ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត នឹងជួបប្រធានាធិបតីចិន ពិភាក្សាពីសហប្រតិបត្តិការត្បូងពេជ្រ និងយុទ្ធសាស្រ្ត
12, Sep 2023 , 4:59 pm        
រូបភាព
សម្តេច ហ៊ុន សែន នាំលោក ហ៊ុន ម៉ាណែត ចូលជួបលោក ស៊ី ជិនភីង នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីខែកុម្ភៈ ឆ្នាំ២០២០។ លោក ហ៊ុន ម៉ាណែត ចាប់ដៃ ជាមួយលោក ស៊ី ជិនភីង។ រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត។
សម្តេច ហ៊ុន សែន នាំលោក ហ៊ុន ម៉ាណែត ចូលជួបលោក ស៊ី ជិនភីង នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីខែកុម្ភៈ ឆ្នាំ២០២០។ លោក ហ៊ុន ម៉ាណែត ចាប់ដៃ ជាមួយលោក ស៊ី ជិនភីង។ រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងជួបលោក ស៊ី ជិនភីង ប្រធានាធិបតីចិន ដើម្បីពិភាក្សាពីសហប្រតិបត្តិការត្បូងពេជ្រ និងយុទ្ធសាស្រ្តទំនាក់ទំនងទ្វេភាគី។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកញ្ញា។



តាមរយៈដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា និងមានជំនួបដោយឡែកជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន និងលោក ចាវ ឡឺជឺ ប្រធានសភាតំណាងប្រជាជន។ ក្នុងជំនួបនេះ ភាគីទាំងពីរ នឹងពិភាក្សាគ្នាលើទស្សនៈវិស័យមួយចំនួន រួមមាន ការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ក្នុងយុគសម័យថ្មី , ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, ទិសដៅយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់ និងអន្តរជាតិ ដែលផ្ដល់ប្រយោជន៍រួម។
 
ជាមួយគ្នានោះ សម្ដេច ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបជាមួយលោក លី ឈាង នាយករដ្ឋមន្រ្តីចិន ដែលនឹងពិភាក្សាគ្នា ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីភាព ក្នុងពិធីការចុះហត្ថលេខាលើឯកសារមួយចំនួនដែរ។
 
ស្របនឹងដំណើរទស្សនកិច្ចនេះ សម្តេច ហ៊ុន ម៉ាណែត ក៏នឹងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅក្រុង Nanning និងធ្វើដំណើរទៅក្រុងប៉េកាំងដើម្បីចូលរួមកិច្ចប្រជុំគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ នាថ្ងៃទី១៦-១៧ កញ្ញា ។ ពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅក្រុង Nanning នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា។ 
 
ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត ស្របនឹងការប្រារព្វខួបអនុស្សាវរីយ៍ ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះ ជាការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទ្វេភាគីបន្ថែមទៀត។
 
«ដំណើរទស្សនកិច្ចនេះ នឹងពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើន ក្នុងវេទិកាតំបន់ និងអន្តរជាតិ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ»។ នេះបើតាមក្រសួងការបរទេសកម្ពុជា។ 
 
 
ក្នុងជំនួបនៅក្រុងហ្សាការតា ក្រោយកិច្ចប្រជុំអាស៊ាន ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រាប់សមភាគីចិនថា ចាប់តាំងពីបង្កើតទំនាក់ទំនងក្នុងរយៈពេល ៦៥ឆ្នាំមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានផ្តល់ផលប្រយោជន៍ជាច្រើន ហើយសម្តេចក៏បានចាត់ទុកចិនជា មិត្តល្អ និងដៃគូដៃទុកចិត្តផង។ មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា រដ្ឋាភិបាលថ្មីនឹងបន្តគោរពគោលការណ៍ និងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីផង។
ចំណែកសមភាគីចិនវិញ លោក លី ឈាង នាយករដ្ឋមន្រ្តីចិន បានអះអាងថា ទំនាក់ទំនងចិន-កម្ពុជា នៅតែបន្តទ្រាំទ្របាននឹងការផ្លាស់ប្តូរ ក្នុងបរិបទអន្តរជាតិ ហើយបន្តរឹងមាំ និងមិនអាចបំបែកបាន។ បើតាមមេដឹកនាំចិនរូបនេះ ទំនាក់ទំនងប្រទេសទាំងពីរ ជាឧទាហរណ៍ថ្មីនៃទំនាក់ទំនងអន្តរជាតិ៕
 

Tag:
 ហ៊ុន ម៉ាណែត
  ចិន
 នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com