អន្តរជាតិ
ចិន ត្រៀមខ្លួនជាស្រេចដើម្បីធ្វើឱ្យស៊ីចង្វាក់គ្នារវាងគំនិតផ្ដូចផ្ដើមខ្សែក្រវាត់ និងផ្លូវជាមួយយុទ្ធសាស្រ្តបញ្ចកោណ
19, Oct 2023 , 4:19 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង (ស្តាំ) នៅក្នុងខែកញ្ញាកន្លងមក។ រូបភាព Xinhua
សម្តេច ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង (ស្តាំ) នៅក្នុងខែកញ្ញាកន្លងមក។ រូបភាព Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី១៩ ខែតុលា បានប្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជាថា ចិន ត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងភាពស៊ីចង្វាក់គ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាមួយយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះ លោកស៊ី ក៏បានសន្យានាំផលប្រយោជន៍មកកាន់ប្រជាជនកម្ពុជាឱ្យកាន់តែច្រើនផង។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី១៩ ខែតុលា បានជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង បន្ទាប់ពីចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវស ម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបីក្នុងថ្ងៃទី១៧ និង១៨ ខែតុលា។ ក្នុងជំនួបទ្វេភាគី នៅក្នុងទីក្រុងប៉េកាំង មេដឹកនាំប្រទេសទាំងពីរ បានជជែកពីកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសហគមន៍រួម និងសេដ្ឋកិច្ចផង។ 
 
ស្របពេលប្រទេសទាំងពីរមានទំនាក់ទំនងការទូតរយៈពេល ៦៥ឆ្នាំ លោកស៊ី បានប្រាប់សម្តេចថា រដ្ឋាភិបាលក្រុងប៉េកាំង បានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងពីភាពស៊ីសង្វាក់គ្នារវាងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ជាមួយយុទ្ធសាស្រ្តបញ្ចកោណ ហើយនាំការអភិវឌ្ឍរបស់ចិនឱ្យផ្តល់ជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាកាន់តែច្រើន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily។ 
 
យុទ្ធសាស្រ្តបញ្ចកោណ ជាគោលនយោបាយដ៏សំខាន់មួយរបស់រដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧របស់រដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះរបស់កម្ពុជា ដើម្បីសម្រេចចក្ខុវិស័យរបស់ខ្លួននៅឆ្នាំ២០៥០។ 
 
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាយុទ្ធសាស្រ្តមួយរបស់ចិន ដែលបានដាក់ចេញនៅក្នុងឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់លោកស៊ី ជិនភីង ដោយយកគំរូតាមផ្លូវសូត្រសម័យបុរាណ។ ក្នុងពេលបច្ចុប្បន្ន គំនិតផ្តួចផ្តើមមួយនេះ មានគម្រោងប្រមាណ៣០០០ ឯណោះ និងមានទំហំទឹកប្រាក់ប្រមាណ ១ទ្រីលានដុល្លារ។ នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ នៅថ្ងៃទី១៨ ខែតុលា លោកស៊ី បានប្រកាសបន្ថែមទឹកប្រាក់ប្រមាណ១០០ពាន់លានដុល្លារបន្ថែមទៀត ទៅក្នុងគំនិតផ្តួចផ្តើមមួយនេះ។ 
 
មិនតែប៉ុណ្ណោះ សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែតុលា ក៏បានជួបជាមួយសមភាគីចិន លោក លី ឈាំងផង។ ក្នុងជំនួបនេះ លោកលី​បានអះអាងថា ចិនបានត្រៀមខ្លួនរួចហើយ ក្នុងការបន្តមិត្តភាពរវាងកម្ពុជា និងចិន ពីមួយជំនាន់ទៅមួយជំនាន់ ការកសាងមូលដ្ឋានទំនុកចិត្ត ធ្វើឱ្យស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងការគាំទ្រទៅវិញទៅមកលើការការពារអធិបតេយ្យ សន្តិសុខ និងការអភិវឌ្ឍ។ 
 
មិនតែប៉ុណ្ណោះ ចិននឹងពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀតជាមួយកម្ពុជាលើវិស័យដែលទើបលេចឡើងថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មបៃតង និងជួយកម្ពុជាក្នុងការធ្វើទំនើបកម្មបន្ថែមទៀត។ 
 
ជាការឆ្លើយតប សម្តេច បានប្តេជ្ញាបន្តគោរពគោលការណ៍ចិនតែមួយ  រួមទាំងសហការជាមួយចិនឱ្យកាន់តែជិតស្និទ្ធ និងធ្វើការរួមគ្នា ដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕ 
 

Tag:
 ចិន
  កម្ពុជា
  គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់
© រក្សាសិទ្ធិដោយ thmeythmey.com