ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយចេញពីឆាកនយោបាយជិត៣០ឆ្នាំ លោក សាយ​ បូរី សម្រេចវិលចូលបក្សCPP , សម្ដេច ហ៊ុន សែន ស្វាគមន៍
06, Sep 2023 , 9:48 am        
រូបភាព
សាស្រ្តាចារ្យច្បាប់ដ៏ល្បីនៅកម្ពុជា លោក សាយ បូរី បានសម្រេចចូលប្រឡូកសកម្មនយោបាយវិញ ក្រោយដើរចេញអស់ជិត៣០ឆ្នាំ។ សាស្រ្តាចារ្យច្បាប់រូបនេះ សម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។



មួយរយៈចុងក្រោយនេះ លោក សាយ បូរី ដែលមានជំនាញផ្នែកច្បាប់ និងជាអតីតអ្នកនយោបាយមួយរូបផងនោះ បានបង្ហាញទស្សនៈសុទិដ្ឋិនិយមទៅលើគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជាង៣០ឆ្នាំមកនេះ។ អតីតស្ថាបនិកគណៈមេធាវីរូបនេះ បានយល់ច្បាស់អំពីមនោគមវិជ្ជាដឹកនាំប្រទេសរបស់សម្តេច ហ៊ុន សែន ដែលមានខ្លឹមសារស៊ីជម្រៅស្របនឹងឧត្តមគតិរបស់ខ្លួនទាំងស្រុង។
 
អ្វីដែលជំរុញចិត្តសាស្រ្តាចារ្យវ័យ៨២ឆ្នាំ វិលត្រឡប់កាន់សង្វៀននយោបាយវិញនោះ ដោយសាររូបលោក បានឃើញច្បាស់អំពីការឈានឡើងជាបន្តបន្ទាប់ នៃការអភិវឌ្ឍប្រទេសជាតិ, កិត្យានុភាពជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។
 
បណ្ឌិតច្បាប់ពីស្រុកបារាំងរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួន កាលពីថ្ងៃទី៥ កញ្ញា ដូច្នេះ៖«មួយជីវិតខ្ញុំជាអ្នកសិក្សាស្រាវជ្រាវ, ជាអ្នកបណ្តុះបណ្តាលបញ្ញវន្តនានាជាច្រើននាក់ និងជាអ្នកនយោបាយមួយរូប, ខ្ញុំមើលឃើញច្បាស់ថា ស្ថានភាពស្រុកទេសយើង មានលក្ខណៈល្អប្រសើរស្ទើគ្រប់វិស័យ ហើយគ្រឹះនៃសុខសន្តិភាព ព្រមទាំងការរៀបចំការបន្តវេនដឹកនាំប្រទេស ដោយអ្នកជំនាន់ក្រោយ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាបញ្ញវន្តពោពេញទៅដោយសមត្ថភាព នឹងបន្តធ្វើឱ្យប្រទេសជាតិយើង កាន់តែមានការរីកចំរើន និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ»។
 
ដោយសារមើលឃើញចំណុចវិជ្ជមានទាំងនេះ ទើបលោក សាយ បូរី ដែលផ្អាកសកម្មភាពនយោបាយតាំងពីអំឡុងឆ្នាំ១៩៩៥ នោះ សម្រេចចិត្តសុំចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ «ខ្ញុំបានសម្រេចចិត្តដើរតាមមាគ៌ានៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្សដ៏ឆ្នើម និងជាមហាអគ្គមគ្គុទេសរបស់ជាតិ»។ នេះបើតាមលោក បូរី ដែលបានបន្ថែមថា លោកបានផ្ញើសារទៅកាន់សម្ដេច ហ៊ុន សែន ប្រធានបក្សកាន់អំណាច ដើម្បីបង្ហាញពីទឹកចិត្តចូលជាសមាជិកបក្ស ក្នុងការរួមដំណើរកសាងប្រទេសជាតិ ពីក្រោយអ្នកបន្តវេនឆ្ពោះទៅរកការរីកចម្រើនរបស់សង្គម ឱ្យកាន់តែឆាប់រហ័ស។
 
ភ្លាមៗក្រោយទទួលបានសារពីលោក សាយ បូរី  សម្ដេច ហ៊ុន សែន បានបង្ហាញសមានចិត្តស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានបញ្ញវ័ន្ត ដែលមានបទពិសោធន៍ និងជ្រៅជ្រះលើផ្នែកច្បាប់រូបនេះ។

«តាមរយៈនៃការចូលរួមរបស់ឯកឧត្តម សាយ បូរី គណបក្សប្រជាជនកម្ពុជា នឹងទទួលបានបញ្ញាវ័ន្តដែលជាទីគោរព និងធនធានមនុស្សដ៏កម្របន្ថែមទៀត«។ នេះបើតាមសំណេររបស់ប្រធានបក្សប្រជាជនកម្ពុជា ដោយភ្ជាប់ជាមួយខ្លឹមសារសុំចូលរួមបក្សរបស់លោក សាយ បូរី។
 
លោក សាយ បូរី ដែលបញ្ចប់ជំនាញវិទ្យាសាស្ត្ររដ្ឋបាលពីទីក្រុងប៉ារីស ឆ្នាំ១៩៧៤នោះ បានលាលែងចេញពីគណបក្សលោកតាសឺន សាន តាំងពីឆ្នាំ ១៩៩៥ មុននឹងមកបង្កើតគណ:មេធាវី ហើយក៏បន្តបំពេញការងារបម្រើជាតិ ដោយឯករាជ្យ មិនចំណុះក្រោមបក្សនយោបាយណាមួយឡើយ។
អត្ថបទទាក់ទង
 
លោក សាយ បូរី ធ្លាប់ធ្វើជាមន្ត្រីជាន់ខ្ពស់ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃនាឆ្នាំ១៩៦៥, ធ្វើជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ទំនាក់ទំនងជាមួយរដ្ឋសភា (ឆ្នាំ១៩៩៣-១៩៩៥)។

ក្រៅពីតួនាទីជាសាស្ត្រាចារ្យតាមមហាវិទ្យាល័យ លោក សាយ បូរី ធ្លាប់ធ្វើជាប្រធានគណៈមេធាវីកម្ពុជា (១៩៩៥-១៩៩៨), សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, អតីតទីប្រឹក្សាផ្ទាល់របស់ព្រះបរមរតនកោដ្ឋ និងជាអតីតទីប្រឹក្សាច្បាប់របស់លោក កឹម សុខា ក្នុងក្របខណ្ឌអនុប្រធានទី១នៃរដ្ឋសភាជាតិ។
 
ស្នាដៃសៀវភៅដ៏ល្បីល្បាញរបស់លោក សាយ បូរី គឺ «នីតិរដ្ឋបាលសាធារណៈ» ជាភាសាខ្មែរ ដែលត្រូវបានបោះពុម្ពជាច្រើនលើក ចាប់តាំងពីឆ្នាំ២០០១ មក៕
 

Tag:
 សាយ បូរី
  ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com