អន្តរជាតិ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ព្រមានពីសង្រ្គាមរយៈពេលយូរ និងពិបាកជាមួយក្រុមហាម៉ាស
08, Oct 2023 , 2:29 pm        
រូបភាព
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ រូបភាព AFP
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ រូបភាព AFP
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី៨ ខែតុលា បានព្រមានពីសង្រ្គាមរយៈពេលវែង និងពិបាកជាមួយក្រុមហាម៉ាស ដែលបានចូលមកក្នុងដែនដីរបស់ខ្លួន ក្នុងថ្ងៃទី៧ ខែតុលា។ ជម្លោះនេះ បានបង្កឱ្យមានភាពតានតឹង និងប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលជាថ្មី។



«សង្រ្គាមបានចាប់ផ្តើមមកលើយើង ដោយក្រុមហាម៉ាស»។ លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់បែបនេះ នៅលើបណ្តាញសង្គម X ក្នុងថ្ងៃទី៨ ខែតុលា ដោយបន្តថា អ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមរយៈពេលយូរ និងពិបាកប្រឆាំងនឹងក្រុមហាម៉ាស។ 
 
ក្រុមហាម៉ាស ជាក្រុមប្រដាប់អាវុធ ដែលគ្រប់គ្រងតំបន់កាហ្សា (Gaza Strip) ស្ថិតនៅភាគខាងត្បូងអ៊ីស្រាអែល។ តំបន់មួយនេះ ភាគច្រើនជាប្រជាជនប៉ាឡេស្ទីន និងមានប្រជាជនប្រមាណ ២លាននាក់។ 
 
បើតាមនាយករដ្ឋមន្រ្តីអ៊ីស្រាអែល យោធារបស់ខ្លួន នឹងបន្តប្រតិបត្តិការដោយគ្មានការរាថយ រហូតដល់គោលដៅ ត្រូវបានសម្រេច។ យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលរូបនេះ មិនបានបញ្ជាក់ពីគោលដៅយោធារបស់អ៊ីស្រាអែលឡើយ។ ត្រង់ចំណុចនេះ លោក ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាស្តារសន្តិសុខសម្រាប់ប្រជាជនអ៊ីស្រាអែលឡើយវិញ ហើយនឹងទទួលជ័យជម្នះ ក្នុងការប៉ះទង្គិចលើកចុងក្រោយនេះ។ 
 
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៨ ខែតុលា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានអះអាងថា កម្លាំងរបស់អ៊ីស្រាអែល បានកម្ទេចក្រុមឈ្លានពានដែនដីខ្លួន មួយផ្នែកធំ ហើយពេលនេះ អ៊ីស្រាអែល បានចាប់ផ្តើមដំណាក់កាលវាយប្រហារហើយ។ មិនតែប៉ុណ្ណោះ អ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារនៅក្នុងតំបន់កាហ្សា និងផ្តាច់ចរន្តអគ្គិសនីទៅក្នុងតំបន់នោះដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។ 
 
មកទល់ពេលនេះ អ៊ីស្រាអែល បានបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស ក្នុងទីតាំងចំនួន ៨កន្លែង ដោយក្នុងនោះមានតំបន់ Zikim ដែលស្ថិតនៅភាគខាងជើងតំបន់កាហ្សាផង។ 
 
ចាប់តាំងពីព្រឹកថ្ងៃទី៧ ខែតុលាមក ក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតប្រមាណ ៥០០០គ្រាប់ ក្រុមយុទ្ធនាការ Operation Al-Aqsa Flood ប្រឆាំងអ៊ីស្រាអែល។ តាមការបញ្ជាក់របស់អ្នកនាំពាក្យយោធាអ៊ីស្រាអែល ក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតចេញពីសមុទ្រ ដី និងអាកាស។ មនុស្សយ៉ាងហោចណាស់ ៥០០នាក់ បានបាត់បង់ជីវិតក្នុងការបាញ់ប្រហារទៅវិញទៅមកនេះ ហើយអ្នករបួសមានជាច្រើនពាន់នាក់។ 
 
ក្រុមហាម៉ាស បានចាប់ផ្តើមចូលមកក្នុងដីអ៊ីស្រាអែល តាមរយៈឆត្រយោង ម៉ូតូ និងទូក ដែលបង្កឱ្យអ៊ីស្រាអែលមានមនុស្សស្លាប់ជាច្រើននាក់ ដែលមិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ។ បន្ថែមពីនេះ ក្រុមហាម៉ាស បានវាយប្រហារទីតាំងជាច្រើន ដែលស្ថិតនៅភាគខាងត្បូងអ៊ីស្រាអែល៕ 
 

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com