ជាតិ
អន្តរជាតិ
សម្តេច ហ៊ុន ម៉ាណែត នឹងធ្វើទស្សនកិច្ចនៅចិន ៣ថ្ងៃ
11, Sep 2023 , 2:20 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព Samdech Thipadei Hun Manet
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព Samdech Thipadei Hun Manet
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងធ្វើទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសចិន នៅថ្ងៃទី១១ ខែកញ្ញា។

 
ដូចនឹងការសន្យា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងធ្វើទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃទី១១ ខែកញ្ញា។ 
 
ដំណើរទស្សនកិច្ចនៅចិននេះ ធ្វើឡើងតាមការអញ្ជើញរបស់សមភាគីចិន លោក លី ឈាំង។
 
ជាការពិត សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ពីដំណើរទស្សនកិច្ចនៅចិននេះ តាំងពីនៅក្នុងជំនួបជាមួយសមភាគីចិន លោក លី ឈាំង នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ។ 
 
កាលនោះ សម្តេច បានអះអាងថា លោកនឹងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅក្រុង Nanning និងធ្វើដំណើរទៅក្រុងប៉េកាំងដើម្បីចូលរួមកិច្ចប្រជុំគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់។ ពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅក្រុង Nanning នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា។ 
 
បន្ថែមពីនេះ ក្នុងជំនួបនៅក្រុងហ្សាការតា ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រាប់សមភាគីចិនថា ចាប់តាំងពីបង្កើតទំនាក់ទំនងក្នុងរយៈពេល ៦៥ឆ្នាំមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានផ្តល់ផលប្រយោជន៍ជាច្រើន ហើយសម្តេចក៏បានចាត់ទុកចិនជា មិត្តល្អ និងដៃគូដៃទុកចិត្តផង។ មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា រដ្ឋាភិបាលថ្មីនឹងបន្តគោរពគោលការណ៍ និងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីផង។
 
ចំណែកសមភាគីចិនវិញ លោក លី បានអះអាងថា ទំនាក់ទំនងចិន-កម្ពុជា នៅតែបន្តទ្រាំទ្របាននឹងការផ្លាស់ប្តូរ ក្នុងបរិបទអន្តរជាតិ ហើយបន្តរឹងមាំ និងមិនអាចបំបែកបាន។ បើតាមមេដឹកនាំចិនរូបនេះ ទំនាក់ទំនងប្រទេសទាំងពីរ ជាឧទាហរណ៍ថ្មីនៃទំនាក់ទំនងអន្តរជាតិ៕

Tag:
 កម្ពុជា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com