ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ មិនបិទការនាំចូលគ្រឿងសមុទ្រ ពីប្រទេសជប៉ុនឡើយ
01, Sep 2023 , 9:29 pm        
រូបភាព
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្ម ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្ម ។
កម្ពុជា​ បន្តឱ្យមានការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ខណៈរដ្ឋាភិបាលប្រទេសមួយនេះ​ បានបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ចូលផ្ទៃសមុទ្រប៉ាស៊ីហ្វិក​ តាំងពីថ្ងៃទី២៤សីហា មក។​  បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មូលហេតុដែលកម្ពុជា​មិនបិទការនាំចូលគ្រឿងសមុទ្រនេះ ក៏ព្រោះតែជប៉ុនអនុវត្តត្រូវតាមលក្ខណៈបច្ចេកទេស  ថែមទាំងទទួលបានការយល់ព្រមពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)ទៀត មុនបង្ហូរទឹកសំណល់វិទ្យុសកម្មចូលសមុទ្រ។

 
ជាងមួយសប្តាហ៍ហើយ ដែលជប៉ុនបានបង្ហូរទឹកសំណល់វិទ្យុសកម្មនៅFukushima ចូលសមុទ្រ។ ដ្បិត​មានប្រតិបត្តិភ្លាមៗពីរដ្ឋាភិបាលប្រទេសចិន ដោយហាមនាំចូលគ្រឿងសមុទ្រពីជប៉ុនក្តី ប៉ុន្តែមកទល់ពេលនេះ​ មិនមានស្ថាប័នអន្តរជាតិណាមួយ ជាពិសេសអង្គការពាណិជ្ជកម្មពិភពលោក(WTO) ក៏ដូចជាអង្គការសុខាភិបាលពិភពលោក (​WHO) ចេញសេចក្តីប្រកាសអ្វីអំពីហានិភ័យ ឬផលប៉ះពាល់បរិស្ថាន និងអាហារសមុទ្រ ពីទឹកសំណល់វិទ្យុសកម្មនេះឡើយ។ ផ្ទុយទៅវិញ ទឹកសំណល់វិទ្យុសកម្មដែលធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima​ នេះ ត្រូវបាន IAEA អះអាងថា​ ជាទឹកមានសុវត្ថិភាព ដូចរោងចក្រនុយក្លេអ៊ែរនៅជុំវិញពិភពលោកឯទៀត បានបញ្ចេញចោលដែរ។​
 
ផ្អែកតាមស្ថានភាពជាក់ស្តែង និងកត្តាវិទ្យាសាស្ត្រខាងលើនេះ រួមទាំងកាតព្វកិច្ចក្នុងនាមជាសមាជិកWTO  កម្ពុជាត្រូវបន្តអនុវត្តក្នុងការពាណិជ្ជកម្មជាប្រទេសជប៉ុន។ នេះជាការលើកឡើងរបស់លោក ប៉ែន សុវិជាតិ ។
 
លោកបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)ថា៖​​ « យើងនៅតែអនុញ្ញាតឱ្យមានការនាំចូលគ្រឿងសមុទ្រពីជប៉ុន ដោយមិនមានការហាមនាំចូលនូវប្រភេទគ្រឿងសមុទ្រអ្វីឡើយ »។ 
បើតាមលោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ កាលពីឆ្នាំ២០២១ កម្ពុជា​នាំចូលគ្រឿងសមុទ្រពីជប៉ុន មានតម្លៃ​ប្រមាណ៦៨ម៉ឺនដុល្លារអាម៉េរិក។ ការនាំចូលនេះបានកើនដល់ជាង១,១លានដុល្លារក្នុងឆ្នាំ២០២២។ ដោយឡែក រយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជានាំចូលគ្រឿងសមុទ្រពីជប៉ុនមានតម្លៃ​ជាង៣៨ម៉ឺនដុល្លារ។ 
 
លោក សុវិជាតិ បានបន្ថែម​ថា អាហារគ្រឿងសមុទ្រដែលកម្ពុជានាំចូលពីជប៉ុននេះ ភាគច្រើន ជាប្រភេទសាច់បង្កក ដូចជា៖ ព្រុយត្រីឆ្លាម បង្កង ក្តាម...​ជាដើម។ ដោយឡែក ប្រភេទគ្រឿងសមុទ្រស្រស់ និងក្លាស្សេ រួមមាន ត្រីសាល់ម៉ុនប៉ាស៊ីហ្វិក ត្រីសាល់ម៉ុនអាត្លង់ទិក ត្រីដាវ ត្រីធូណា ​និងត្រីទីឡាពីយ៉ា ជាដើម។ 
 
ដ្បិត គ្រឿងសមុទ្រទាំងនេះ ត្រូវបាននាំចូលពីជប៉ុន ប៉ុន្តែកម្ពុជាពុំបានបែងចែកប្រភព​ដើម ឬពីតំបន់ណាមួយឡើយ។  «ដូច្នេះ ! ល្គឹកណា គ្មានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់ណាមួយពាក់ព័ន្ធនឹងបញ្ហាដែលថា ផលិតផលសមុទ្រ​  ឬ ទឹកសំណល់វិទ្យុសកម្មពីFukushima ដែលបង្ហូរចូលសមុទ្រ មានសារធាតុធ្វើឱ្យប៉ះពាល់លំហរសមុទ្រ និងបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋទេ គឺយើងពិបាកក្នុងការហាមឃាត់ពីការនាំចូលផលិតផលគ្រឿងសមុទ្រពីជប៉ុន»។ លោក ប៉ែន សុវិជាតិ បានលើកឡើងបែបនេះ ដោយបន្ថែមថា​ គ្រឿងសមុទ្រមួយចំនួន ជាពិសេសត្រីសាល់ម៉ុន ធូណា ដែលចរាចរលើទីផ្សារកម្ពុជានាបច្ចុប្បន្ន ក៏មានការនាំចូលពីប្រទេសវៀតណាម ចិន ​និងប្រទេសនានា ផងដែរ។
កាលពីខែមីនា ឆ្នាំ២០១១ ជប៉ុនបានរងនូវគ្រោះមហន្តរាយពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបណ្តាលឱ្យស្នូលរ៉េអាក់ទ័រចំនួន ៣ បានរលាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដោយបានបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើនចូលទៅក្នុងបរិយាកាសជុំវិញ។ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) ដែលដំណើរការរោងចក្រនេះ ត្រូវតែប្រើប្រាស់ទឹកក្នុងបរិមាណដ៏ច្រើន ដើម្បីធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់ ហើយប្រមូលវាទុកក្នុងធុងស្តុកទុកជាច្រើនក្នុងបរិវេណរោងចក្រ។
 
ក្រុមហ៊ុន TEPCO បានសាងសង់អាងធំៗជាង ១០០០អាង ដើម្បីផ្ទុកទឹកកខ្វក់ចំនួន ១,៣២លានតោន សម្រាប់ធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់។ ទំហំអាងទឹកនីមួយៗ ស្មើនឹងអាងហែលទឹកស្តង់ដារបស់អូឡាំពិកជាង ៥០០អាង ។
 
បច្ចុប្បន្នក្រុមហ៊ុន TEPCO មិនមានដីសម្រាប់សាងសង់ធុងស្តុកបន្ថែមទេ។ ពួកគេក៏ត្រូវការរំដោះទឹក ដើម្បីទុកកន្លែងទំនេរសម្រាប់ដំណើរការរោងចក្របន្តទៀត ។ TEPCO និយាយថា ទឹកសំណល់វិទ្យុសកម្មមានសារធាតុគ្រោះថ្នាក់មួយចំនួន ប៉ុន្តែសារធាតុទាំងនោះ ត្រូវបានចម្រោះយកចេញមុនពេលបង្ហូរទៅសុមុទ្រ។ 
ដំណើរការបញ្ចេញទឹកសំណល់វិទ្យុសកម្មពីជប៉ុន ក៏បានការឯកភាពពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ផងដែរ។ 
 
រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) អះអាងថា ទឹកដែលមានសមាសធាតុវិទ្យុសកម្មពីរោងចក្រ Fukushima  ត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ និងបញ្ចេញបន្តិចម្តងៗទៅក្នុងមហាសមុទ្រក្នុងរយៈពេលច្រើនឆ្នាំ។​ ជប៉ុនបានកំណត់ថា កំហាប់ទ្រីទីយ៉ូមដែលនៅក្នុងទឹកសំណល់វិទ្យុសកម្មនេះ មានទាបជាង១៥០០Becquerelក្នុង១លីត្រ (Becquerel គឺជាឯកតានៃវិទ្យុសកម្មនៅក្នុងប្រព័ន្ធអន្តរជាតិ) ទាបជាងកម្រិតដែលបានណែនាំរបស់អង្គការសុខភាពពិភពលោកចំនួន ៧ដងនៃកម្រិត ១០ ០០០ Becquerel ក្នុង១លីត្រ សម្រាប់ទឹកផឹក៕​
 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com