ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋជាង ១ ០០០នាក់ បានដាក់បណ្តឹងនៅនិយ័តករអចលនវត្ថុ ក្រោយម្ចាស់បុរីរឹបអូស ផ្ទះ 
ផ្ទះពលរដ្ឋដែលម្ចាស់បុរីពិភពថ្មីរឹបអូសយកវិញ។ រូបថត៖ Harbor Property
×![]()
ភ្នំពេញ៖ បច្ចុប្បន្ន មានពលរដ្ឋជាង១០០០នាក់ បានដាក់បណ្តឹងនៅនិយ័តករអចលនវត្ថុ និងបញ្ចាំ។ នេះជាការលើកឡើងរបស់លោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអចលនវត្ថុ និងបញ្ចាំ ដោយបញ្ជាក់ថា មន្ត្រីជំនាញកំពុង ធ្វើការជាមួយម្ចាស់បុរី ដើម្បីរកដោះស្រាយជូនពលរដ្ឋ ដែលផ្ទះត្រូវបានម្ចាស់បុរីរឹបអូសយកទៅវិញ។
«ពលរដ្ឋជាង១០០០នាក់ ដែលដាក់បណ្តឹងមកយើង ពេលនេះក្រុមការងារកំពុងពិនិត្យ និង ធ្វើការជាមួយម្ចាស់បុរីដែលរឹបអូសផ្ទះ ពីពលរដ្ឋទាំងនោះ»។ លោក ជូ វណ្ណៈ ថ្លែង យ៉ាងខ្លីបែបនេះ ប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) នាព្រឹកថ្ងៃទី៨កញ្ញា ដោយពុំទាន់កំណត់រយៈពេលណាមួយ ដើម្បីសម្រេចនូវដំណោះស្រាយ សម្រាប់ភាគីម្ចាស់បុរី និងម្ចាស់ផ្ទះ ឡើយ។
កាលពីដើមខែមិថុនា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន អំពាវនាវឱ្យ ម្ចាស់បុរីទាំងឡាយ បញ្ឈប់ការរឹបអូសផ្ទះសម្បែង ដែលពលរដ្ឋគ្មានលទ្ធភាពបង់រំលោះជាបន្ទាន់ ដោយ សម្តេច ណែនាំឱ្យមានការរៀបចំនីតិវិធីដោះស្រាយឡើងវិញ។ សម្តេច ទាមទារឱ្យម្ចាស់បុរី ពន្យារ រយៈពេលសង ឬកាត់បន្ថយចំនួនប្រាក់ដែលត្រូវបង់ប្រចាំខែ ឬ ត្រូវរៀបចំឥណទាន ឡើងវិញ តាមលក្ខខណ្ឌជាក់ស្តែងរបស់ពលរដ្ឋ ដោយធ្វើយ៉ាងណា គឺចៀសវាងការ រឹបអូសផ្ទះពីអតិថិជន។ សម្តេច ហ៊ុន សែន អះអាងថា៖ «ការរឹបអូសផ្ទះពីអ្នកបង់រំលោះនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាប្រឈម គ្រោះថ្នាក់»៕
© រក្សាសិទ្ធិដោយ thmeythmey.com