ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គមជាតិ
តុលាការកោះហៅ លោក វន់ ពៅ ចូលសវនាការ ពាក់ព័ន្ធរឿងផ្លូវវេងស្រេងកាលពី ៩ឆ្នាំមុន
04, Aug 2023 , 2:39 pm        
រូបភាព
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានថ្មីៗ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានថ្មីៗ។
ភ្នំពេញ៖ ព្រះរាជអាជ្ញា អ៊ឹម សុផាត នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចេញដីកាកោះហៅ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលសវនាការ ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ កាលពីឆ្នាំ២០១៤។

 
ដីកាកោះហៅ លោក វន់ ពៅ ឱ្យចូលសវនាការនៅថ្ងៃទី១៧សីហា ឆ្នាំ២០២៣ ដើម្បីជំនុំជម្រះពីបទ ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្តិសុខសង្គម។ លោក វន់ ពៅ ជាអ្នកបង្ហោះដីកានេះ លើបណ្ដាញសង្គម ដោយសរសេរថា៖ «ខ្ញុំនឹងចូលខ្លួនទៅតាមដីកាកោះនេះតាមកាលកំណត់របស់សាលាឧទ្ធរណ៍ភ្នំពេញ! សាច់រឿងនេះ គឺជាងរឿងរ៉ាវកាលពីជាង៩ឆ្នាំមុន នៅមុខរោងចក្រយ៉ាកជីនផ្លូវជាតិលេខ៤! »។ 
 
ជុំវិញការកោះហៅនេះ លោក វន់ ពៅ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទថា លោកហាក់ពុំយល់ពីនីតិវិធីនៃការដោះស្រាយសំណុំរឿងឡើយ ខណៈដែលរឿងក្ដីរបស់លោក ត្រូវបានអូសបន្លាយពេលជាង៩ឆ្នាំមកហើយ។ យ៉ាងណា លោកនៅតែមានសង្ឃឹមថា អាចរួចផុតពីបទចោទប្រកាន់នេះ។ 
 
«ខ្ញុំគិតថា ការកោះហៅនេះ ប្រហែលជា រដ្ឋាភិបាលថ្មី នឹងអាចពិនិត្យមើលឡើងវិញពីសកម្មជន ឬមេដឹកនាំសហជីព ដែលជាប់បណ្ដឹងនៅតុលាការប្រហែលជាអាចមានការកែសម្រួលមួយ បើកផ្លូវផ្ដល់ពន្លឺខ្លះ ដល់ពួកយើងជាអ្នកដឹកនាំសហជីព សង្គមស៊ីវិលផងដែរ! នេះគ្រាន់តែជាការគិតទេ! » ។ លោក វន់ ពៅ លើកឡើងបែបនេះ។ 
 
កាលពីដើមឆ្នាំ២០១៤ កម្មករកាត់ដេរ ជាច្រើននាក់បានប្រមូលគ្នាទាមទារដំឡើងប្រាក់ឈ្នួល នៅតំបន់ផ្លូវវេងស្រេង។ ក្នុងហេតុការណ៍នាពេលនោះ មានការប៉ះទង្គិចគ្នារវាងកម្មករនិងសមត្ថកិច្ច បណ្ដាលឱ្យមានអ្នកស្លាប់ និងខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនមួយចំនួនផងដែរ។ ករណីនេះ លោក វន់ ពៅ ដែលមានវត្តមានក្នុងការទាមទារនោះ រួមទាំងអ្នកតវ៉ាប្រមាណ២០នាក់ បានរងបទចោទពីការប្រើហិង្សានិងបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន៕ 
 
 

Tag:
 តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com