ជាតិ
អ្នកនេសាទចាប់បាន ត្រីប៉ាសាណាក«និមិត្តរូបតំបន់មេគង្គ»និងកន្ធាយក្បាលកង្កែប ទម្ងន់៣៤គីឡូក្រាម
06, Oct 2023 , 9:09 am        
រូបភាព
រូបភាព៖ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង
រូបភាព៖ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ក្នុងថ្ងៃតែមួយ ប្រជានេសាទខេត្តស្ទឹងត្រែង ចាប់បានត្រីប៉ាសាណាក ដែលជានិមិត្តរូបតំបន់មេគង្គ និងកន្ធាយក្បាលកង្កែប ទម្ងន់៣៤គីឡូក្រាម នៅភូមិត្បូងខ្លា ​និងភូមិ​អូរ​ច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ធនធានជលផលទាំងពីរនេះ ត្រូវបានចាត់ថ្នាក់ជាប្រភេទកម្រ និងកំពុងរងគ្រោះជិតផុតពូជ ខណៈអាជ្ញាធរ អំពាវនាវឱ្យអ្នកនេសាទចូលការពារទាំងអស់គ្នា។



លោកស្រី សម​វិចិត្រ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្តស្ទឹ​ងត្រែង ​បានបញ្ជាក់ថា ត្រីប៉ាសាណាក ទម្ងន់៥,៥គីឡូក្រាម និងកន្ធាយក្បាលកង្កែប ទម្ងន់៣៤គីឡូក្រាម ត្រូវបានប្រទះឃើញជាប់សន្ទូចរបស់ប្រជានេសាទ កាលពីថ្ងៃទី២ ខែតុលា ស្ថិតក្នុងភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក្នុងថ្ងៃដដែល អ្នកនេសាទ បានប្រគល់ កន្ធាយក្បាលកង្កែប ទៅកាន់​ក្រុមអ្នកជំនាញ ដើម្បីយកទៅថែរទាំ និងព្យាបាល ដោះលែងទៅក្នុងដែនទឹកនេសាទធម្មជាតិវិញ រីឯត្រីប៉ាសាណាកវិញ ត្រូវបានយកសំណាកមកថែររក្សានៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល។
 
កន្ធាយក្បាលកង្កែប ត្រូវបានចាត់ថ្នាក់ជាប្រភេទកម្រ និងកំពុងរងគ្រោះថ្នាក់បំផុត។ ចំណែក ត្រី​ប៉ាសាណាក ក៏ស្ថិតក្នុងក្រុមកម្រដែរ ប៉ុន្តែវាមិនចូលក្នុងអនុក្រឹត្យ«ការកំណត់ធនធានជលផលកំពុងរងគ្រោះថ្នាក់»នោះទេ។ ធនធានជលផលទឹកសាប ដែលចូលក្នុងអនុក្រឹត្យ«ការកំណត់ធនធានជលផលកំពុងរងគ្រោះថ្នាក់»មានចំនួន២៩ប្រភេទ។ 
 
លោក សមវិចិត្រ បានលើកឡើងថា ការអភិរក្សធនធានជលផលកម្រ និងកំពុងរងគ្រោះ គឺជាការងារអាទិភាពមួយដែល នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្តស្ទឹ​ងត្រែង កំពុងបំពេញទាំងយប់ទាំងថ្ងៃ។ ដូច្នេះ ដើម្បីបង្កើនប្រសិទ្ធភាពជាងនេះ លោក អំពាវនាវឱ្យប្រជានេសាទ និងពលរដ្ឋចូលរួមការពារ និងទប់ការលក់ដូរ ទាំងអស់គ្នា។ 
 
លោក បន្ថែមដូច្នេះថា៖« ប្រសិនបើ យើងការពារបាន វានឹងជំរុញឱ្យធនធានកម្រកើនឡើងវិញ។ ម្យ៉ាងវិញទៀត វាក៏ទុកឱ្យកូនចៅជំនន់ក្រោយបានស្គាល់ បានដឹងផងដែរ។ ប្រភេទត្រីដែលចាប់បាននេះ សុទ្ធតែជាធនធានកម្រ ដែលប្រទេសមួយចំនួនគ្មាន ដូច្នេះ វាមានតម្លៃជាសកល  ដែលទាមទារឱ្យអ្នកពាក់ព័ន្ធចូលរួមការពារថែរក្សា»៕ 
 

Tag:
 ជលផលខេត្តស្ទឹងត្រែង
  កន្ធាយក្បាលកង្កែប
  ត្រីប៉ាសាណាក
© រក្សាសិទ្ធិដោយ thmeythmey.com