ជាតិ
អ្នកនាំពាក្យ៖ ក្រុងពោធិ៍សាត់ អាចរងការជន់លិចបើភ្លៀងនៅតែបន្តធ្លាក់
28, Sep 2023 , 4:14 pm        
រូបភាព
ទឹកជន់លិចស្រុកវែលវែង ខេត្តពោធិ៍សាត់។ រូបពី រដ្ឋបាលខេត្ត ពោធិ៍សាត់
ទឹកជន់លិចស្រុកវែលវែង ខេត្តពោធិ៍សាត់។ រូបពី រដ្ឋបាលខេត្ត ពោធិ៍សាត់
ភ្នំពេញ៖ ​ ជំនន់ទឹកភ្លៀង ដែលកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកវាលវែង កំពុងគំរាម​កំហែង​ដល់​ក្រុង​ពោធិ៍សាត់។ លោក សុទ្ធ គឹម​កុល​មុន្នី អ្នក​នាំពា​ក្យ​​គ​ណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រ​ង​គ្រោះម​ហន្ត​រាយ បានឱ្យសារព័ត៌មានថ្មីៗដឹងថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់​នៅក្នុងយប់នេះ និងថ្ងៃស្អែកនោះ ក្រុងពោធិ៍សាត់ អាចរងជន់លិច។

 
​ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ជាបន្តបន្តាប់ ក្នុង​​ខេត្ត​ពោធិ៍សាត់ ពិសេស​នៅក្នុងភូមិសាស្ត្រស្រុកវែលវែង ដែលបានបង្កជាជំនន់ទឹកភ្លៀង។ បច្ចុប្បន្ន ខេត្ត​នេះ ប្រ​ឈម​នឹងការគំរាមកំហែងពីទឹកជំនន់ ចូលដល់ក្នុងក្រុង។ លោក សុទ្ធ គឹម​កុល​មុន្នី លើក​ឡើងបែបនេះ ហើយបញ្ជាក់ថា៖ «បើសិនល្ងាចនេះ និងយប់ថ្ងៃទី២៨ មានភ្លៀងមិន​ឈប់ រហូត​ដល់ស្អែក អាចនឹងមានទឹកជន់លិចក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀងជា​ដើម»។ 
 
ចំពោះការវាយតម្លៃ ពីស្ថានភាពជំនន់ទឹកភាពក្នុងខេត្តពោធិ៍សាត់នេះ លោក សុទ្ធ គឹម​កុល​មុន្នី ធ្វើឡើងតាមរយៈ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគ​ណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រ​ង​គ្រោះម​ហន្តរាយប្រចាំខេត្តពោធិ៍សាត់។ យ៉ាងណា លោក សុទ្ធ គឹម​កុល​មុន្នី អះអាងថា អាជ្ញាធរតាមមូលដ្ឋាន អាចគ្រប់គ្រងស្ថានភាពទឹកលិចបាន ហើយក៏​ស្នើឱ្យពលរដ្ឋចូលរួមជួយផ្ដល់ព័ត៌មានឱ្យបានឆាប់ ពាក់ព័ន្ធស្ថានភាពផងដែរ ដើម្បី​រួមគ្នាចុះជួយ​អន្តរាគមន៍ដល់គ្រួសារដែលរងគ្រោះ។ 
 
ក្រៅពីខេត្តនេះ ក៏មានខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តព្រះសីហនុ និងខេត្ត កោះកុង ដែលរងគ្រោះដោយសារជំនន់ទឹកភ្ញៀវ។ ក្នុងខេត្តទាំងនេះ គឺខេត្តកំពង់ធំ រងគ្រោះធ្ងន់ធ្ងរជាងគេ។ នេះបើតាមរបាយការណ៍ ​​គ​ណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រ​ង​គ្រោះម​ហន្តរាយ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com