កីឡាអន្តរជាតិ
អន្តរជាតិ
Marcelo ជាប់ពិន័យ៣ប្រកួត និងប្រាក់៦ពាន់ដុល្លារ ក្រោយធ្វើឱ្យ Sanchez បាក់ឆ្អឹងជើង
11, Aug 2023 , 10:48 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អាម៉េរិកខាងត្បូង (CONMEBOL) ពិន័យ Marcelo ខ្សែការពារ Fluminense ៣ប្រកួត បន្ទាប់ពីជ្រុលជើងដោយអចេតនាជាន់កីឡាករ Luciano Sanchez របស់ក្រុម Argentinos Juniors រហូតរបួសជើងធ្ងន់ធ្ងរក្នុងការប្រកួត Copa Libertadores កាលពីសប្តាហ៍មុន។



ក្រៅពីពិន័យ៣ប្រកួត Marcelo អតីតខ្សែការពារឆ្នើម Real Madrid និងជម្រើសជាតិប្រេស៊ីល ក៏នឹងត្រូវបង់ប្រាក់ពិន័យ ៦ពាន់ដុល្លារផងដែរ។ នេះបើតាមការបញ្ជាក់របស់ CONMEBOL នៅថ្ងៃទី១០ ខែសីហា។
 
ហេតុការណ៍កើតឡើង ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុម Copa Libertadores រវាង ​Fluminense របស់ប្រេស៊ីល ទល់ក្រុមមកពីអាហ្សង់ទីន Argentinos Juniors ក្នុងទីក្រុង Buenos Aires កាលថ្ងៃទី១ ខែសីហា។
 
ក្នុងជំនួបនោះ Marcelo បានញ៉ាក់បាល់គេចផុតចេញពី Sanchez ប៉ុន្តែជើងរបស់អតីតខ្សែការពារវ័យ៣៥ឆ្នាំ រូបនេះ បានជាន់ដោយអចេតនាទៅលើកីឡាករ​ អាហ្សង់ទីនដែលកំពុងព្យាយាមចូលមករារាំង និងដណ្តើមបាល់។ ហេតុការណ៍ដ៏អាក្រក់នេះ បានធ្វើឱ្យ Sanchez រងរបូសបាក់ឆ្អឹងធ្ងន់ធ្ងរ ស្របពេល Marcelo ទទួលបានកាត់ក្រហម និងដើរចេញពីទីលានទាំងទឹកភ្នែក។
 
Marcelo បានបង្ហោះលើបណ្តាញសង្គមអ៊ីស្តាក្រាម បង្ហាញពីការសោកស្តាយរបស់ខ្លួនប៉ុន្មានម៉ោងក្រោយហេតុការណ៍នោះផងដែរ។ អតីតខ្សែការពារ Real Madrid បានជួនពរ Sanchez ឆាប់ជាសះស្បើយ ខណៈរូបគេគ្មានចេតនាធ្វើឱ្យគូប្រជែងរបួសបែបនេះឡើយ។
 
ក្នុងចំណោមបម្រាម៣ប្រកួត ខ្សែការពារ Fluminense បានអវត្តមានប្រកួតដំបូងរបស់ខ្លួនរួចហើយ ក្នុងជំនួបជើងទី២ទល់ Argentinos Juniors ដែលក្រុមប្រេស៊ីលឈ្នះ ២-០។ សរុបទាំងពីរជើងជើង Fluminense ឈ្នះ Argentinos Juniors ៣-១ បន្តទៅវគ្គ៨ក្រុមចុងក្រោយ៕
 
 

Tag:
 Marcelo
  CONMEBOL
© រក្សាសិទ្ធិដោយ thmeythmey.com