អន្តរជាតិ
យោធាមីយ៉ាន់ម៉ា ច្រានចោលសេចក្តីសម្រេចរបស់អាស៊ាន ព្រោះរើសអើង និងធ្វើតែម្ខាង
06, Sep 2023 , 1:59 pm        
រូបភាព
ក្រសួងការបរទេសគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែកញ្ញា បានជំទាស់ការសម្រេចចិត្តរបស់មេដឹកនាំអាស៊ាន មកលើខ្លួន ហើយថែមទាំងចាត់ទុកថាមានការរើសអើង និងសម្រេចដោយភាគីតែម្ខាង។


 
នៅក្នុងសេចក្តីសម្រេចចេញនៅថ្ងៃទី៥ ខែកញ្ញា មេដឹកនាំអាស៊ាន នៅតែបន្តប្រកាន់យកការអនុវត្តការឯកភាព ៥ចំណុច រួមទាំងជំរុញឱ្យភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាររួមទាំងការការវាយប្រហារលើប្រជាជនស៊ីវិល។ បន្ថែមពីនេះ អាស៊ានក៏បានបង្កើតយន្តការ Troika និងសម្រេចឱ្យហ្វីលីពីនធ្វើជាប្រធានផ្លាស់វេននៅក្នុងឆ្នាំ២០២៦ ផង។ 
 
របបយោធាមីយ៉ាន់ម៉ា បានច្រានចោលសេចក្ដីថ្លែងការណ៍នេះ។ ក្រសួងការបរទេសមីយ៉ាន់ម៉ា គ្រប់គ្រងដោយយោធា នៅថ្ងៃទី៦ ខែកញ្ញា បានច្រានចោល និងចាត់ទុកថាមានការរើសអើង។ 
 
«ការយល់ឃើញមិនផ្អែកលើការពិតឡើយ ហើយការសម្រេចចិត្ត គឺមានការរើសអើង និងធ្វើឡើងតែភាគីតែម្ខាង»។ ក្រសួងការបរទេសគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញ ចេញផ្សាយលើសារព័ត៌មាន Global New Light of Myanmar។ 
 
ទន្ទឹមនេះ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានបន្ថែមថា ដោយមេដឹកនាំខ្លួន មិនមានវត្តមាននៅក្នុងក្រុងហ្សាការតា ការយល់ឃើញ និងសំឡេងរបស់រដ្ឋាភិបាលយោធា មិនត្រូវបានយកទៅពិចារណាឡើយ។ បន្ថែមពីនេះ របបយោធា ក៏បានជំរុញឱ្យអាស៊ាន គោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដូចដែលមានចែងនៅក្នុងធម្មនុញ្ញរបស់ខ្លួនផង។ 
 
មកទល់ពេលនេះ វិបត្តិមីយ៉ាន់ម៉ា នៅតែមិនទាន់មានច្រកចេញ ខណៈការបោះឆ្នោត នៅតែមិនទាន់ដឹងពីរយៈពេលច្បាស់លាស់។ យោធាមីយ៉ាន់ម៉ា នៅតែបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ចាប់តាំងពីឆ្នាំ២០២១ មក។ 
 
តាមការបញ្ជាក់របស់ប្រភពនៅក្នុងបក្សអភិវឌ្ឍ និងសាមគ្គីសហព័ន្ធទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ការបោះឆ្នោតនៅមីយ៉ាន់ម៉ា ទំនងរៀបចំឡើងនៅក្នុងឆ្នាំ២០២៥។ កន្លងមក បក្សនយោបាយចំនួន ៣៦ ត្រូវបានយោធាអនុញ្ញាតឱ្យចូលរួមការបោះឆ្នោត ខណៈបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរំលាយចោល៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com