ជាតិ
អតីត​សម្ដេច​សង្ឃ ឃី សុវណ្ណ​រតនា ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​
22, Aug 2023 , 9:55 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ឃី សុវណ្ណរតនា
រូបភាពពីហ្វេសប៊ុកលោក ឃី សុវណ្ណរតនា
​ភ្នំពេញ​៖ លោក ឃី សុវណ្ណ​រតនា ដែល​គេ​ស្គាល់​ថា​ជា​អតីត​សម្ដេច​សង្ឃ​មាន​ព្រះនាម​ថាស​ម្ដេច​ព្រះមហា​អរិយវង្ស​បណ្ឌិត ឃី សុវណ្ណ​រតនា ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ចុះ​ព្រះហស្តលេខា​ដោយ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី នា​ថ្ងៃទី​២២ សីហា​នេះ​។


 
​ក្រោយ​លាចាក​សិក្ខាបទ​បាន​រយៈពេល​២០​ថ្ងៃ លោក ឃី សុវណ្ណ​រតនា ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅក្នុង​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត​។ លោក ឃី សុវណ្ណ​រតនា ជា​អតីតមន្ត្រី​សង្ឃ​ដែលមាន​ចំណេះដឹង​ខ្ពស់​ទាំង​ផ្លូវពុទ្ធចក្រ និង​អាណាចក្រ ដោយបាន​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​នៅ​ប្រទេស​ឥណ្ឌា និង​ស្រីលង្ការ​។ រដ្ឋលេខាធិការ​ដែល​ទើប​តែងតាំង​ថ្មីៗ​នេះ ចេះ​ទាំង​ភាសា​អង់គ្លេស​, ភាសា​បារាំង​, ភាសាសំស្ក្រឹត និង​ភាសាបាលី​។​
 
​បន្ទាប់ពី​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក ឃី សុវណ្ណ​រតនា បាន​សរសេរ​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដល់​ព្រះមហាក្សត្រ​, សម្ដេច ហ៊ុន សែន , សម្ដេច ប៊ុន រ៉ានី​, លោក ហ៊ុន ម៉ា​ណែ​ត និង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ដែលជា​មេ​របស់លោក​ផ្ទាល់​។ លោក រៀបរាប់​ដូច្នេះ​៖«​ទូលព្រះបង្គំ​ខ្ញុំបាទ​សូមក្រាបបង្គំទូល​ថ្លែង​អំណរ​ព្រះករុណា​ទិ​គុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត និង​សូម​ឱន​កាយ​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​អស់ពី​ដួង​ហឫទ័យ​...»​។​
 
​សូមបញ្ជាក់ថា លោក ឃី សុវណ្ណ​រតនា បាន​លាចាក​សិក្ខាបទ​កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២៣ ដោយ​មូលហេតុ​មាន​ភាព​នឿយណាយ និង​អស់​និស្ស័យ​ក្នុង​ព្រះ​ផ្នួស ហើយ​មានបំណង​ចូលរួមចំណែក​បម្រើ​សង្គមជាតិ ក្នុង​ភាពជា​ឃរាវាស ក្រោយ​សាក​ផ្នួស​អស់​រយៈពេល​២១​ឆ្នាំ​។ នេះ​បើតាម​លិខិត​ទូលថ្វាយ សម្ដេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្ដេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com