អន្តរជាតិ
អ៊ីស្រាអែល ប្រកាសសងសឹកលើក្រុមហាម៉ាស
08, Oct 2023 , 10:29 am        
រូបភាព
រូបភាព AFP
រូបភាព AFP
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី៧ ខែតុលា បានប្រកាសសងសឹកលើក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធមួយប្រឆាំងអ៊ីស្រាអែល ក្រោយការវាយប្រហារជាថ្មីពីសំណាក់ក្រុមសកម្មប្រយុទ្ធមួយនេះ។


 
«យើងនឹងចាត់វិធានការសងសឹងចំពោះថ្ងៃដ៏ខ្មៅមួយនេះ»។ លោក លោកបេនចាមីន ណេតាន់យ៉ាហ៊ូនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ក្រុមហាម៉ាស ជាអ្នកចាំផ្តើមសង្រ្គាមដ៏ឃោរឃៅ។ 
 
បន្ថែមពីនេះ លោក ណេតាន់យ៉ាហ៊ូ សន្យាថា អ៊ីស្រាអែល នឹងឈ្នះសង្រ្គាមមួយនេះ ហើយក្រុមហាម៉ាស ត្រូវតែទទួលផលវិបាកនៃការចាប់ផ្តើមសង្រ្គាម។ 
 
ក្នុងសុន្ទរកថានៅថ្ងៃទី៧ ខែតុលានេះ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់ថា ក្រុមហាម៉ាស ចង់សម្លាប់រាល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយថែមទាំងបានចាប់ខ្លួនមនុស្សចាស់ ក្មេងៗ និងក្មេងស្រីជាច្រើន។ 
 
ចាប់តាំងពីព្រឹកថ្ងៃទី៧ ខែតុលាមក ក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតប្រមាណ ៥០០០គ្រាប់ ក្រុមយុទ្ធនាការ Operation Al-Aqsa Flood ប្រឆាំងអ៊ីស្រាអែល។ តាមការបញ្ជាក់របស់អ្នកនាំពាក្យយោធាអ៊ីស្រាអែល ក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតចេញពីសមុទ្រ ដី និងអាកាស។ ជម្លោះនេះ មានសភាធ្ងន់ធ្ងរខ្លាំង បើគិតចាប់តាំងពីឆ្នាំ២០២១ មក ដែលកាលនោះមានសង្រ្គាមរយៈពេល ១១ថ្ងៃ។ 
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រុមហាម៉ាស ប្រតិបត្តិការក្រុមប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល គឺដើម្បីឆ្លើយតបអំពើឃោរឃៅលើ ប្រជាជនប៉ាឡេស៊្ទីនទាំងអស់ ដែលបានកើតមាននៅពេលកន្លងមក។ ត្រង់ចំណុចនេះ ក្រុមហាម៉ាស ចង់ឱ្យសហគមន៍អន្តរជាតិ បញ្ឈប់អំពើឃោរឃៅនៅក្នុងតំបន់កាហ្សា ដែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។ 
 
បន្ថែមពីនេះ ក្រុមហាម៉ាស ក៏បានអំពាវនាវឱ្យក្រុមប្រយុទ្ធ នៅជ្រោយខាងលិច (West Bank) ក៏ដូចជាប្រទេសអារ៉ាប់ និងប្រជាជាតិអ៊ីស្លាម ចូលរួមប្រយុទ្ធជាមួយខ្លួនប្រឆាំងនឹងអ៊ីស្រាអែលផង៕ 
 

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com