អន្តរជាតិ
អាស៊ាន
ជប៉ុន ក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទី៥ របស់អាស៊ាន
07, Sep 2023 , 7:39 pm        
រូបភាព
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៦ នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែកញ្ញា។ រូបភាព Facebook_Samdech Thipadei Hun Manet
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៦ នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែកញ្ញា។ រូបភាព Facebook_Samdech Thipadei Hun Manet
អាស៊ាន និងជប៉ុន នៅថ្ងៃទី៦ ខែកញ្ញា បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្ត (CSP) ស្របពេលទំនាក់ទំនងភាគីទាំងពីរឈានចូលដល់ខួប៥០ឆ្នាំ។ អាស៊ានចាត់ទុកជប៉ុន ជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់។


 
បន្ទាប់ពីចិន អូស្រ្តាលី អាម៉េរិក និងឥណ្ឌា ជប៉ុន ក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដូចគ្នា។ 
 
«ប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ដែលសំខាន់, ប្រកបដោយអត្ថន័យ និងផលប្រយោជន៍ទៅវិញទៅមក ក្នុងខួបមិត្តភាព និងសហប្រតិបត្តិការរយៈពេល ៥០ឆ្នាំ»។ សេចក្តីថ្លែងការណ៍រួមលើការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន បានបញ្ជាក់បែបនេះ។ 
 
ការសម្រេចដំឡើងទំនាក់ទំនងទៅកម្រិតដ៏ខ្ពស់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូក្នុងរយៈពេលយូរអង្វែង និងធានាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នៅក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំអាស៊ាន និងជប៉ុន នឹងជួបគ្នានៅក្រុងតូក្យូ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ថែមទៀត។
 
ពីវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក (AIPF) នៅទីក្រុងហ្សាកាតា នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូប្រកាសថា ជប៉ុននឹងពង្រឹងការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ីអាគ្នេយ៍ក្នុងវិស័យចំនួន៦ រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បណ្តាញអ៊ីនធឺណិត និងការល្បាតដែនសមុទ្រ។
 
នៅឆ្នាំក្រោយ កូរ៉េខាងត្បូង ត្រូវបានរំពឹងថា នឹងត្រូវដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយអាស៊ានដែរ៕ 
 

Tag:
 ជប៉ុន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com