អន្តរជាតិ
លោកណេតាន់យ៉ាហ៊ូប្រាប់លោកបៃឌិន៖ អ៊ីស្រាអែល កំពុងរួបរួមគ្នាដើម្បីកម្ទេចក្រុមហាម៉ាស
18, Oct 2023 , 10:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (ឆ្វេង) ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងក្រុង Tel Aviv ក្នុងថ្ងៃទី១៨ ខែតុលា។ រូបភាព Screenshot_Reuters
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (ឆ្វេង) ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងក្រុង Tel Aviv ក្នុងថ្ងៃទី១៨ ខែតុលា។ រូបភាព Screenshot_Reuters
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី១៨ ខែតុលាថា​ អ៊ីស្រាអែលកំពុងរួបរួមគ្នា ដើម្បីយកឈ្នះក្រុមហាម៉ាស។ បើតាមលោក ណេតាន់យ៉ាហ៊ូ ការបំផ្លាញក្រុមសកម្មប្រយុទ្ធមួយនេះចោល គឺដើម្បីបង្ការការគំរាមកំហែងមកលើអ៊ីស្រាអែលនៅពេលក្រោយ។



ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១៨ ខែតុលា កំពុងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល និងមានជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ ក្នុងជំនួបនេះ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយធានាទៅកាន់ប្រធានាធិបតីអាម៉េរិកជាថ្មីថា ខ្លួននឹងឈ្នះនៅក្នុងសង្រ្គាមជាមួយហាម៉ាស។ 
 
«ខ្ញុំអាចធានាលោកប្រធានាធិបតីបានថា អ៊ីស្រាអែល គឺរួបរួមគ្នា ដើម្បីកម្ទេចក្រុមហាម៉ាស»។ លោក ណេតាន់យ៉ាហ៊ូ បានថ្លែងនៅចំពោះមុខលោកបៃឌិន និងអ្នកសារព័ត៌មានបែបនេះ ដោយបន្តថា អ៊ីស្រាអែល ចាំបាច់យកឈ្នះក្រុមសកម្មប្រយុទ្ធមួយនេះ ដើម្បីបញ្ចៀសការគំរាមកំហែងមកលើអ៊ីស្រាអែល។ អ៊ីស្រាអែល និងអាម៉េរិក សុទ្ធតែចាត់ទុកក្រុមសកម្មប្រយុទ្ធហាម៉ាស ជាភេរវករ។ 
 
ការគំរាមលុបបំបាត់ក្រុមហាម៉ាសចោលមិនមែនជាលើកទីមួយទេសម្រាប់មេដឹកនាំអ៊ីស្រាអែល។ ជាច្រើនលើកមកហើយ នាយករដ្ឋមន្រ្តី រួមទាំងប្រមុខការពារជាតិអ៊ីស្រាអែល សុទ្ធតែបានប្តេជ្ញាកម្ទេចក្រុមមួយនេះចោល ក្រោយមានការវាយប្រហារនៅថ្ងៃទី៧ ខែតុលា ដែលបង្កឱ្យប្រជាជនអ៊ីស្រាអែលជាច្រើនរយនាក់ បាត់បង់ជីវិត។ 
 
ស្របគ្នានេះ លោក ណេតាន់យ៉ាហ៊ូ ក៏បានអរគុណលោកបៃឌិនផងដែរ ដែលតែងគាំទ្រអ៊ីស្រាអែល ក្នុងការប្រឆាំងនឹងក្រុមហាម៉ាស ក៏ដូចជាគាំទ្រអ៊ីស្រាអែល ក្នុងការការពារខ្លួន។ មេដឹកនាំអ៊ីស្រាអែលរូបនេះ ក៏បានរំឭកពីពាក្យសម្តីរបស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល ផងដែរថា​ ក្រុមហាម៉ាស ជាក្រុមណាហ្ស៊ីថ្មី។ 
 
ជាការឆ្លើយតប ប្រធានាធិបតីអាម៉េរិក បានលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងផ្តល់ឱ្យអ៊ីស្រាអែលគ្រប់យ៉ាង ប្រសិនបើចាំបាច់ក្នុងការការពារខ្លួន ខណៈពេលសង្រ្គាមនៅតំបន់កាហ្សានៅតែបន្ត។ 
 
គិតត្រឹមថ្ងៃទី១៨ ខែតុលា សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស បានឈានដល់ថ្ងៃទី១២ហើយ ដោយអ៊ីស្រាអែល បន្តវាយប្រហារតាមផ្លូវអាកាសលើតំបន់កាហ្សា។ ដំណើរទស្សនកិច្ចរបស់លោកបៃឌិន ធ្វើឡើងស្របពេលមានភាពចម្រូងចម្រាសលើការវាយប្រហារមន្ទីរពេទ្យមួយកន្លែងក្នុងតំបន់កាហ្សា ដែលបង្កឱ្យមានមនុស្សជាច្រើនរយនាក់បាត់បង់ជីវិត៕ 

Tag:
 អ៊ីស្រាអែល
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com