ជាតិ
សេដ្ឋកិច្ច
ឥណ្ឌូណេស៊ី សម្រេចទិញអង្ករ១២ម៉ឺនតោនពីកម្ពុជា ដើម្បីធានាសន្តិសុខស្បៀង
17, Aug 2023 , 11:39 am        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម (ឆ្វេង) និងលោក Pahala Nugraha Mansury អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី (ស្ដាំ)។ រូបភាព៖ ក្រសួងកសិកម្ម
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម (ឆ្វេង) និងលោក Pahala Nugraha Mansury អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី (ស្ដាំ)។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចទិញអង្ករពីកម្ពុជាក្នុងបរិមាណ១២៥០ ០០តោន ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀង។ មន្រ្តីឥណ្ឌូណេស៊ី បានបញ្ជាក់ថា វត្តមានអង្ករកម្ពុជានៅលើទីផ្សារខ្លួន នឹងបង្ហាញពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មល្អរវាងប្រទេសទាំងពីរ ខណៈអង្ករកម្ពុជា មានគុណភាពល្អ។



កិច្ចព្រមព្រៀងទិញអង្ករកម្ពុជាពីសំណាក់ឥណ្ឌូណេស៊ីនេះ ធ្វើឡើងតែ​ ៦ថ្ងៃប៉ុណ្ណោះ ក្រោយជំនួបតាមទូរសព្ទរវាង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបញ្ជាក់ពី បំណងនាំអង្ករពីកម្ពុជាទៅឥណ្ឌូណេស៊ី។
 
ក្នុងនោះ លោក Pahala Nugraha Mansury អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី បានមកជួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម , លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) រយៈពេល ២ថ្ងៃ ដើម្បីចរចាទិញអង្ករពីកម្ពុជា ទៅទីផ្សាររបស់ខ្លួន។   
  
ជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, សហព័ន្ធស្រូវអង្ករ និងលោក Pahala Nugraha Mansury អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី  ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៣។ រូបភាព៖ ក្រសួងពាណិជ្ជកម្ម 

ជាលទ្ធផលនៃកិច្ចពិភាក្សា ឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ១២.៥ម៉ឺនតោន ក្នុងនោះអង្ករស ១០ម៉ឺនតោន ដោយធ្វើឡើងតាមរយៈ ក្រុមហ៊ុនBulog និង ហ្រ្គីនត្រេដ។ អង្ករប្រណិត២.៥ម៉ឺនតោន ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា។ ដោយឡែក តម្លៃ និងលក្ខខណ័ផ្សេងៗ ភាគីទាំងពីរនឹងបន្តពិភាក្សាគ្នាទៀត នាពេលដ៏ខ្លីខាងមុខ។ 
 
ក្រៅពីកិច្ចព្រមព្រៀងទិញអង្ករនេះ កម្ពុជា-ឥណ្ឌូណេស៊ី បានឯកភាពគ្នារៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរក្នុងបរិមាណ២.៥ម៉ឺនតោនក្នុង១ឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានឯកភាពបង្កើតយន្តការថ្មី ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជកម្មអង្ករផងដែរ។
 
ជាមួយគ្នានេះ កម្ពុជា បានស្នើឥណ្ឌូណេស៊ី ជំរុញការបញ្ជាទិញអង្ករពីកម្ពុជា តាមរយៈរូបភាព រដ្ឋាភិបាល និងរដ្ឋាភិបាល (G2G) ឬ ឯកជន និងឯកជន (B2B)។ លើសនេះ កម្ពុជា ក៏លើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌូណេស៊ី ដាក់ទុនបង្កើតម៉ាស៊ីនកិនស្រូវ ស្របតាមស្តង់ដារសម្រាប់នាំចេញទៅទីផ្សារខ្លួន និងអន្តរជាតិ។ 
 
ក្នុងជំនួបជាមួយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ខែសីហា លោក Pahala Nugraha Mansury បានលើកឡើងថា ក្នុងបរិបទនេះ ឥណ្ឌូណេស៊ីចាំបាច់ស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀង។ 
 
មន្រ្តីការបរទេសឥណ្ឌូណេស៊ីរូបនេះ បញ្ជាក់ថា វត្តមានអង្ករកម្ពុជានៅលើទីផ្សារឥណ្ឌូណេស៊ី នឹងក្លាយជាសក្ខីភាពថ្មី ដែលបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យពាណិជ្ជកម្ម ខណៈអង្ករកម្ពុជាមានគុណភាពល្អ ជាពិសេស មានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិកអាស៊ានចំនួន៨។ 
 
ទន្ទឹមនេះ ឥណ្ឌូណេស៊ី ក៏ចាប់អារម្មណ៍លើការវិនិយោគបង្កើត រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក ព្រមទាំងការផ្គត់ផ្គង់ជីអុយរ៉េ មកកម្ពុជាផងដែរ។ 
លោក ឌិត ទីណា បានឆ្លើយតបថា កម្ពុជាបើកចំហរជានិច្ចសម្រាប់ឥណ្ឌូណេស៊ី ក្នុងការវិនិយោគក្នុងខ្សែច្រវាក់នៃវិស័យកសិកម្មរបស់កម្ពុជា ។ លោក នឹងជួយជ្រោមជ្រែងឱ្យដំណើរការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារឥណ្ឌូណេស៊ី ប្រព្រឹត្តដោយជោគជ័យ។  
 
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កាលពីថ្ងៃទី៨ ខែសីហា រយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបាន៣៦២ ៧០៨តោន ដែលគិតជាទឹកប្រាក់ប្រមាណ៣១៣ ៧៤២ ៤២០ដុល្លារ។ 
 
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់នៅក្នុងរបាយការណ៍នេះថា បច្ចុប្បន្ន តម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងហក់ឡើងខ្ពស់។ ក្នុងបរិបទនេះ កម្ពុជាកំពុងសិក្សាអំពីយុទ្ធសាស្ត្រទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការបង្កើនសមត្ថភាពប្រមូលទិញស្រូវស្តុកទុក ដើម្បីបង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕ 
 
 

Tag:
 កសិកម្ម
  ឥណ្ឌូណេស៊ី
  អង្ករ
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com