កីឡាជាតិ
ជាតិ
ថៃ កំពុងធ្វើការជាមួយប្រទេស៣ ដើម្បីរំដោះប្រជាជនខ្លួនពីក្រុមហាម៉ាស
10, Oct 2023 , 2:53 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ថៃ កំពុងធ្វើការជាមួយប្រទេសចំនួន៣ ដូចជា ហ្ស៊កដានី អេហ្ស៊ីប និងម៉ាឡេស៊ី ដើម្បីរំដោះប្រជាជនខ្លួនដែលត្រូវ​ក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង​។ អនុរដ្ឋមន្រ្តីការបរទេសថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី៩ ខែតុលា។ ស្របគ្នានេះ រដ្ឋាភិបាលថៃ កំពុងស្វះស្វែងនាំប្រជាជនថៃមួយចំនួន ត្រលប់មកប្រទេសវិញផង។

 
យ៉ាងហោចណាស់ប្រជាជនថៃ១៨នាក់ហើយ បានបាត់បង់ជីវិត ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយប្រជាជនថៃចំនួន១១នាក់ផ្សេងទៀត ត្រូវបានក្រុមហាម៉ាស ចាប់ជាចំណាប់ខ្មាំង នៅពេលក្រុមសកម្មប្រយុទ្ធមួយនេះ ចូលមកក្នុងដែនដីអ៊ីស្រាអែល។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលថៃ បានប្តេជ្ញាធ្វើការជាមួយហ្ស៊កដានី អេហ្ស៊ីប និងម៉ាឡេស៊ី ដើម្បីរំដោះប្រជាជនខ្លួនពីដៃក្រុមហាម៉ាស។ 
 
 
«យើងកំពុងសហការជាមួយប្រទេសមួយចំនួន ដែលពាក់ព័ន្ធនឹងប្រទេសចាប់ជនជាតិយើងជាចំណាប់ខ្មាំង ដើម្បីចរចាឱ្យពួកគេ​ដោះលែងជនជាតិយើង»។ លោក Jakkapong Sangmanee អនុរដ្ឋមន្រ្តីការបរទេសថៃ បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែតុលា។ 
 
បើតាមមន្រ្តីក្រសួងការបរទេសថៃរូបនេះ កិច្ចចរចាលើការរំដោះប្រជាជនថៃ ពិតជាមានដំណើរការវិជ្ជមាន។ យ៉ាងណាមិញ អនុរដ្ឋមន្រ្តីការបរទេសថៃរូបនេះ មិនបានបញ្ជាក់បន្ថែមឡើយ។ 
 
ក្នុងសន្និសីទដដែលនោះ លោក Jakkapong បានអះអាងថា ប្រជាជនថៃប្រមាណ ១៤០០នាក់ បានចុះឈ្មោះស្នើសុំការជម្លៀសមកប្រទេសវិញ។ អនុរដ្ឋមន្រ្តីរូបនេះ បានបន្ថែមថា ក្រុមដំបូង ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ នឹងជាប្រជាជនដែលរងរបួស។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
កម្មករថៃចំនួន ៣ម៉ឺននាក់ បានធ្វើការនៅអ៊ីស្រាអែល ដោយ៥ពាន់នាក់ កំពុងបំពេញការងារនៅក្បែរតំបន់កាហ្សាថែមទៀត។
 
ជុំវិញបញ្ហានេះ កម្លាំងទ័ពអាកាសថៃ កំពុងរៀបចំបញ្ជូនយន្តហោះ Airbus 340 និងយន្តហោះដឹកជញ្ជូន C-130 ចំនួន៥គ្រឿង ដើម្បីនាំប្រជាជនថៃមកប្រទេសខ្លួនវិញ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលថៃ នឹងរៀបចំជើងហោះហើរពិសេសផង៕
 

Tag:
 ថៃ
  ហាម៉ាស
  អ៊ីស្រាអែល
  អេហ្ស៊ីប
  ម៉ាឡេស៊ី
  ហ្ស៊កដានី
© រក្សាសិទ្ធិដោយ thmeythmey.com