ជាតិ
វត្ថុបុរាណ​ខ្មែរចំនួន​៣៣ នឹង​ត្រូវ​ប្រគល់​មក​កម្ពុជា​វិញ ពី​គ្រួសារ Lindemann នៅ​សហរដ្ឋ​អាមេរិក
13, Sep 2023 , 6:59 pm        
រូបភាព
រូបពីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ
រូបពីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ
ភ្នំពេញ​៖ វត្ថុបុរាណ​ខ្មែរដ៏​ល្អ​ឯកចំនួន ៣៣ នឹង​ត្រូវ​ប្រគល់​មក​កម្ពុជា​វិញ ពី​គ្រួសារ Lindemann នៅ​សហរដ្ឋ​អាមេរិក​។ ព្រឹត្តិការណ៍ដ៏​​សំខាន់​នេះ គឺ​​ជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ជា​ច្រើន​ឆ្នាំ រវាង​ក្រុម​ការ​ងារ​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ដែល​បាន​បន្ត​សុពល​ភាព​ កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣​​ថ្មី​ៗ​នេះ​។



រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ការិយាល័យ​រដ្ឋ​អាជ្ញា​ ប្រចាំ​សង្កាត់​​ភាគ​ខាង​ត្បូង​ នៃ​ក្រុង​ញូវយ៉ក (ហៅ​កាត់​ថា USAO-SDNY) និង​ការិយាល័យ​​ស៊ើប​អង្កេត​សន្តិសុខមាតុភូមិ​ (ហៅ​កាត់​ថា HIS) បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ ជា​មួយ​អ្នក​កាន់​កាប់​សមុច្ច័យ​ឯកជន​ គឺ​គ្រួសារ Lindemann ទាក់​ទង​នឹង​វត្ថុ​បុរាណ​ខ្មែរចំនួន៣៣​។ ការិយាល័យ​ HSI សហការ​ជា​មួយ USAO-SDNY បាន​ដក​ហូត​រូប​ចម្លាក់ទាំង​នេះ​ ពី​គ្រួសារ​ខាង​លើ​។ 
 
វត្ថុ​បុរាណ​ទាំង​នោះរួម​មាន​ បដិមាព្រះ​វិស្ណុផ្ទុំ និង​បដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយ​ចំហៀង​ជា​ភេទ​ប្រុស និង​មួយ​ចំហៀង​ជា​ភេទ​ស្រី) ដែល​គេ​ជឿជាក់​ថា មាន​ប្រភព​មក​ពី​ប្រាសាទ​ក្រចាប់​ ស្ថិត​ក្នុង​អតីត​រាជធានី​កោះកេរ​។ 
 
លោក ឆាយ វិសុទ្ធ ប្រធាន​នាយក​ដ្ឋាន​សារមន្ទីរ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា កាល​បរិច្ឆេទ​ជាក់​លាក់​នៃ​ការ​បញ្ជូន​វត្ថុបុរាណ​​ទាំង​៣៣​ មក​ដល់​កម្ពុជាវិញ ​ពុំ​ទាន់​អាច​កំណត់​​ច្បាស់​នៅ​ឡើយ​ទេ ដោយ​ក្រុម​ការ​ងារ​បច្ចេកទេស ត្រូវ​ការ​ពេល​មួយ​ចំនួន​ទៀត​ ដើម្បី​រៀប​ចំ​ទុក​ដាក់​វត្ថុបុរាណ​​ទាំង​នោះ​។
 
«នៅ​ពេល​ដែល​​គេ​ប្រគល់​ឱ្យ​ យើង​ត្រូវ​គិតថា​​ត្រូវ​តម្កល់​ទុក​នៅ​ត្រង់​ណា។ ព័ត៌​មាន​ជាក់​ច្បាស់ ទាក់​ទង​នឹង​កម្ម​វិធី​ប្រគល់និង​ទទួល​​ ជា​ធម្មតាយើង​នឹង​ចេញ​នៅ​ពេល​​ក្រោយ​ទៀត។ ជាក់​ស្ដែង​កម្ម​វិធី​បែប​នេះ ច្រើន​តែ​ខាង​ស្ថាន​ទូត​ប្រកាស​ជា​ផ្លូវ​ការ​ ដូច្នេះ​យើង​សុំ​ពេល​វេលា​បន្តិច​ទៀត ដើម្បី​ឱ្យ​ក្រុម​ការ​ងារបច្ចេក​ទេស​​ខ្មែរ​យើង​នៅ​អាមេរិក រៀប​ចំ​ឱ្យ​បាន​រួច​រាល់​ ទើប​យើង​អាច​ធ្វើ​ដំណើរ​មក​កម្ពុជា​បាន​​​។ អ្វី​ដែល​យើង​ប្រកាស​នេះ គ្រាន់​តែ​ជាព័ត៌​មាន​បឋម​ ឱ្យ​សាធារណជន យល់​ដឹង​អំពី​របស់​ដែល​ខ្មែរ​យើង​ទទួល​បាន​មក​វិញ​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក វិសុទ្ធ​។
 
បើ​តាមសេចក្ដី​ជូនដំណឹង​ របស់​​ក្រសួង​វប្បធម៌​ និង​វិចិត្រ​ បាន​ស្រង់​សម្ដី​របស់​​សាក្សី​​ថា រូប​ចម្លាក់​ទាំង​នេះ ត្រូវ​បាន​លួច​យក​ចេញ​ ក្នុង​ទសវត្សរ៍​១៩៩០ ជា​ប្រាសាទ​តែ​មួយ​ ដែល​តម្កល់​បដិមាព្រះ​ឥសូរ​និង​ព្រះ​ស្កន្ទ និង​បដិមា​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក​។ ក្នុង​ចំណោម​វត្ថុ​​ដែល​ប្រគល់​មក​វិញ​នេះ ក៏​មាន​ចម្លាក់​ទេព​មួយ​អង្គ​ ដែល​គេ​ជឿ​ថា​ជា​បដិមា ព្រះ​ធ្ឬស្ថទ្យុមន៍​ (មេទ័ពនៃ​បណ្ឌពក្សត្រ​) ដែលមាន​ប្រភព​មក​ពី​​ប្រាសាទ​ចិន​ ក្នុ​ង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ផង​ដែរ​។
 
លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​​កោត​សរសើរ​​ដល់​គ្រួសារ​ Lindemann ដែល​បាន​ទទួល​ស្គាល់​ថា សម្បត្តិ​វប្បធម៌​របស់​​កម្ពុជា ដែល​ខ្លួន​កំពុង​កាន់​កាប់​ គឺ​បាន​មក​ដោយ​មិន​ស្រប​ច្បាប់​ ហើយ​ស្ម័គ្រ​ចិត្ត​ប្រគល់​សម្បត្តិ​វប្បធម៌​ទាំង​នោះ ត្រឡប់​មក​កម្ពុជា​វិញ​ ដែល​ជា​ម្ចាស់​កម្ម​សិទ្ធិ​​ស្រប​ច្បាប់​។
 
លោក​ស្រី​ថា ការ​ប្រគល់​មក​វិញ​នេះ គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​ដល់​សារមន្ទីរ​ និង​អ្នក​កាន់​កាប់​​សមុច្ច័យ​ឯកជន​​ផ្សេង​ទៀត ដែល​កម្ពុជា​ធ្លាប់​បាន​ជូន​ដំណឹង​ ដើម្បី​បន្ត​ប្រគល់​​មក​កម្ពុជា​វិញ​ នូវ​សម្បត្តិ​វប្បធម៌​ជាតិរបស់​យើង​។ លោក​ស្រី​ថា កម្ពុជា​​មាន​សេចក្ដី​រំភើប​​ក្រៃ​លែង ដែល​ស្នាដៃ​ល្អ​ឯក​ ទាំង​នេះត្រូវ​បាន​ប្រគល់​មក​វិញ បន្ទាប់​ពី​កិច្ច​សហការ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​មក​នេះ​​។ ក្នុង​នោះ​រូប​ចម្លាក់​ ព្រះ​ធ្ឬស្ថទ្យុមន៍ គឺ​ជា​បដិមាដ៏​សំខាន់​មួយ សម្រាប់​បេតិកភណ្ឌ​វប្បធម៌​​នៃ​មនុស្ស​ជាតិ​ ដោយ​សារ​រូប​នេះ​ គឺ​មាន​បដិមា​មួយ​ ក្នុង​ចំណោម​បដិមាទេព​ទាំង​៩​អង្គ ដែលមាន​​ប្រភព​ម​ក​ពី​ប្រាសាទ​ចិន នៅ​កោះកេរ​។ 
 
លោក​ស្រី​បន្ថែម​ថា បដិមា​ព្រះ​ធ្ឬស្ថទ្យុមន៍ ត្រូវ​បាន​គេ​លួច​ក្នុង​អំឡុង​​ពេល​សង្គ្រាម​ស៊ីវិល ហើយ​បាន​ដាក់​លក់​ដេញ​ថ្លៃ​ នៅ​ឆ្នាំ​១៩៩៤ ដោយ​ក្រុម​ហ៊ុន​ Chinese Porcelain Company ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ញូវ​យ៉ក​។ ក្រោយ​មក​រូប​ភាព​បដិមា​នេះ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ទស្សនាវដ្ដី​ Architectural Digest។ 
 
លោកស្រី ភឿង សកុណា បន្ថែម​៖«យើង​​មានក្ដី​រំភើប​ឥត​ឧបមា ​ដែល​ដឹង​ថា បដិមា​សំខាន់​ៗ​​ចំនួន​២​ទៀត​ ដែល​មាន​ប្រភព​មក​ពី​ប្រាសាទ​ក្រចាប់​ នៅ​កោះ​កេរ នឹង​ត្រូវ​ប្រគល់​ប្រឡប់​មក​វិញ​ដែរ គឺ​បដិមា​ព្រះ​វិស្ណុផ្ទុំ និង​បដិមា​អឌ្ឍនារីស្វរ ដែល​ត្រូវ​បាន​លួច​ ក្នុង​ឆ្នាំ​១៩៩៧​។ បដិមា​ព្រះ​វិស្ណុផ្ទុំ ត្រូវ​បាន​គេ​លួច​យក​ចេញ​ ពីតួប៉ម​កណ្ដាល​នៃ​ប្រាសាទ​ក្រចាប់​។ យើង​ក៏​កត់​សម្គាល់​ផង​ដែរ អំពី​សារសំខាន់​នៃ​ព្រះ​សិរ្យអសុរា និង​ទេព ដែល​មាន​អាយុ​កាល​ក្នុង​សម័យ​អង្គរ​ នៃ​រាជ្យ​ព្រះ​មហាក្សត្រ​ដ៏​អស្ចារ្យ​បំផុត​គឺ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​។ ការ​បញ្ជូន​​ត្រឡប់​មក​វិញ​នេះ បង្ហាញ​ជា​ថ្មី​ម្ដង​ទៀត​ នូវ​ការ​ប្ដេជ្ញាចិត្ត​​របស់​កម្ពុជា ក្នុង​ការ​បន្តស្វែង​រក និង​នាំ​យក​មក​វិញ​នូវ​ព្រលឹង​ដូន​តា ដែល​បាន​ចាក​ចេញ​ពី​មាតុភូមិ​កន្លង​មក​»។ 
 
អត្ថបទទាក់ទង

លើស​ពី​នោះ លោក​ស្រី​ ភឿង សកុណា បាន​សម្ដែង​ការ​កោត​សរសើរ​ និង​ថ្លែង​អំណរ​គុណ​ ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ការិយាល័យ​​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក USAO-SDNY, HSI និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ ទាំង​នៅ​ក្រៅ​ប្រទេស និង​នៅ​កម្ពុជា។ ពិសេស​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា និង​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ ក្រុម​បុរាណ​វិទូ របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​។
 
លោក​ស្រី​ក៏​ថ្លែង​អំណរ​គុណ​ដល់​គ្រួសារ Lindemann ដែល​បាន​សម្រេច​ចិត្ត ជា​ប្រវត្តិសាស្ត្រ​ ក្នុង​ការ​ប្រគល់​ស្នាដៃ​ដ៏​ល្អ​ឯកទាំង​នេះ​ ត្រឡប់​មក​កម្ពុជា​វិញ​។ ​ថ្លែង​អំណរ​គុណ​​ដល់​លោក Bradley J. Gordon នៃ​ក្រុម​ហ៊ុន​ Edenbridge Asia និង​លោក Steven Heimberg នៃ​ក្រុម​ហ៊ុន​ Heimberg Barr LLP និង​ជា​ទី​ប្រឹក្សា​ផ្នែក​ច្បាប់​ របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ដែល​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ ជួយ​ដល់​ក្រុម​ការ​ងារ​ក្រសួង​ ក្នុង​ការ​ចរចា​ទាម​ទារ​ នូវ​សម្បត្តិ​​វប្បធម៌​ខ្មែរ។ លោក​ស្រីថា កិច្ច​ការ​នេះ គឺ​ជា​ការ​រួម​ចំណែក​ដ៏​ជោគ​ជ័យ​ ក្នុង​ការ​ទទួល​បាន​មក​វិញ​នូវ​កេមរតក ដែល​មិន​អាច​កាត់​ថ្លៃ​បាន​។
 
«យើង​​ពិត​ជា​មាន​មោទកភាព ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​កិច្ច​សហប្រតិបត្តិ​ការ​រួម​គ្នា ជា​មួយ​សហរដ្ឋ​អាមេរិក ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​​ខ្មែរ និង​ការ​នាំ​ត្រឡប់​មក​វិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ ដែល​ត្រូវ​បាន​គេ​លួច​នាំ​ចេញ​ដោយ​ខុស​ច្បាប់​។ ការ​បញ្ជូន​ត្រឡប់​មក​វិញ​ នូវ​សម្បត្តិ​បេតិ​កភណ្ឌ​វប្បធម៌​ទាំង​នេះ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ផ្សះ​ផ្សា និង​ព្យាបាល​របួស​ផ្លូវ​ចិត្ត​ របស់​ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លង​កាត់​​​សង្គ្រាម​​ស៊ីវិល​រាប់​ទសវត្សរ៍​ និង​រង​គ្រោះ​ដ៏​ឈឺ​ចាប់​ ពី​សោកនាដកម្ម​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោកស្រី សកុណា​។ 
 
សូម​បញ្ជាក់​ថា ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ​ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ លើក​ទី​៥ ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​​ផ្នែក​វប្បធម៌ រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ នៅ​សារមន្ទីរ​ជាតិ​ នាថ្ងៃ​ទី​៣០​ ខែ​សីហា ឆ្នាំ​២០២៣​។ នេះ​ជា​ការ​បញ្ជាក់​ជាថ្មី នូវ​ការ​ប្ដេជ្ញា​ចិត្ត​យូរ​អង្វែង​ របស់​សហរដ្ឋ​​អាមេរិក ក្នុង​ការ​អភិរក្ស និង​ជួស​ជុល​បេតិកភណ្ឌ​វប្បធម៌ ​ដ៏​សម្បូរ​​បែបរបស់​កម្ពុជា​។
 
គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ ដែល​ជា​ឆ្នាំ​ដំបូង ​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ផ្នែក​វប្បធម៌ រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ កម្ពុជា​ទទួល​បាន​សមុច្ច័យ​​ជាង​១០០​ដុំ​ហើយ​ ពី​សហរដ្ឋ​អាមេរិក​។ ទោះ​ជា​យ៉ាង​ណា​ កិច្ច​ការ​ស្វែង​រក​វត្ថុ​បុរាណ​​ខ្មែរ មក​កាន់​ទឹក​ដី​កំណើត​វិញ​នេះ ពុំ​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ​​។ នោះក៏ដោយ​សារ​តែ​វត្ថុ​បុរាណ​ទាំង​នេះ មាន​តម្លៃ​ថ្លៃ​ខ្លាំង ដូច្នេះ​អ្នក​កាន់​កាប់​វត្ថុ​បុរាណ​ទាំង​នោះ ពុំ​ចង់​ផ្ដល់​មក​ឱ្យ​​កម្ពុជា​​​​វិញ​ទេ​​៕
 

Tag:
 វត្ថុបុរាណ
  វប្បធម៌​
  សិល្បៈ​
  អាមេរិក​
  សមុច្ច័យ
  កម្ពុជា​
  កិច្ច​សហប្រតិបត្តិការ​
© រក្សាសិទ្ធិដោយ thmeythmey.com