឋជាដើម និងបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំ។ លោកស្រី ស៊ូជី ក៏កំពុងតវ៉ាលើសេចក្តីសម្រេចតុលាការដែរ និងបានច្រានចោលរាល់បទចោទទាំងនោះ។ 
 
ក្រោយស្ថិតនៅក្រោមការឃុំខ្លួនជាច្រើនខែ សារព័ត៌មាន និងទូរទស្សន៍មីយ៉ាន់ម៉ា (Myanmar Radio and Television) បានចុះផ្សាយថា យោធាលើកលែងទោសលើលោកស្រីស៊ូជី នៅថ្ងៃទី១ ខែសីហា។ លោកស្រី ត្រូវបានលើកលែងទោសលើបទល្មើសចំនួន៥ក្នុងចំណោម១៩ករណី។ ការលើកលែងទោសនេះ ធ្វើឡើងដើម្បីអបអរបុណ្យចូលវស្សា។
 
ឯអ្នកនាំពាក្យយោធា លោក Zaw Min Tun បានប្រាប់សារព័ត៌មាន Eleven Media Group បន្ថែមថា លោកស្រីត្រូវបន្ថយរយៈពេលជាប់ពន្ធនាគារ៦ឆ្នាំ។ 
 
កន្លងមក តាមការបញ្ជាក់របស់មន្រ្តីបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) លោកស្រី ស៊ូជី ត្រូវបានប្តូរពីកន្លែងឃុំខ្លួននៅពន្ធនាគារទៅអគាររដ្ឋាភិបាល។ យ៉ាងណាមិញ ប្រភពផ្សេងទៀត បានអះអាងថា លោកស្រី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងផ្ទះវិញ។ 
 
ទន្ទឹមនេះ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ាដែលកំពុងដឹកនាំប្រទេស ក៏បានលើកលែងទោសខ្លះចំពោះលោក Win Myint ប្រធានាធិបតីនៃរដ្ឋាភិបាលស៊ីវិលផង។ លោក Win Myint ត្រូវបានឃុំខ្លួនចាប់តាំងពីមានរដ្ឋប្រហារមក និងបានរងបទចោទជាច្រើនផងដែរ។
 
អ្នកទោសប្រមាណ៧ពាន់នាក់ផ្សេងទៀត ក៏ត្រូវបានលើកលែងទោសដែរ។
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com