ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្រ្តីថ្មី ដាក់ចេញយុទ្ធសាស្ត្រថ្មី ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា​
25, Aug 2023 , 3:09 pm        
រូបភាព
លោក​ សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងសុន្ទរកថាក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទេសចរណ៍ នាថ្ងៃទី២៥សីហា ឆ្នាំ២០២៣។ រូបថត៖ ក្រសួងទេសចរណ៍
លោក​ សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងសុន្ទរកថាក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទេសចរណ៍ នាថ្ងៃទី២៥សីហា ឆ្នាំ២០២៣។ រូបថត៖ ក្រសួងទេសចរណ៍
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី លោក សុខ សូកេន បានដាក់ចេញសសរស្តម្ភយុទ្ធសាស្ត្រមួយចំនួន ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់។ សសរស្តម្ភយុទ្ធសាស្ត្រទាំងនោះមាន «បង្កើន៥ -BUILD» ជាមួយនឹងសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ «អភិវឌ្ឍ៣-3Ds»។​

 
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទេសចរណ៍​ នាថ្ងៃទី២៥សីហា លោក សុខ​ សូកេន បានរៀបរាប់ថា  «បង្កើន៥-BUILD»ទាំងនោះ មានសសរស្តម្ភយុទ្ធសាស្ត្រទីមួយ៖ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិតិ្តនាមកម្ពុជា ដើម្បីធ្វើឱ្យទេសចរនៃទីផ្សារគោលដៅកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ឈានមុខ។ ទីពីរ៖ បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាពទាក់ទាញរបស់កម្ពុជា ទៅកាន់ទីផ្សារសំខាន់ៗ ដើម្បីធ្វើឱ្យទេសចរនៃគោលដៅអាទិភាព និងពិភពលោក ចាប់អារម្មណ៍មកទស្សនាកម្ពុជា។ 
 
ទីបី៖ បង្កើតប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុង ពាក់ព័ន្ធនឹងការធ្វើដំណើររបស់ទេសចរ ​រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង-ទន់​ សំដៅកាត់បន្ថយរាល់បញ្ហាដែលប៉ះពាល់ដល់ការធ្វើដំណើរ​របស់ទេសចរ ដោយត្រូវបំពេញតម្រូវការទេសចរ តាមរយៈការលើកកម្ពស់គុណភាព ក្នុងការធ្វើដំណើរដល់គោលដៅឱ្យស្របតាមតាមស្តង់ដារអន្តរជាតិ។​ 
 
ទីបួន៖ បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត​ និងភាពជាខ្មែរ ដោយផ្អែកលើបេតិកភណ្ឌវប្បធម៌ បេតិភណ្ឌធម្មជាតិ​  ឆ្នេរសមុទ្រ ប្រជាជនខ្មែរ និងភាពជាខ្មែរ។ ជាពិសេសត្រូវពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ សេវាមួយ​-ស្តង់ដារមួយ តាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតង សម្រាប់ផលិតផល និងសេវាទេសចរណ៍ ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់អាស៊ាន សំដៅទៅលើការធ្វើពិពិធកម្មផលិតផលទេសចរណ៍ រួមទាំងការអភិវឌ្ឍប៉ូលទេសចរណ៍អាទិភាព  និងការបង្កើនច្រករបៀងទេសចរណ៍ ដើម្បីឆ្លើយតបនឹងការកើនឡើងនូវតម្រូវការទីផ្សាររគោលដៅអាទិភាព និងពិភពលោក។ 
 
សម្រាប់សសរស្ដម្ភយុទ្ធសាស្ត្រទីប្រាំនោះ គឺការបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ធនធាន និងគោលដៅទាក់ទាញទេសចរប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដោយបន្តអភិវឌ្ឍ ការធ្វើពិពិធកម្មធនធាន ក្នុងគោលដៅទាក់ទាញទេសចរ​ ដូចជាការបង្កើត និងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិទ្ធ ស្របតាមគោលនយោបាយស្តីពីទេសចរណ៍ពិសិទ្ធ ការជំរុញភាពទាក់ទាញទេសចរ និងការវិនិយោគ​។
 
ដើម្បីគាំទ្រ និងជំរុញការអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រទាំង៥នេះ ប្រកបដោយប្រសិទ្ធភាព និងឈានសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា​ ប្រកបដោយភាពប្រកួតប្រជែង ចីរភាព​ និងបរិយាប័ន្ន លោក​ សុខ សូកេន​ ក៏បានដាក់ចេញការងារគាំទ្រអាទិភាពចំនួន៣ទៀត ដែលហៅថា «អភិវឌ្ឍ៣-3Ds»។ ក្នុងនោះមានទីមួយ៖​ ការអភិវឌ្ឍរចនាសម្ព័ន្ធ និងពង្រឹងអភិបាលកិច្ចទេសចរណ៍ ដែលគិតគូរដល់ការរៀបចំក្រុមប្រឹក្សាជាតិទេសចរណ៍ រួមទាំងការពង្រឹងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ តាមរាជធានី-ខេត្ត​ ដោយបង្កើនកិច្ចសហការជាមួយដៃគូ រវាងរដ្ឋ-ឯកជន និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធនានា។​ 
 
ទីពីរ. ការអភិវឌ្ឍ​បដិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ដោយត្រូវមានការផែនការ និងធនធានច្បាស់លាស់ក្នុងការអនុវត្តស្របតាមដំណាក់កាលឌីជីថលរូបនីយកម្ម និងបដិវត្តន៍កម្មឌីជីថល។ រីឯទីបី៖ ការអភិវឌ្ឍធនធានមនុស្សដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលសមត្ថភាព ជំនាញវិជ្ជាជីវៈ ឆន្ទៈ មនសិការ គុណធម៌ ​និងសីលធម៌​ សម្រាប់បុគ្គលិក  និយោជក និយោជក​​ មន្ត្រីរាជការ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ឱ្យស្របតាមតួនាទី​ និងការទទួលខុសត្រូវខ្ពស់ ដោយធានាបាននូវបុគ្គលិកម្នាក់មានជំនាញមួយ។ ជាពិសេសបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ ឱ្យស្របតាមស្តង់ដារអាស៊ាន ព្រមទាំងលើកកម្ពស់សុខុមាលភាព មន្ត្រីទេសចរណ៍ប្រកបដោយសមធម៌ និងបរិយាប័ន្ន។ 
 
រដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍​​​ បន្តនិយាយយ៉ាងដូច្នេះ៖ «សរុបជារួម​ បង្កើន៥ និង អភិវឌ្ឍ៣​  នឹងដើរតួនាទីជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រថ្មី ក្នុងការជំរុញការអនុវត្តការងាររបស់មន្ត្រីក្រសួងទេសចរណ៍ គ្រប់លំដាប់ថ្នាក់ និងសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធទាំងថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មកាងារសម្រាប់សម្រួលរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា»។ 
 
លោក​ សុខ សូកេន បានបញ្ជាក់ថា ការដាក់ចេញនូវសសរស្តម្ភយុទ្ធសាស្ត្រ «បង្កើន៥ -BUILD» និង «អភិវឌ្ឍ៣-3Ds» គឺស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រួមទាំងគោលនយោ​បាយ និងផែនការយុទ្ធសាស្រ្តសំខាន់ៗពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ ក្នុងគោលដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយ​ឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ»។ 
 
សូមជម្រាបថា រយៈពេល៧ខែមកនេះ កម្ពុជា​ទទួលទេសចរបរទេសបានជាង៣លាននាក់ កើនជាង៣០០ភាគរយ​ ខណៈទេសចរផ្ទៃក្នុងមាន ជាង១៣លាននាក់ កើនប្រមាណ ​៨០​ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២។ បើតាមលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៥លាននាក់ នៅឆ្នាំ២០២៣។ «ចំនួននេះ​​ គឺស្របតាមចក្ខុវិស័យនៃកំណើនទេសចរអន្តរជាតិទស្សនាកម្ពុជា ដែលយើងគ្រោងទទួលបាន៨លាននាក់ និងទេសចរផ្ទៃក្នុង ប្រមាណ១៦លាននាក់ ក្នុងឆ្នាំ២០២៨»។ នេះជាការលើកឡើងរបស់លោក ទិត ចន្ថា៕ 
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com