អន្តរជាតិ
ថៃចាប់ខ្លួនមនុស្ស ៣រូប ពាក់ព័ន្ធនឹងការលក់គ្រាប់ និងកំាភ្លើង​ឱ្យជនសង្ស័យវ័យ១៤ឆ្នាំ
05, Oct 2023 , 5:09 pm        
រូបភាព
រូបភាពបាងកកប៉ុស្តិ៍
រូបភាពបាងកកប៉ុស្តិ៍
បុរសចំនួន ៣នាក់ ត្រូវបានចាប់ខ្លួននៅខេត្ត Yala និងក្រុងបាងកក ពីបទលក់កាំភ្លើង រួមទាំងកាំភ្លើងសម្រាប់បាញ់គ្រាប់គ្មានក្បាល និងគ្រាប់កាំភ្លើង ទៅជនសង្ស័យវ័យ១៤ឆ្នាំ ដែលបានបាញ់ប្រហារនៅក្នុងផ្សារទំនើប Siam Paragon នៅថ្ងៃទី៣ ខែតុលាកន្លងមក។ ទន្ទឹមនេះ កុមារវ័យ ១៤ឆ្នាំនេះ ក៏ត្រូវរងបទចោទពាក់ព័ន្ធអំពើឃាតកម្ម និងបទចោទផ្សេងទៀតផង។

 
ប៉ូលិសខេត្តតំបន់ទី៩ ថៃ នៅថ្ងៃទី៥ ខែតុលា បានចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងការលក់កាំភ្លើង និងគ្រាប់ឱ្យក្មេងវ័យ ១៤ឆ្នាំ ដែលបានបាញ់ប្រហារនៅក្នុងផ្សារទំនើប Siam Paragon​ នៅពេលពេលកន្លងមក។ ការបាញ់ប្រហារនេះ បានបង្កឱ្យជនជាតិបរទេសចំនួន ២នាក់ មានចិន និងមីយ៉ាន់ម៉ា ស្លាប់ និង៥នាក់ផ្សេងទៀត រងរបួស។ 
 
បុរសពីរនាក់នេះ ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះមួយក្នុស្រុក Muang នៃខេត្ត Yala នៅម៉ោងប្រមាណ១យប់ (ម៉ោងក្នុងស្រុក)។ ក្នុងប្រតិបត្តិការនេះ ប៉ូលិសរឹបអូសបាន គ្រាប់កាំភ្លើងចំនួន ២០៩គ្រាប់ សម្រាប់កាំភ្លើងបាញ់គ្រាប់គ្មានក្បាល, គណនីធនាគារ និងសម្ភារផ្សេងទៀត។ បុរសទាំងពីរនេះ ត្រូវបាននាំទៅក្រុងបាងកក ដើម្បីសួរចម្លើយ។ ចំណែកបុរសម្នាក់ទៀត ត្រូវបានចាប់ខ្លួននៅក្នុងក្រុងបាងកកតែម្តង។ 
 
ជនសង្ស័យវ័យ ១៤ឆ្នាំ បានទិញកាំភ្លើងសម្រាប់បាញ់គ្រាប់គ្មានក្បាលនេះ ក្នុងតម្លៃ ៤៣២ដុល្លារ (១៦០០០បាត)។ ពេលនេះ ក្មេងប្រុសនោះត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងមួយកន្លែង ដែលមានការត្រួតពិនិត្យផ្នែកផ្លូវចិត្ត។ 
 
ក្រោយការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ជនសង្ស័យប្រឈមនឹងបទចោទឃាតកម្ម និងបទចោទផ្សេងទៀត ពាក់ព័ន្ធនឹងការបាញ់ប្រហារ។
 
កន្លងមក នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន បានប្តេជ្ញាបើកការស៊ើបអង្កេតឱ្យបានឆាប់រហ័សបំផុត និងការពារសុវត្ថិភាពសាធារណៈ រួមទាំងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ក្នុងកិច្ចសន្ទនាជាមួយអគ្គរដ្ឋទូតចិនប្រចាំនៅថៃ៕ 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com