អន្តរជាតិ
មេដឹកនាំកូរ៉េខាងត្បូង ជំរុញឱ្យបញ្ឈប់ការប៉ុនប៉ងបង្កើតកិច្ចសហប្រតិបត្តិការយោធា ជាមួយកូរ៉េខាងជើង
06, Sep 2023 , 6:29 pm        
រូបភាព
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២៤ នៅថ្ងៃទី៦ ខែកញ្ញា។ រូបភាព Facebook_Samdech Thipadei Hun Manet
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២៤ នៅថ្ងៃទី៦ ខែកញ្ញា។ រូបភាព Facebook_Samdech Thipadei Hun Manet
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី៦ ខែកញ្ញា បានជំរុញឱ្យបណ្តាប្រទេសមួយចំនួន ដែលប៉ុនប៉ងបង្កើតកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើងឱ្យផ្អាកសកម្មភាពភ្លាមៗ។


ដំណឺងពីការធ្វើទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅរុស្ស៊ីដើម្បីជជែកពីការផ្គង់ផ្គង់អាវុធជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កំពុងក្លាយជាប្រធានបទក្ដៅ បន្ថែមពីលើរបាយការណ៍នៃសមយុទ្ធរួមគ្នារវាងរុស្ស៊ី ចិន និងកូរ៉េខាងជើងផង។
 
លើបញ្ហានេះ ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល បានអំពាវនាវកុំឱ្យមានការបង្កើតកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២៤។ 
 
«ការប៉ុនប៉ងលើកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង ដែលបំផ្លាញដល់សន្តិភាពសហគមន៍អន្តរជាតិ គួរតែបញ្ឈប់ភ្លាមៗ»។ លោក យូន បានសង្កត់ធ្ងន់បែបនេះនៅចំពោះមុខមេដឹកនាំអាស៊ានផ្សេងទៀត នៅថ្ងៃទី៦ ខែកញ្ញា។ ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងត្បូង បានជំរុញឱ្យអាស៊ានចូលរួម ក្នុងការបិទខ្ទប់ធនធានសំខាន់ៗរបស់កូរ៉េខាងជើងសម្រាប់យកទៅអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលដូចជា ការលួចរូបិយវត្ថុគ្រីតូ រួមទាំងការនាំចេញកម្លាំងពលកម្មផង។ 
 
មិនតែប៉ុណ្ណោះ លោក យូន បានបញ្ជាក់ពីភាពចាំបាច់របស់សមាជិកអង្គការសហប្រជាជាតិទាំងអស់ ត្រូវតែចូលរួមគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ 
 
លើសពីនេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានអះអាងថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលដ៏ទំនើបរបស់កូរ៉េខាងជើង បានបង្កការគំរាមកំហែងយ៉ាងធ្ងន់លើសន្តិភាពនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មុនចូលរួមកិច្ចប្រជុំអាស៊ាន លោក យូន ថា កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង បានបង្កការគំរាមដោយផ្ទាល់លើអាស៊ានផង។
 
អាម៉េរិកវិញក៏ចេញព្រមានទុកដែរ បើកូរ៉េខាងជើងហ៊ានផ្ដល៉អាវុធណាមួយដល់រុស្ស៊ីនោះ៕
 

Tag:
 កូរ៉េខាងត្បូង
 ​ កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com