ជាតិ
សេដ្ឋកិច្ច
សាំងធម្មតាឡើងថ្លៃដល់៤​ ៥៥០រៀលក្នុងមួយលីត្រ! ជាតម្លៃខ្ពស់មិនធ្លាប់មាន នា៧ខែមកនេះ
01, Aug 2023 , 4:39 pm        
រូបភាព
តម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយនៅលើ​ទីផ្សារកម្ពុជារបស់ស្ថានីយ៍មួយកន្លែងនៅរាជធានីភ្នំពេញ។ ក្នុងនោះ សាំងធម្មតាថ្លៃ ៤​៥៥០រៀល និងម៉ាស៊ូត​ថ្លៃ ៤៤៥០រៀលក្នុងមួយលីត្រ ដែលក្រសួងពាណិជ្ជកម្មបានកំណត់ត្រូវអនុវត្តរហូតដល់ថ្ងៃទី១០សីហា ឆ្នាំ២០២៣។​
តម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយនៅលើ​ទីផ្សារកម្ពុជារបស់ស្ថានីយ៍មួយកន្លែងនៅរាជធានីភ្នំពេញ។ ក្នុងនោះ សាំងធម្មតាថ្លៃ ៤​៥៥០រៀល និងម៉ាស៊ូត​ថ្លៃ ៤៤៥០រៀលក្នុងមួយលីត្រ ដែលក្រសួងពាណិជ្ជកម្មបានកំណត់ត្រូវអនុវត្តរហូតដល់ថ្ងៃទី១០សីហា ឆ្នាំ២០២៣។​
បច្ចុប្បន្នតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា បានហក់ដល់៥១៥០រៀលសម្រាប់សាំងស៊ុបពែរ និង៤៥៥០រៀលសម្រាប់សាំងធម្មតា។ នេះជាតម្លៃខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល៧ខែមកនេះ នាឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម​ នាថ្ងៃទី១សីហា។​

 
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ សាំងធម្មតាដែលមានតម្លៃ ៤ ៥៥០រៀលនិងម៉ាស៊ូត មានតម្លៃ ៤ ៤៥០រៀលក្នុងមួយ​លីត្រ នឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី១០សីហា ឆ្នាំ២០២៣។ ផ្អែកតាមតម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិដែលកំពុងឡើងថ្លៃនេះ  នឹងធ្វើឱ្យប្រេងឥន្ធនៈនៅកម្ពុជា​ត្រូវបន្តឡើងថ្លៃទៀតដែរ។​
 
បើតាមលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ ប្រេងឥន្ធនៈ​​នៅកម្ពុជាត្រូវឡើងថ្លៃតាំងពីខែកក្កដាមកម្ល៉េះ។ ប៉ុន្តែដោយសាររដ្ឋាភិបាល ​និងវិស័យឯកជនសហការគ្នា ប្រឹងរក្សាលំនឹងថ្លៃប្រេងឱ្យទាប ដើម្បីសម្រួល​ដល់យុទ្ធនាការឃោសនាបោះឆ្នោត និងការចំណាយរបស់ពលរដ្ឋ លើការធ្វើដំណើរទៅបោះឆ្នោត។ 
 
លោក សុវិជាតិ បានលើកឡើងយ៉ាងដូច្នេះ៖ «បន្ទាប់ពីកម្ពុជាយើងរៀបចំការបោះឆ្នោត[ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧]ហើយ តម្លៃប្រេងនៅកម្ពុជា គឺបានវិលទៅរកភាពប្រក្រតីឡើងវិញ​ទៅតាមតម្លៃទីផ្សារអន្តរជាតិ»។ ក្នុងន័យនេះអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ចាប់ពីខែសីហាទៅ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា នឹងបន្តឡើងថ្លៃជាបន្តបន្ទាប់ទៀត។
 
«បើផ្អែកលើថ្លៃប្រេងឥន្ធនៈនៅទីផ្សារអន្តរជាតិ យើងប៉ាន់ស្មានបានថា តម្លៃប្រេងឥន្ធនៈនៅទីផ្សារកម្ពុជា​នឹងអាចបន្តឡើងថ្លៃ៥០រៀល​ឬលើសពីនេះក្នុងមួយលីត្រ ជាបន្តបន្ទាប់ទៀតចាប់ពីខែសីហានេះ»។  លោក សុវិជាតិ ពន្យល់បែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey)នារសៀលថ្ងៃទី១សីហា ដោយបន្ថែមថា ប្រេងឥន្ធនៈនៅកម្ពុជាអាចធា្លក់មកវិញ លុះត្រាតែប្រទេសប្រេងក្នុងពិភពលោក បានបង្កើនការលទ្ធភាពរបស់ខ្លួន ឬក៏មានការអនុញ្ញាតឱ្យនាំចេញច្រើន ពីប្រទេសរងទណ្ឌកម្មពិភពលោក ដូចជាប្រទេស​រុស្សី ជាដើម។ 
 
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១មករា​ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៣ សាំងធម្មតាមានតម្លៃត្រឹម ៤១០០ ទៅ៤៤៥០រៀលប៉ុណ្ណោះក្នុងមួយលីត្រ។ ប៉ុន្តែ​ចូលដល់ខែសីហានេះ សាំងធម្មតានៅទីផ្សារកម្ពុជា​ ​បានឡើងថ្លៃដល់ ៤៥៥០រៀលក្នុងមួយលីត្រ ។
 
បច្ចុប្បន្ន តម្រូវការប្រងឥន្ធនៈនៅលើទីផ្សារពិភពលោក បានកើនលើសពីការផ្គត់ផ្គង់ ព្រោះតែប្រទេសផលិតផលប្រេងមួយចំនួន បានកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួន រួមទាំងការងើបឡើងវិញនូវវិស័យដឹកជញ្ជូន។ ការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈនេះ  នឹងធ្វើឱ្យតម្លៃប្រេង កើនដល់ទៅ៩០ដុល្លារក្នុងមួយធុងបារ៉ែលនៅក្នុងឆ្នាំនេះ៕ 
 

Tag:
 ប្រេងឥន្ធនៈ
© រក្សាសិទ្ធិដោយ thmeythmey.com