អន្តរជាតិ
បណ្តាប្រទេសអាស៊ាន ឯកភាពផ្តល់អាទិភាពជួយផ្គត់ផ្គង់អង្ករសម្រាប់សមាជិកអាស៊ាន
07, Oct 2023 , 5:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
បណ្តាប្រទេសអាស៊ាន បានឯកភាពផ្តល់អាទិភាព ក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីជម្នះបញ្ហាសន្តិសុខស្បៀង និងបញ្ហាស្បៀងអាហារផ្សេងទៀតនៅក្នុងតំបន់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីសន្តិសុខស្បៀង និងកសិកម្មម៉ាឡេស៊ី លោក Mohamad Sabu នៅថ្ងៃទី៦ ខែតុលា។


 
រដ្ឋមន្រ្តីកសិកម្មពីបណ្តាប្រទេសអាស៊ាន បានជួបជុំគ្នានៅទីក្រុងគូឡាឡាំពួ ម៉ាឡេស៊ី ក្នុងសប្តាហ៍នេះ ដើម្បីជជែកពីបញ្ហាសន្តិសុខស្បៀង ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ។ ក្រោយជំនួបនេះ រដ្ឋមន្រ្តីសន្តិសុខស្បៀង និងកសិកម្មម៉ាឡេស៊ី លោក Mohamad Sabu បានបញ្ជាក់ថា អាស៊ាន បានសម្រេចកិច្ចព្រមព្រៀងមួយ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អង្ករនៅក្នុងតំបន់់។ 
 
«កិច្ចសហការរបស់អាស៊ាន មានន័យថា ប្រសិនបើយើងជួបបញ្ហាអង្ករ បណ្តាប្រទេសសមាជិកអាស៊ាន នឹងផ្តល់អាទិភាពសម្រាប់សមាជិកអាស៊ានមុនគេ»។ រដ្ឋមន្រ្តីកសិកម្មម៉ាឡេស៊ី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៦ ខែតុលា។ 
 
មិនតែប៉ុណ្ណោះ លោក Mohamad បានបន្ថែមថា កម្ពុជា វៀតណាម និងថៃ ថា នឹងពិចារណាចំពោះសំណើថ្មីលើការនាំចូលអង្ករបន្ថែមពីប្រទេសទាំងនោះ។  នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
កន្លងមក ម៉ាឡេស៊ី បាននាំចូលអង្ករប្រមាណ៣៨ភាគរយ ដើម្បីបំពេញតម្រូវការរបស់ខ្លួន ហើយក៏ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ដែលរងផលប៉ះពាល់ដោយគោលនយោបាយរឹតត្បិតលើការនាំចេញអង្ករពីបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា និងរុស្ស៊ីជាដើម។ 
 
ថៃ និងវៀតណាម ស្ថិតក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ដែលនាំចេញអង្ករទៅក្នុងទីផ្សារពិភពលោក។ គិតត្រឹម៨ខែ ឆ្នាំ២០២៣ វៀតណាម បាននាំចេញអង្ករបានប្រមាណ ៥,៨១លានតោន និងថៃនាំចេញបាន៥,២៧លានតោន។ ឥណ្ឌា នៅតែជាប្រទេសនាំចេញអង្ករលំដាប់ទីមួយលើពិភពលោក៕
 

Tag:
 អាស៊ាន
  កម្ពុជា
  ថៃ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com